អ្នករាយការណ៍ UN ថាមានការបកស្រាយខុសគ្នា ពីសិទ្ធិនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 28, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានថ្លែងអះអាងថា អ្នកស្រីបានមើលលឃើញ នូវការបកស្រាយខុសគ្នា ពី“សិទ្ធិ និងសេរីភាព”នៅកម្ពុជា ពីស្ថាប័នពាក់ព័ន្ធនានា និងពីការអះអាងដោយផ្ទាល់ ពីប្រជាពលរដ្ឋរងគ្រោះ។ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ដែលត្រូវបានធ្វើ បន្ទាប់ពីបេសកម្មការងារចំនួន៩ថ្ងៃ នៅកម្ពុជា របស់អ្នករាយការណ៍ពិសេសរូបនេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានថ្លែងឡើងថា៖ «ខ្ញុំកត់សម្គាល់ថា ហាក់ដូចជា មានការបកស្រាយផ្សេងៗគ្នាជាច្រើន នៃការកំហិត ដែលមានសម្រាប់សិទ្ធិទាំងនេះ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
អ្នកស្រីបានពន្យល់ថា អ្នកស្រីនឹងបន្តការងារ ពីលោកសាស្រ្តចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែរឌី ដែលបានបង្ហាញសេចក្តីអង្កេត របស់លោក ក្នុងរបាយការណ៍ចុងក្រោយ ដោយបានធ្វើការគូសបញ្ជាក់ ពីបញ្ហាប្រឈមមួយចំនួន ដែលប្រទេសកម្ពុជា បានជួបប្រទះ នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស។ អ្នកស្រី ស្មីត បានថ្លែងឲ្យដឹងថា៖ «សមត្ថភាពរបស់មនុស្សគ្រប់រូប ដើម្បីទទួលបានដំណោះស្រាយ និងសំណង និងរួមចំណែក ដល់ការស្វែងរកដំណោះស្រាយ ចំពោះទំនាស់ដីធ្លី វិវាទការងារ និងជំលោះផ្សេងទៀត ជាញឹកញយ អាស្រ័យលើសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយ ដោយសន្តិវិធី នូវសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ ការជួបជុំ និងការបង្កើតសមាគម។ (...) ការបន្តនូវសន្តិភាព និងស្ថេរភាព វាអាស្រ័យលើថា តើសិទ្ធិនិងសេរីភាពនេះ ត្រូវបានគោរពកម្រិតណា? តើច្បាប់ក្នុងស្រុក ដែលគ្រប់គ្រងសិទ្ធិទាំងនោះ... ត្រូវបានអនុវត្ត សមស្របកម្រិតណា នៅទូទាំងប្រទេស?»
អ្នកស្រីបាននិយាយទៀតថា ទោះជាមានភាពលំបាក ក្នុងការគ្រប់គ្រងសង្គមជាតិ មួយយ៉ាងណាក៏ដោយ ក៏តុល្យភាពរវាងការការពារសិទ្ធិ សេរីភាព និងការរក្សាសណ្តាប់ធ្នាប់ សាធារណៈនេះ ត្រូវតែមានតុល្យភាព និងមានលក្ខណៈសមស្រប ដោយអនុលោម ទៅតាមច្បាប់ជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាចាំបាច់។
អ្នកស្រីថា បញ្ហានេះ អាចនឹងកើតចេញ តាមរយៈការមិនបានដាក់ ឬយកចិត្តទុកដាក់ លើស្ថាប័នចំនួនបី ដែលត្រូវតែឯករាជ្យពីគ្នា (អង្គនីតិបញ្ញតិ្ត អង្គនីតិប្រតិបត្តិ និងតុលាការ) ហើយអ្នកស្រី បានស្នើឲ្យស្ថាប័នតុលាការ បង្ហាញពីភាព(មាន)ឯករាជ្យរបស់ខ្លួន ដើម្បីធានា និងការពារ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រី បានថ្លែងឡើងថា៖ «ពង្រឹងបន្ថែមទៀត នូវនីតិរដ្ឋ ការអភិវឌ្ឍន៍ និងធានាឯករាជ្យភាព របស់ស្ថាប័នទាំងឡាយ ដែលមានតួនាទីជាក់លាក់ ក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសស្ថាប័នតុលាការ... ដែលមានសារៈសំខាន់ ក្នុងការកសាងប្រទេសជាតិ បែបប្រជាធិបតេយ្យ និងមានស្ថេរភាព ដែលប្រជាពលរដ្ឋកម្ពុជាប្រាថ្នាចង់បាន។ (...) ត្រូវគិតគូ ដោះស្រាយ និងយកចិត្តទុកដាក់ នូវរាល់ការមិនពេញចិត្តជាទូទៅ (របស់ប្រជាពលរដ្ឋ) រួមទាំងបញ្ហាវិវាទដីធ្លី និងវិវាទការងារ។»
អ្នកស្រី រ៉ូណា ស្មីត បន្តថា យ៉ាងណា ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង នៅកម្ពុជានេះ អ្នកស្រីចង់ណែនាំខ្លួន ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងដៃគូពិភាក្សាដទៃទៀត ព្រមទាំងដើម្បីស្វែងរកការពិត ពីបញ្ហា«សិទ្ធិមនុស្ស»នៅកម្ពុជា។ អ្នកស្រីក៏បានធ្វើការសរសើរ ចំពោះការអភិវឌ្ឍន៍នៅកម្ពុជាផងដែរថា បានធ្វើក្នុងល្បឿនមួយ ដែលហួសពីការរំពឹងទុក ហើយកម្ពុជាកំពុង បំពេញតួនាទីមួយដ៏លេចធ្លោ នៅក្នុងចំណោមបណ្តាប្រទេស នៃសមាគមអាស៊ាន រួមទាំងពិភពលោកទាំងមូល។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រី (ជាភាសាខ្មែរ និងអង់គ្លេស) ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ដែលត្រូវបានចែកជូន ដល់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅក្នុងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានេះ បានអះអាងបន្តថា អ្នកស្រីនឹងបន្តពិនិត្យមើល ការអនុម័តច្បាប់នៅកម្ពុជា ពិសេសច្បាប់ ដែលរដ្ឋាភិបាលទើបតែបានអនុម័តថ្មីៗនេះ ដូចជា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាដើម រួមទាំងសេចក្តីព្រាងច្បាប់ ដែលមានឥទ្ធិពលលើ «សិទ្ធិមនុស្ស» ដូចជា ច្បាប់ស្តីពីសហជីព ច្បាប់ប្រឆាំង នឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណែត ក៏ដូចជាបន្តពិនិត្យមើល ពីសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំ រួមទាំងការអនុវត្តច្បាប់អង្គការ និងច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី របស់កម្ពុជាជាដើម។
អ្នករាយការណ៍ពិសេសបានថ្លែងឲ្យដឹងទៀតថា៖ «ការអប់រំ ស្តីពី សិទ្ធិមនុស្ស គឺជាកូនសោរមួយ ក្នុងការធានាឲ្យមានយុត្តិធម៌ និងសមធម៌ សម្រាប់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត។ (...) ការធានាឲ្យមានការផ្សព្វផ្សាយ ទៅកាន់ក្មេងៗ យុវជន មន្រ្តីអនុវត្តច្បាប់ សមាជិករដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធតុលាការ នឹងជួយកម្ពុជាឲ្យប្រសើរឡើង ក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស។»
សូមរំលឹកថា អ្នកស្រី រ៉ូណា ស្ម៊ីត ត្រូវបានតែងតាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក្នុងខែមីនា ឆ្នាំ២០១៥។ នេះជាការតែងតាំង«ស្រ្តី»លើកទីមួយ ក្នុងមុខតំណែងជាអ្នករាយការណ៍ពិសេស និងផ្តល់ប្រឹក្សាយោបល់ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីអ្នករាយការណ៍មុន លោក សុរិយា ប្រាសាទស៊ូប៊ែឌី បានបញ្ចប់អណត្តិរបស់លោក។ ទស្សនកិច្ចផ្លូវការរបស់អ្នកស្រី ជាលើកដំបូងនៅកម្ពុជានេះ បានចាប់ពីថ្ងៃទី១៦ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានរយៈពេលសរុប៩ថ្ងៃ។
ក្នុងខែកញ្ញា ឆ្នាំ២០១៥ ថ្មីៗនេះ តាមរបាយការណ៍ ដែលចេញដោយវិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ (IBAHRI) បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងដាក់សម្ពាធ លើប្រព័ន្ធតុលាការនៅកម្ពុជា។ វិទ្យាស្ថានសិទ្ធិមនុស្ស ដែលមានស្នាក់ការកណ្តាល នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេសនេះ បានផ្តល់ជាអនុសាសន៍ មករាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌កម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការដាក់សម្ពាធ ផ្នែក «នយោបាយលើប្រព័ន្ធតុលាការ» និងបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាប្តេជ្ញា ធានានិងការពារការបែងចែកអំណាច ឲ្យដាច់ពីគ្នា នៃស្ថាប័នទាំងបី ស្របតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសខ្លួន៕
----------------
» សន្និសីទសារព័ត៌មានទាំងស្រុង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដូចខាងក្រោម៖