ទិវានារីអន្តរជាតិ៖ ចលនាបង្ហាញសុដន្ដ ដើម្បីប្រឆាំងអំពើហឹង្សាលើស្ត្រី «ហ្វេមែន»
មានប្រភពដើមពីប្រទេសអ៊ុយក្រែន ចលនាហ្វេមែន (Femen) បានពង្រីកខ្លួនច្រើនឡើងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ នៅក្នុងមាត្រាដ្ឋានអន្តរជាតិ ជាមួយនឹងការធ្វើបាតុកម្ម ដែលក្រុមអ្នកចូលរួម សុទ្ធតែដោះអាវបង្ហាញ «ដើមទ្រូង» នៅកណ្ដាលវាល។ ជាទម្រង់មួយបែបថ្មី ដែលក្រុមអ្នកតវ៉ាទាំងនេះ បានជ្រើសរើសយក ដើម្បីបរិហាអំពើលាក់ពុត នៅក្នុងពិភពលោក ដែលនៅតែចាត់ទុកស្ត្រីជាភេទទន់ខ្សោយ និងជាល្បែងផ្លូវភេទ។
ស្ត្រីសកម្មជន ហ្វេមែន ធ្វើបាតុកម្មនៅទីលាន ត្រូកាដេរ៉ូ ទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងប្រទេសដើមកំណើត សកម្មភាពរបស់ពួកស្ត្រីហ្វេមែន មិនសូវបានទទួលការគាំទ្រទេ ប៉ុន្តែនៅក្រៅប្រទេស ចលនានេះ បានក្លាយជានិមិត្តរូបនៃ ពួកអ្នកនិយមសាធារណរដ្ឋ ប្រឆាំងនឹង«អតីតសហភាពសូវៀត»កុម្មុយនីស។ សកម្មជនជាស្ត្រីទាំងនោះ បានពង្រីកការធ្វើបាតុកម្មរបស់ខ្លួន នៅតាមទីក្រុងធំៗ នៅម៉ូស្គូ និងបណ្ដាប្រទេសនៅអ៊ឺរ៉ុបខាងលិច ដូចជាប៉ារីស ប្រ៊ុយស៊ែល ... និងនៅកណ្ដាលបូរី វ៉ាទីកង់ (Vatican) នោះថែមទៀត។
គំនិតដែលឈានទៅដល់ ការដោះអាវបញ្ចេញ «សុដន្ដ» បានកើតឡើង នៅក្រោយពេលចាប់កំណើត នាឆ្នាំ២០០៨ របស់ចលនានេះបន្តិច។ ក្នុងពេលដែលកំពុងធ្វើបាតុកម្ម សកម្មជនបានសរសេរឃ្លាមួយ នៅលើខ្នងរបស់ពួកគាត់ ដែលមិនមានពាក់អាវ។ ប៉ុន្តេអ្នកថតរូបម្នាក់ បានយករូបថតមួយសន្លឹក ដែលនិយាយពី«ស្ត្រី ហ្វេមែន បញ្ចេញសុដន្ដ» ទៅផ្សព្វផ្សាយ ហើយបានទទួលជោគជ័យ ហួសពីការស្មាន។ តាំងពីពេលនោះមក ពួកគេយល់ថា ជាការចាំបាច់មួយ ក្នុងការអោយសារធារណជន ឆាប់ចាប់អារម្មណ៍ពី«បុព្វហេតុ» របស់ពួកគេ ហើយបន្តិចម្ដង បាតុកម្មដោះអាវ «បញ្ចេញសុដន្ដ» បានក្លាយជាជំនាញ នៅរាល់គ្រប់ការតវ៉ានានា។
ស្ត្រីសកម្មជនទាំងនេះ បានសម្រេចបាននូវគម្រោងការមួយ យ៉ាងពិសេស ដែលធ្វើសម្រាប់ ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេសអ៊ុយក្រែន នៅឆ្នាំ២០១០។ ពេលនោះ ស្ត្រីបួននាក់ បាន«ដោះអាវ» នៅក្នុងការិយាល័យបោះឆ្នោតមួយ ដែលកំពុងត្រៀមចាំទទួលបេក្ខជន និងអនាគតប្រធានាធិបតី វីកទ័រ អ៊ីនូកូវិឆ (Viktor Ianoukovitc)។ លោកអ៊ីនូកូវិឆ ដែលអ្នកសង្កេតការរបស់បស្ចឹមលោក ថាលោកបានជាប់ជាប្រធានាធិបតី មិនស្របតាមលិទ្ធិប្រជាធិបតេយ្យ។
នៅលើទំព័រហ្វេសប៊ុក របសហ្វេមែន បណ្ដាជនច្រើនជាង៩០ពាន់នាក់ បានចូលមកចុចលើ«ចូលចិត្ត» និងបានចាប់ផ្ដើម ចាក់ឬសរីកជាបណ្ដាញមួយ នៅអ៊ឺរ៉ុប។ នៅប៉ារីស បណ្ដាញហ្វេមែន បានបង្កើតការិយាល័យរបស់ខ្លួន នៅខែកញ្ញាឆ្នាំ២០១២កន្លងមកនេះ។ ការិយាល័យនេះ ដឹកនាំដោយសកម្មជនមួយរូប ដែលបានចូលមកជ្រកកោនផ្នែកនយោបាយ ក្នុងប្រទេសបារាំង ដោយភ័យខ្លាចពីការគាបសង្កត់ របស់អាជ្ញាធរក្នុងប្រទេសដើម។
បន្ទាប់ពីនេះមក ស្ត្រីសកម្មជនមួយរូបទៀត ក៏បានរើផ្ទះមកនៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ដើម្បីដឹកនាំចលនានេះ ក្នុងប្រទេសមួយទៀតនៅអ៊ឺរ៉ុប។ នាងអាណា ហ្គូតសូល (Anna Goutsol) អ្នកដឹកនាំម្នាក់ របស់ហ្វេមែន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង ថា«បន្ទាប់ពីអ៊ឺរ៉ុប យើងសង្ឃឹមថា នឹងអាចមានបណ្ដាញបន្តទៅទៀត នៅទ្វីបអាហ្វ្រិកខាងជើង និងអាមេរិកខាងត្បូង»។
ប្រវត្តិវិទូជាច្រើនបាននិយាយថា ហ្វេមែន ជារលកចលនាស្ត្រី ទីបី នៅក្នុងប្រវត្តិសាស្ត្រ។ តែក្នុងពេលបច្ចុប្បន្ន ចលនានេះមិនមានបំណង គ្រាន់តែទាមទារសិទ្ធិស្ត្រីស្មើរភាព ជាមួយនឹងបុរសប៉ុណ្ណោះទេ តែថែមទាំងចង់ធ្វើ«នយោបាយនីយកម្ម» ទៅលើបញ្ហាផ្លូវភេទ និងដើម្បីការពារលទ្ធិប្រជាធិតេយ្យ នោះទៀតផង៕
----------------------------------------
ដោយ៖ ដ.កែវ - ប៉ារីស ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ