បើករថយន្ដដឹកទំនិញបុកចូលផ្សារាត្រី នៅប៊ែរឡាំង ស្លាប់១២នាក់
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៩ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 20, 2016
- ប្រធានបទ: ភេរវកម្មប៊ែរឡាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនាំពាក្យរបស់នគរបាលរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អ្នកបើកបររថយន្ដដឹកទំនិញ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅបន្ទាប់ពីរថយន្ដដឹកទំនិញមួយគ្រឿងនេះ បានបើកបំបុកចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រីមួយកន្លែង សម្រាប់បុណ្យណូអែល បង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ ក្នុងយប់ថ្ងៃចន្ទទី១៩ ចូលមកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០១៦។ នគរបាលបានបន្ថែមថា មនុស្សម្នាក់ទៀត ត្រូវបានរកឃើញស្លាប់ នៅក្បែរបុរសម្នាក់មុន (ដែលត្រូវបានចាប់ខ្លួន) នៅក្នុងរថយន្ដនោះជាមួយគ្នា។
យ៉ាងណាក៏ដោយ នគរបាលរដ្ឋធានីបានបញ្ជាក់នៅមុននេះ ថាការស៊ើបអង្កេតកំពុងប្រព្រឹត្តិទៅ ដើម្បីព្យាយាមស្វែងយល់ឲ្យច្បាស់ ថាតើបុរសដែលត្រូវបានឃាត់ខ្លួន ពិតជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ដែលពាក់ស្លាកលេខ មកពីប្រទេសប៉ូឡូញ នោះមែន ឬយ៉ាងណា។ ប៉ុន្តែនៅពេលក្រោយមក ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់ថា បុរសនោះ ទំនងពិតជាអ្នកកាន់ចង្កូតរថយន្ដ។
បណ្ដាញផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា បុរសអ្នកកាន់ចង្កូត គឺជាជនអន្តោប្រវេសន៍មកពីប្រទេសស៊ីរី ដែលបានចូលមកក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។ ព័ត៌មាននេះ នៅមិនទាន់ត្រូវបានអះអាងជាផ្លូវការ ដោយនគរបាលអាល្លឺម៉ង់នៅឡើយ។ នគរបាលបានសង្ស័យដំបូងឡើយថា ថាទង្វើនេះ អាចគ្រាន់ជាឧប្បទេវហេតុ មុននឹងដាក់ការសង្ស័យកាន់តែខ្លាំងឡើង ថាជាអំពើភេរវកម្ម។
ប្រភពជាច្រើន បាននិយាយថា រថយន្ដដឹកទំនិញខាងលើ ត្រូវដឹកដែកពីប្រទេសប៉ូឡូញ ចូលមកក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែថាក្រុមហ៊ុននៅក្នុងប្រទេសប៉ូឡូញ បានបាត់ការទាក់ទង ជាមួយរថយន្ដរបស់ខ្លួននេះ តាំងពីល្ងាចថ្ងៃចន្ទម្សិលម៉ិញ។
កន្លែងកើតហេតុនោះទៀតសោធ ជាទីលាន «Breitscheidplatz» ស្ថិតនៅភាគខាងលិច នៃរដ្ឋធានី និងនៅមិនឆ្ងាយប៉ុន្មាន ពីព្រះវិហារកាតូលិក «អនុស្សាវរីយ៍» ដែលរងការកំទេច សឹងតែទាំងអស់ទៅហើយ ក្នុងសង្គ្រាមលោកលើកទីពីរ។ អ្នកសង្កេតការណ៍ជាច្រើននាក់ បានអះអាងថា នៅទីនោះដែលសម្បូរ ទៅដោយមនុស្សដើរកំសាន្ដ មិនអាចផ្ដល់លទ្ធភាព ឲ្យរថយន្ដបើកចូលមក ដោយងាយៗនោះទេ កុំថាឡើយ ដល់ទៅរថយន្ដដឹកទំនិញធុនធ្ងន់ដូច្នេះ។
ប្រទេសអាល្លឺម៉ង់កាន់ទុក្ខ...
អាជ្ញាធរបានស្នើសុំ ទៅបណ្ដាជនអ្នករស់នៅក្នុងរដ្ឋធានី ឲ្យសំងំនៅក្នុងគេហដ្ឋានរៀងៗខ្លួន ប៉ុន្តែបានបញ្ជាក់ នៅពេលបន្តិចក្រោយមក ថាគ្មានអ្វីដែលធ្វើឲ្យជឿថា នឹងអាចមានបញ្ហាផ្សេង បង្កអសន្តិសុខ ដល់ប្រជាជនអាល្លឺម៉ង់នោះទេ។
អគ្គទេសាភិបាលអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា ម៊ែរគែល (Angela Merkel) ត្រូវបានជូនដំណឹង ពីហេតុការណ៍នេះ ដោយក្រសួងមហាផ្ទៃ និងដោយអភិបាលរដ្ឋធានីប៊ែរឡាំង។ លោក «Steffen Seibert» អ្នកនាំពាក្យនៃខុទ្ទកាល័យអ្នកស្រី ម៊ែរគែល បានលើកឡើង នៅលើទំព័រទ្វីសធើរ (Twitter) វាយតម្លៃពីហេតុការណ៍នេះ ថាមានលក្ខណៈ«រន្ធត់» មុននឹងថ្លែងបន្តថា៖ «យើងកំពុងកាន់ទុក្ខ ហើយយើងសង្ឃឹមថា អ្នករងរបួសជាច្រើននាក់ នឹងអាចទទួលបានជំនួយ និងការយកចិត្តទុកដាក់»៕