ស្លាប់៥នាក់និងរបួសច្រើននាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ នាភាគខាងលិចបារាំង
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 20, 2016
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុងតំបន់វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិចប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់ក្រុមអ្នកជួយសង្គ្រោះ និងស្នងការនគរបាលតំបន់។
ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសាបារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះពីក្រុង «Les Sables-d'Olonne» ជាប់មហាសមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុបារាំងឈ្មោះ «FranceBleu» បានបញ្ជាក់ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេសបារាំង តាំងពីច្រើនសប្ដាហ៍មកហើយនោះ ទំនងជាមូលហេតុ ដែលបណ្ដាលឲ្យកើតមាន នូវគ្រោះថ្នាក់ចរាចរណ៍ខាងលើ។
ភ្នាក់ងារជួយសង្គ្រោះមួយរូប បានថ្លែងឲ្យដឹងថា៖ «រថយន្ដជាច្រើនជិត៤០គ្រឿង បានស្ថិតក្នុងឧប្បត្តិហេតុនេះ ក្នុងនោះមានរថយន្ដដឹកទំនិញធុនធ្ងន់ ជាច្រើនគ្រឿងផង។ មនុស្សជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។»។
ក្រុមអ្នកជួយសង្គ្រោះ បាននិយាយឲ្យដឹងទៀតថា រថយន្ដគិលានសង្គ្រោះច្រើនជាង២០គ្រឿង ត្រូវបានបញ្ជូនយ៉ាងប្រញាប់ ទៅកាន់កន្លែងកើតហេតុ។ កន្លែងពិគ្រោះសុខភាពមួយ ត្រូវបានបង្កើតឡើង នៅក្នុងពេលភ្លាមៗ ហើយរថយន្ដសង្គ្រោះ ផ្នែកផ្លូវថ្នល់ជាច្រើនគ្រឿង ក៏ត្រូវបានបញ្ជូនទៅដែរ ដើម្បីជួយរំដោះជនរងគ្រោះជាច្រើននាក់ ដែលកំពុងជាប់ នៅក្នុងរថយន្ដរបស់ពួកគេ។ អាជ្ញាធរបានបញ្ជូនបន្ថែម នូវរថយន្ដក្រុងផ្សេងទៀត ដើម្បីទៅដឹកជញ្ជូនយកអ្នកដំណើរ ដែលគ្មានរបួស ទៅកាន់អាគាររដ្ឋបាល របស់ក្រុងដែលនៅជិតបំផុត។
ស្នងការនគរបាលតំបន់ បានប្រកាសនៅតាមទំព័រទ្វីសធើរ (Twitter) ថា ចរាចរណ៍ទាំងពីរទិស នៅលើដងផ្លូវ «D160» ត្រូវបានបិទជាបណ្ដោះអាសន្ន រហូតលុះត្រាណា ការជម្លៀសជនរងគ្រោះ និងការលើកយកចេញ នូវតួរថយន្ដទាំងអស់ ត្រូវបានធ្វើរួចជាស្ថាពរ៕