សម្ភាស៖ អក្សរ​យួន សំខាន់​ជាង​អក្សរ​ខ្មែរ​ឬ?

ចំពោះផ្លាកយីហោ ឬបដាជាសារធារណៈ នៅលើទឹកដីកម្ពុជា ជាគោលការណ៍ គឺត្រូវដាក់អក្សរខ្មែរ នៅ​ខាង​លើ និង​ធំ​ជាង​ជា​និច្ច។ ចម្លែកតែរថយន្ដក្រុង ដែលចររាចរណ៍នៅរាជធានីភ្នំពេញ មានស្លាកលេខ​ក្នុងប្រទេស​កម្ពុជា បែរ​ជា​ដាក់​អក្សរ​ខ្មែរ នៅ​ខាង​ក្រោម និង​តូចជាងអក្សរយួនទៅវិញ។ សូមតាមដានកិច្ចសម្ភាសខ្លីមួយ ជាមួយ​អ្នក​ជំនាញ​ខាង​អក្សរ​សាស្ត្រ ដូច​ខាង​ក្រោម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៩សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅត្រង់ជំពូកទី១ មាត្រា៥បានចែងថា៖ «ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ»។ ដោយឡែករថយន្ដ​ក្រុង​មួយគ្រឿង ស្លាកលេខ ភ្នំពេញ ៣C-៦៨៥៧ ដែលជាស្លាកលេខនៅកម្ពុជា និងដែលបានចត នៅតាមបណ្តោយផ្លូវ ព្រះសីហនុ ជាផ្លូវ​សាធារណៈ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ មាន​សរសេរ​បីប្រភេទ នៅពីលើផ្នែកខាងមុខ ។ អក្សរធំៗ នៅលើគេបង្អស់ ជាអក្សរយួន (ទំនងជាឈ្មោះក្រុមហ៊ុន PHUONG TRINH) ខណៈអក្សរខ្មែរ «កម្ពុជា វៀតណាម» ត្រូវបានដាក់នៅខាងក្រោម និងមានកំហុស​អក្ខរាវិរុទ្ធ​នោះទៀត (សរសេរថា វៀគណាម មិនមែន វៀតណាម)។ បន្ទាប់មក នៅជួរខាងក្រោមបង្អស់ ទើប​មាន​អក្សរអង់គ្លេស សរសេរដាក់ថា «Cambodia Vietnam»។

តាមប្រសាសន៍របស់លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សសាស្ត្រជាតិ និងវប្បធម៌ខ្មែរ និងជាមន្ត្រី​នៃក្រុមជំនុំព្រះត្រៃបិដក បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយថា៖ «ជា​គោលការណ៍ទីមួយ របស់រដ្ឋាភិបាល គឺត្រូវដាក់អក្សខែ្មរ នៅខាងលើ នៅតាមបដាផ្សព្វផ្សាយ ឬយីហោ​ក្រុមហ៊ុន​នានា ជាសាធារណៈក្នុងប្រទេសកម្ពុជា។ គោលការណ៍ទីពីរ គឹដាក់ឲ្យអក្សរខ្មែរ ឲ្យមានលក្ខណៈ​ធំ​ជាង ជាដាច់ខាត ទោះស្មើរ ក៏មិនអនុញ្ញាតដែរ។»

ប្រធានសមាគមទ្រទ្រង់អក្សសាស្ត្រជាតិរូបនេះ បានបន្ថែមទៀតថា វាជារឿងមួយខុសស្រឡះ បើសិនជាមាន ការសរសេរអក្សរខ្មែរ នៅខាងក្រោមអក្សរបរទេស ហើយបិទផ្សាយជាសាធារណៈនោះ។ លោកមាន​ប្រសាសន៍​ថា៖ «អត់ត្រូវទេ ទោះជាអក្សរខ្មែរនៅខាងលើក៏ដោយ ក៏មិនឲ្យមានទំហំ តូចជាងអក្សរ​បរទេស​ដែរ»។ ចំពោះរូបលោក ជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរម្នាក់ លោកយល់ថា បើមានរូបភាពបែបនេះ ហើយ​សារធារណៈជន​ឃើញ គឺវាផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែង។

ទស្សនាវដ្ដីកំពុងស្វែងរកការបកស្រាយ ពីក្រុមហ៊ុនម្ចាស់រថយន្ដក្រុងនេះ ដើម្បីចង់ដឹងពីមូលហេតុ​នៃការ​ដាក់​អក្សរយួន ខាងលើ និងធំជាង អក្សរខ្មែរបែបនេះ។ នៅពេលទទួលបាន ការបកស្រាយ នោះទស្សនាវដ្ដី​នឹង​ចុះ​ផ្សាយ ក្នុងអត្ថបទខ្លួនលើកក្រោយ។

យ៉ាងណាក៏ដោយ លោក ទូច គឹមស្រ៊ាង បានបញ្ជាក់ទៀតថា លោកសង្កេតឃើញ ការប្រើប្រាស់ ទាំងភាសា និងអក្សរសាស្ត្រខ្មែរ នាពេលបច្ចុប្បន្ននេះ មិនត្រូវបានយកចិត្តទុកដាក់ និងផ្តល់តម្លៃនោះទេ។ ក្នុង​នាម​ពលរដ្ឋ​ទាំងអស់គ្នា ជាកូនខ្មែរ ជាអ្នកស្រឡាញ់វប្បធម៌ អក្សសាស្រ្តខ្មែរ ត្រូវតែរួមគ្នាថែរក្សាតម្លៃ នៃកាសរសេរ​ទាំង​នេះ ឲ្យបានយូរអង្វែង។ បើដាក់អក្សរខ្មែរ នៅខាងក្រោម ហើយដាក់អក្សរបរទេស នៅខាងលើដូចនេះ គឺ​ជា​ទង្វើ​មួយ​លើក​ដំកើងវប្បធម៌របទេស ហើយជាន់ពន្លិចវប្បធម៌ខ្មែរ នៅលើទឹកដីខ្លូនឯងដូច្នេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...