អាមេរិក​បដិសេធ​ការ​លើក​ឡើង​ថា ខ្លួន​ផ្ដាច់​ជំនួយ​ផ្នែក​ដោះ​មីន

នៅចំពោះការលើកឡើង ថាសហរដ្ឋអាមេរិក បានផ្ដាច់ជំនួយមនុស្សធម៌ សម្រាប់ការបោសសម្អាតអាវុធមិនទាន់ផ្ទុះ ដោយគ្មានមូលហេតុនោះ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំរាជធានីភ្នំពេញ បានចេញមុខបដិសេធថា នេះមិនមែនជាការផ្ដាច់ជំនួយទេ តែគម្រោងនេះនឹងឈានដល់ទីបញ្ចប់ ក្នុងបំណាច់ឆ្នាំនេះ។ យ៉ាងណាសហរដ្ឋអាមេរិក នៅតែជួយកម្ពុជា តាមរយៈកម្មវិធីប្រកួតប្រជែងមួយ ដើម្បីបន្តគម្រោងនេះទៅមុខទៀត។
អាមេរិក​បដិសេធ​ការ​លើក​ឡើង​ថា ខ្លួន​ផ្ដាច់​ជំនួយ​ផ្នែក​ដោះ​មីន
ទងជាតិអាមេរិក ក្នុងផ្លាកសញ្ញារបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 07, 2017
  • ប្រធានបទ: គ្រាប់មិនទាន់ផ្ទុះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនជាការផ្ដាច់ជំនួយនោះទេ កុំថាឡើយ ដល់ទៅនិយាយថា ជាការផ្ដាច់ជំនួយ ដោយគ្មានមូលហេតុ។ តែគម្រោង នៃការផ្ដល់ជំនួយនេះ នឹងឈានដល់ទីបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះ ជាការលើកឡើងរបស់លោក ដេវីដ ចូសារ (David Josar) អ្នកនាំពាក្យស្ថានទូត​អាមេរិក​ប្រចាំនៅកម្ពុជា ទាក់ទងនឹងការលើកឡើង របស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ដែលអះអាងថា ប្រទេសមហាអំណាច នឹងកាត់ផ្ដាច់ជំនួយ ចាប់ពីដើម​ឆ្នាំក្រោយ។

កាលពីថ្ងៃចន្ទម្សិលម៉ិញ លោក​ ហេង រតនា បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា សហរដ្ឋអាមេរិកបានសំរេច កាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួន មកឲ្យមជ្ឈមណ្ឌលរបស់លោក សម្រាប់បោសសម្អាតអាវុធមិនទាន់ផ្ទុះ ចាប់ពីដើមខែមករាឆ្នាំ២០១៨តទៅ​ ដោយគ្មានការបញ្ជាក់ហេតុផល អ្វីច្បាស់លាស់ឡើយ។ លោក រតនា ដែលជាមន្ត្រីចាត់តាំង របស់រដ្ឋាភិបាលកម្ពុជា បានអះអាងដូច្នេះ ដោយស្រង់ការបញ្ជាក់ឲ្យដឹង ពីសំណាក់អង្គការ «NPA» ដែលជាអង្គការដៃគូរជាមួយសុីម៉ាក់។

លោក ហេង រតនា បានប្រើប្រាស់ឱកាសនេះ ដើម្បីសរសេរជាសារនយោបាយថា៖ «ខ្ញុំមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ​ ជាពិសេសទន្ទឹមពេល ដែលកម្ពុជាកំពុងរុករកឃើញ និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសំណល់អាវុធគីមីរបស់អាមេរិក​ ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូ»។

លោកថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះ​ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែង ដោយសារគ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាមអាមេរិក​ មេត្តាកុំមានការព្រួយបារម្ភ ចំពោះការកាត់ផ្តាច់ជំនួយនេះ​ ព្រោះថាសម្តេចតេជោ​ ប្រមុខរាជរដ្ឋាភិបាល នឹងមិនឱ្យការបញ្ចប់ជំនួយអាមេរិកនេះ​ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់សុីម៉ាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ!»។

ប៉ុន្តែអ្នកនាំពាក្យ​ស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា លោក​ ដេរីដ ចូសារ បានអះអាងថា សហរដ្ឋអាមេរិកមិនបានកាត់ផ្ដាច់ជំនួយទេ តែវាជាគម្រោងមួយ ដែលឈាន ដល់ទីបញ្ចប់របស់វា។ លោកបន្តថា អាមេរិកនៅតែបន្តជួយកម្ពុជា តាមរយៈការបង្កើតកម្មវិធី​ ឲ្យកម្ពុជាប្រកួតប្រជែងយកមូលនីធិ ដើម្បីបន្ត​សម្អាតមីននៅកម្ពុជា ហើយអាមេរិកនឹងពិគ្រោះ ជាមួយរដ្ឋាភិបាលកម្ពុជា មុននឹងប្រកាសជាផ្លូវការ ទាក់ទងនឹងកម្មវិធីនេះ ក្នុងពេលខាងមុខ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ក៏បានសំដែងប្រតិកម្ម ទៅនឹងគម្រោងមិនបន្តជំនួយខាងលើ របស់សហរដ្ឋអាមេរិកដែរ។

 

នៅក្នុងរយៈពេលចុងក្រោយ ពោលគឺរាប់ចាប់តាំងពីដើមឆ្នាំនេះមក រដ្ឋាភិបាលកម្ពុជាបានព្យាយាម និយាយ​ម្ដងហើយម្ដងទៀត ពីវត្តមានគ្រាប់បែក ដែលត្រូវបានរកឃើញ នៅក្នុងខេត្តស្វាយរៀង និងបានអះអាងថា គ្រាប់បែកទាំងនោះ ជាគ្រាប់បែកគីមី ដែលត្រូវបានប្រើប្រាស់ នៅក្នុងសម័យកាលសង្គ្រាម​វៀតណាម ក្នុងទសវត្សន៍ឆ្នាំ៧០ (តាំងពីជាង៤០ឆ្នាំមុន)។

ប៉ុន្តែស្ថានទូត​អាមេរិក បានបដិសេធការលើកឡើងនោះ ដោយពន្យល់ថា គ្រាប់បែក​ដែលកម្ពុជា​ទើបនឹងរកឃើញ គ្រាន់តែជាគ្រាប់​ឧស្ម័ន​បង្ហូទឹកភ្នែកប៉ុណ្ណោះ។ ស្ថានទូតប្រទេសមហាអំណាច នៅបានបរិហារ​​រដ្ឋាភិបាលកម្ពុជា​ទៀត ថាបានភ្ជាប់ករណីមនុស្សធម៌ នៃការបោសសំអាតមីន ឬគ្រាប់មិនទាន់ផ្ទុះទាំងនេះ ទៅនឹងរឿងនយោបាយ ខណៈជំនួយអាមេរិកខាងលើ បានជួយបោសសំអាត គ្រាប់មិនទាន់ផ្ទុះ ដ៏ច្រើនពោរពាស ដែលស្ថិតនៅភាគខាងលិចប្រទេស និងមានគ្រោះថ្នាក់ធំធេង​ ជាងគ្រាប់បែក​ដែលទើបនឹងរកឃើញ​ ក្នងពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...