ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ីនៅទួរគី ត្រូវនគរបាលម្នាក់បាញ់សម្លាប់
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៩ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 20, 2016
- ប្រធានបទ: បាញ់ប្រហារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី ប្រចាំនៅប្រទេសទួរគី ត្រូវបានបាញ់សម្លាប់ កាលពីរសៀលថ្ងៃចន្ទនេះ ដោយភ្នាក់ងារនគរបាលជាតិទួរគីម្នាក់ កណ្ដាលរដ្ឋធានីអង់ការ៉ា នៅខណៈពេល ដែលមន្ត្រីការទូតរ៉ូស្ស៊ីរូបនេះ កំពុងថ្លែងសុន្ទរកថា ក្នុងពិធីតាំងពិពណ៌សិល្បៈមួយ។ ខ្មាន់កាំភ្លើងបានស្រែក នៅបន្ទាប់ពីធ្វើសកម្មភាពនោះថា ខ្លួនចង់សងសឹក ឲ្យមហាវិនាសកម្មទាំងឡាយ ដែលកើតនៅក្នុងប្រទេសស៊ីរី និងនៅក្រុងអាឡិប ដែលកំពុងត្រូវបានរបបដឹកនាំ របស់ប្រទេសស៊ីរីសព្វថ្ងៃ ដោយមានការគាំទ្រពីប្រទេសរ៉ូស្ស៊ី វាយដណ្ដើមកាន់កាប់មកវិញ ជិតបានជាស្ថាពរហើយនោះ។
លោកឯកអគ្គរដ្ឋទូត អង់ឌ្រៃ ការឡូវ (Andreï Karlov) ត្រូវបានបាញ់សម្លាប់ភ្លាមៗ ដោយគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ជាក់ឲ្យដឹងថា មនុស្សបីនាក់ទៀត នៅក្នុងពិធីតាំងពិពណ៌នោះ ក៏បានរងរបួសដែរ។
នៅក្នុងវីដេអូ ដែលបង្ហាញពីហេតុការណ៍នេះ ហើយដែលត្រូវបានយកមកបង្ហោះ នៅតាមបណ្ដាញសង្គមនោះ បានឲ្យឃើញ ពីជនខ្មាន់កាំភ្លើងបានស្រែកឡើង ជាភាសាអារ៉ាប់រដាក់រដុប និងបន្ទាប់ស្រែកជាភាសាទួរគី ដោយនៅពីមុខនោះ មានរាងកាយរបស់លោកឯកអគ្គរដ្ឋទូត កំពុងដេកដួលស្ដូកស្ដឹង នៅនឹងកន្លែង។ បុរសម្នាក់នោះ ដែលស្លៀកពាក់អាវធំ ចងក្រវ៉ាត់កយ៉ាងស្អាតបាត បានស្រែកថា «Allah Akbar» ជាភាសាអារ៉ាប់ ដែលមានន័យថា «ព្រះអាឡាហ៍ ធំជាងអ្វីទាំងអស់»។ ហើយបន្ទាប់មក ជនដដែលបានស្រែក ជាភាសាទួរគី ចំនួនពីរដងថា៖ «កុំភ្លេចប្រទេសស៊ីរី! កុំភ្លេចក្រុងអាឡិប! នរណាក៏ដោយ ដែលរួមចំណែក ក្នុងអំពើសហាវយង់ឃ្នងនេះ នឹងទទួលលទ្ធផលចុងក្រោយ ម្ដងមួយៗ។»។
» វីដេអូបង្ហាញពីហេតុការណ៍ (អាចប៉ះពាល់អារម្មណ៍)៖
Vidéo complète de l'attentat contre l'ambassadeur russe à #ankara pic.twitter.com/MsxvTMCSm0
— Pierre S. (@FrDesouche) 19 décembre 2016
អភិបាលរដ្ឋធានី អង់ការ៉ា បានបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើ ជាភ្នាក់ងារនគរបាលជាតិទួរគី។ រីឯទីភ្នាក់ងារព័ត៌មាន «Yeni Safak» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ជនសង្ស័យខាងលើជាសមាជិកមួយរូប នៃកងកម្លាំងប្រឆាំងឧក្រិដ្ឋកម្ម។ ការចូលទៅឆែកឆេរ នៅក្នុងលំនៅដ្ឋានរបស់ជននេះ ក៏ត្រូវបានធ្វើភ្លាមៗដែរ ខណៈការស៊ើបអង្កេត កំពុងប្រព្រឹត្តិទៅ ទៅលើចំណុចសង្ស័យ ដែលអាជ្ញាធរគិតថា ជននេះមានជាប់ទាក់ទង នឹងបណ្ដាញក្រុមប្រឆាំងនៅទួរគី។
ទីភ្នាក់ងារព័ត៌មាន «Anadolu» ដែលស្និតនឹងរដ្ឋាភិបាលទួរគីមួយទៀត បានប្រកាសថា ជនខ្មាន់កាំភ្លើង ដែលបានដឹកនាំការបាញ់ប្រហារ ទៅលើលោក អង់ឌ្រៃ ការឡូវ ត្រូវបានបង្ក្រាប នៅក្នុងប្រតិបត្តិការភ្លាមៗនោះ។ ប៉ុន្តែទីភ្នាក់ងារនេះ មិនបានបញ្ជាក់ឲ្យច្បាស់ថា តើជនខាងលើបានស្លាប់ ឬក៏គ្រាន់តែរងរបួសនោះឡើយ។ រូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានឲ្យឃើញថា ជននោះបានត្រូវគ្រាប់កាំភ្លើង ដេកស្ដូកស្ដឹង នៅលើកម្រាលឥដ្ឋ ដែលមើលទៅ ដូចជាគ្មានជីវិត។
ពីរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី «Maria Zakharova» បានបរិហាទង្វើនេះ ថាជាអំពើភេរវកម្ម មុននឹងបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតបានស្លាប់ ដោយសារមុខរបួស មានសភាពធ្ងន់ធ្ងរពេក។ អ្នកស្រីអ្នកនាំពាក្យ បានថ្លែងឲ្យដឹងថា លោក អង់ឌ្រៃ ការឡូវ កើតនៅឆ្នាំ១៩៥៤ ត្រូវបានតែងតាំង ឲ្យក្លាយជាឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី ប្រចាំនៅប្រទេសទួរគី ក្នុងខែកក្កដា ឆ្នាំ២០១៣។ អ្នកស្រីបានបន្តថា៖ «គ្រប់ឃាតករទាំងអស់ នឹងត្រូវរងការពិន័យ»៕