ក្រុមតាលីបង់ប្រកាសទទួលស្គាល់ភេរវកម្មនៅ ឡាអ័រ (ប៉ាគីស្ដង់) យ៉ាងហោច៦៥នាក់ស្លាប់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៧ មីនា ២០១៦
- កែប្រែចុងក្រោយ: March 27, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅយប់ថ្ងៃអាទិត្យនេះ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ បានកើតឡើង ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» ដែលស្ថិតនៅចំងាយ តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីកន្លែងល្បែងកំសាន្ដសម្រាប់កុមារ កណ្ដាលក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃប្រទេសប៉ាគីស្ដង់។ អ្នកទទួលខុសត្រូវមួយរូប របស់នគរបាល លោក មូស្តាសារ ហ្វេរ៉ូស (Mustansar Feroz) បានថ្លែងឲ្យដឹងថា៖ «ភាគច្រើននៃអ្នកស្លាប់ និងអ្នករបួស ជាស្ត្រី និងកុមារ»។
យកអ្នកកាន់សាសនាគ្រឹស្ទ៍ ជាចំណុចវាយប្រហារ...
តុល្យភាពជាបណ្ដោះអាសន្ន នៅតែបន្តកើនឡើង និងបានឲ្យដឹងថា មនុស្សដែលរងគ្រោះដល់ជីវិត មានរហូតដល់៦៥នាក់ ខណៈមនុស្សរងរបួស មានចំនួនរហូតដល់ ៣៥០នាក់។ លោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុងឡាអ័រ បានថ្លែងឡើងថា កុមារជាង៥០នាក់ បានរងរបួស។ លោកបានឲ្យដឹងទៀតថា កងទ័ពត្រូវបានស្នើ ឲ្យជួយធ្វើអន្តរាគមន៍ និងត្រូវបានបញ្ជូន មកដាក់ពង្រាយភ្លាមៗ នៅជុំវិញតំបន់កើតហេតុ។
ការវាយប្រហារភេរវកម្មដ៏រង្គាល ត្រូវបានប្រកាសទទួលស្គាល់ ដោយក្រុមតាលីបង់ សាខា «Jamaat-ul-Ahrar»។ ក្រុមនេះបានអះអាងត្រង់ៗថា ការវាយប្រហារបានធ្វើឡើងសំដៅ បណ្ដាអ្នកកាន់សាសនាគ្រឹស្ទ៍ ដែលបានប្រមែប្រមូលគ្នា មកជួបជុំនៅក្នុងសួនឧទ្យាន «Gulshan-e-Iqbal» ដើម្បីប្រារព្ធពិធីបុណ្យ ប៉ាក់ (Pâques) នៃសាសនាគ្រឹស្ទ៍។
អ្នកនាំពាក្យរបស់សាខាក្រុមតាលីបង់មួយនេះ បានថ្លែងឡើងថា៖ «យើងចង់ផ្ញើរសារ ទៅនាយករដ្ឋមន្ត្រី ណាវ៉ាស សារីហ្វ (Nawaz Sharif) ដើម្បីប្រាប់ឲ្យដឹងថា យើងបានចូលមកដល់ក្រុង ឡាអ័រ ហើយ។ លោកនាយករដ្ឋមន្ត្រី អាចធ្វើអ្វីតាមចិត្តចង់ តែលោកមិនអាចបញ្ឈប់ពួកយើងបានឡើយ។ សកម្មជនអត្តឃាតរបស់យើង នឹងបន្តការវាយប្រហាររបៀបនេះ ជាបន្តទៅទៀត។»
បណ្ដាជន អ្នកកាន់សាសនាគ្រឹស្ទ៍ នៅក្នុងប្រទេសប៉ាគីស្ដង់ មានចំនួនតិចតួច ប្រមាណតែ២%ប៉ុណ្ណោះ នៅក្នុងប្រទេសមួយ ដែលមានប្រជាជន២០០លាននាក់ សុទ្ធសឹងជាអ្នកកាន់សាសនា អ៊ីស្លាម និកាយ ស៊ូនីត។ ក្រុមអ្នកកាន់សាសនាគ្រឹស្ទ៍ទាំងនោះ តែងរងនូវការវាយប្រហាម្ដងម្កាល ពីសំណាក់ក្រុមជនអ៊ីស្លាមនិយមជ្រុល ដែលប្រដាប់ដោយអាវុធ។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះវិហារជាច្រើន នៅក្នុងក្រុង ឡាអ័រ ក៏ធ្លាប់ត្រូវបានក្រុមជនអ៊ីស្លាមទាំងនេះ ធ្វើការវាយប្រហារដូចគ្នាដែរ។
«ក្រុមឃាតករ ដែលសម្លាប់បងប្អូនប្រុសស្រី និងកូនចៅរបស់យើង»
អគ្គមេបញ្ជាការកងទ័ព របស់ប្រទេសប៉ាគីស្ដង់ លោកឧត្ដមសេនី រ៉ាហៀល សារីហ្វ (Raheel Sharif,) បានថ្លែងឲ្យដឹងថា លោកបានដឹកនាំការប្រជុំ ក្នុងកម្រិតកំពូលមួយ ដើម្បីរៀបចំចម្លើយ តបទៅនឹង«ភេរវកម្មអត្តឃាត»មួយនេះ និងដើម្បីនាំទៅកាន់ទោស នូវ«ក្រុមឃាតករ ដែលសម្លាប់បងប្អូនប្រុសស្រី និងកូនចៅរបស់យើង»។
លោកនាយករដ្ឋមន្ត្រី ណាវ៉ាស សារីហ្វ វិញ បានធ្វើការថ្កោលទោសភេរវកម្មខាងលើ និងបានទទួលទូរស័ព្ទ ចូលរួមការឈឺឆ្អាល ពីដៃគូសន្ទនារបស់លោក គឺនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដា ម៉រឌី (Narendra Modi)។ សេតវិមានវិញ ក៏បានបង្ហាញប្រតិកម្មភ្លាមៗ ដោយប្រកាសថ្កោលទោស ពីភេរវកម្មខាងលើ ថាពោរពេញទៅដោយភាពសហាវយង់ឃ្នង៕