បាល់ទាត់៖ អេនដឺសិនមិនជោគជ័យ ក្នុងអាជីពជាមួយម៉ែនឆេស្ទើ យូណៃធីត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវ័យ ២៤ឆ្នាំរូបនេះ នៅតែមានជំនឿថា គាត់នៅមានសមត្ថភាព អាចចូលលេងឲ្យក្រុម ដែលកំពុងតែនាំមុខគេ លើកំពូលតារាងបាន ហើយគាត់និយាយថា គាត់ត្រូវការចូលលេង ក្នុងការប្រកួតឲ្យបានទៀតទាត់ ដើម្បីបង្ហាញពីភាពប៉ិនប្រសប់របស់គាត់ពិតប្រាកដ។
ខ្សែបំរើរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កីឡាករអេនដឺសិន (Anderson) បានប្រាប់ឲ្យដឹងថា គាត់មានខកចិត្តខ្លាំងណាស់ ចំពោះអាជីពរបស់គាត់ក្នុងទឹកដីអូលត្រាហ្វដ (Old Trafford) ដោយរូបគាត់ពុំសូវបានចូលលេង។
ការចូលរួមប្រកួតកាលពីថ្ងៃច័ន្ទ ក្នុងការប្រកួតអេហ្វអេខាប់ (FA Cup) ជាមួយនឹងក្រុមរីឌីង (Reading) សរុបមក គឺជាវត្តមានលើកទី ១២សំរាប់រូបគាត់ក្នុងរដូវកាលនេះ។ ដោយសារតែ មានកីឡាករ ថម ខ្លេវ៉ឺលី (Tom Cleverley), មីឆែល ខារិក (Michael Carrick), និងខ្សែការពារ កណ្តាល ផីល ចូន (Phil Jones) ក៏អាចលេងជាខ្សែបំរើបានដែរនោះ ដូច្ឆេះធ្វើឲ្យរូបគាត់មាន ឪកាសតិចតួចក្នុងការចូលលេង។
ទោះបីជាយ៉ាងណា យើងកត់សំគាល់ឃើញថា បញ្ហារបួសរបស់កីឡាករអេនដឺសិន គឺជាមូល ហេតុចំបងសំរាប់គាត់ ដែលធ្វើឲ្យខកខានក្នុងការប្រកួតជាច្រើនកន្លងមក។
កីឡាករអេនដឺសិន បាននិយាយប្រាប់ដល់កាសែតអ៊ិនដេផិនដិន (The Independent) ថា «នៅពេលដែលខ្ញុំ ត្រូវដើរទៅមុខ២ជំហ៊ាន វាហាក់ដូចជា ខ្ញុំត្រូវដើរថយក្រោយ ៣ជំហ៊ាន ដែរ។ ខ្ញុំមានបញ្ហាខ្លះៗ ប៉ុន្តែនៅពេល ដែលខ្ញុំមិនមានបញ្ហាទាំងនេះ គឺខ្ញុំដឹងថា ខ្ញុំមាន សមត្ថភាពអាចចូលលេងបាន»។
អេនដឺសិនបានចូលលេងបាន ៦នាទីក្នុងការប្រកួត ១-១ ស្មើជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីថ្ងៃពុធ។ នៅចុងសប្តាហ៏នេះ កីឡាករចូន មិនអាចចូលលេងបានទេ ក្នុងការធ្វើ ដំណើរទៅប្រកួតជាមួយនឹងក្រុមបាតតារាង ឃ្យូភីអរ (QPR) ដូច្នេះធ្វើឲ្យកីឡាករប្រេស៊ីលរូប នេះ មានសង្ឃឹមច្រើនថា នឹងបានចូលលេងក្នុងការប្រកួត នៅថ្ងៃសៅរ៏ខាងមុខ។
កីឡាកររូបនេះបានបន្តថា «គ្រូបង្វឹក អាចប្តូរបានគ្រប់ពេល ហើយនេះជាវិធីសាស្ត្ររបស់ ក្រុមម៉ែនឆេស្ទើ យូណៃធីត។ ប៉ុន្តែនៅក្នុងក្រុមនេះ គ្រប់កីឡាករទាំងអស់ តែងតែចង់លេង ទាំងរូបខ្ញុំ និង កីឡាករដទៃៗទៀតក៏ដូច្ឆោះដែរ»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Goal.com
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ