ប្រធានបក្សអំណាចខ្មែរ ប្ដឹងអតីតប្រធានបក្ស ពីបទបរិហារកេរ្តិ៍
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 14, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដឹងពីបទបរិហារកេរ្តិ៍ ត្រូវបានប្រធានបច្ចុប្បន្ន នៃគណបក្សអំណាចខ្មែរ ដាក់ឡើងទៅស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ប្ដឹងអតីតប្រធាន នៃគណបក្សនេះ។ លោក សួង សុភ័ណ្ឌ ជាប្រធានគណបក្ស បានដាក់ពាក្យបណ្ដឹងនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្តឹងលោក សួន សេរីរដ្ឋា បន្ទាប់ពីអតីតប្រធានគណបក្សរូបនេះ បានចោទប្រធានបច្ចុប្បន្ន ថាជាអ្នកក្លែងបន្លំលិខិតលាលែង ពីប្រធានគណបក្សរបស់លោក (សួន សេរីរដ្ឋា) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃម្សិលមិញ។
លោក សួង សុភ័ណ្ឌ បានអះអាងថា ការដាក់បណ្ដឹងនេះ ធ្វើឡើងដោយបង្ខំចិត្ត។ លោកបានលើកយកមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា មកបញ្ជាក់ថា៖ «គ្រប់ការអះអាងបំផ្លេីស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលេីអំពេីណាមួយ ដែលនាំអោយប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍»។
កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្ស បានធ្វើសន្និសីទសារព័ត៌មានមួយ នាសណ្ឋាគារក្បែរវត្តភ្នំដូនពេញ លើកឡើងថា លោកនឹងដាក់លិខិត ទៅក្រសួងមហាផ្ទៃ ឲ្យបើកការស៊ើបអង្កេត និងពិនិត្យលើលិខិតលាលែង ពីប្រធានគណបក្សអំណាចខ្មែរ របស់រូបលោក (សួន សេរីរដ្ឋា) ដែលលោក សួង សុភ័ណ្ឌ បានដាក់ជូនក្រសួង នៅពេលលោក (សួន សេរីរដ្ឋា) កំពុងជាប់ឃុំ ក្នុងពន្ធនាគារ។
ការចោទប្រកាននេះ ត្រូវបានលោក សួង សុភ័ណ្ឌ សួរបកវិញ តាមសារព័ត៌មានក្នុងស្រុកថា តើលិខិតក្លែងបន្លំហ្នឹង នៅទីណា? លោកថា ខណៈដែលលោក សេរីរដ្ឋា ក្លាយជាអ្នកទោស ក្រសួងមហាផ្ទៃបានបង្ខំ ឲ្យគណបក្សរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយគណបក្សបានរៀបចំប្រជុំ ធ្វើសមាជដែលមានការចូលរួម ពីសមាជិកគ្រប់ខេត្ត-ក្រុង និងមានអ្នកសារព័ត៌មាន ចូលរួមជាច្រើន ដើម្បីធ្វើជាសាក្សី ក្នុងការឯកភាពគ្នា ជ្រើសរើសយកលោក ធ្វើជាប្រធានគណបក្សថ្មីពេញសិទ្ធិ និងតាមច្បាប់ត្រឹមត្រូវ ដោយគ្មានការបន្លំអ្វីទាំងអស់៕