ចេញពីក្លិប បុកជញ្ជាំងផ្លូវ ខ្ទេចឡានបាឡែនទាំងកណ្តាលយប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 20, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ០១ រំលងអាធ្រាត យប់ថ្ងៃទី១៩ ចូលមកព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តដែលបង្ករគ្រោះថ្នាក់នេះ ម៉ាកកាមារីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AD-3004 ត្រូវបានគេស្គាល់ថា បើកបរដោយក្មេងស្ទាវម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលមានសភាពស្រវឹងស្រឿងៗ ទំនងចេញពីក្លិប។
អ្នកដែលឃើញហេតុការណ៍នេះ បានបញ្ជាក់ថា ដំបូងគេឃើញ រថយន្តមួយគ្រឿងនេះខាងលើ បើកយ៉ាងលឿន តាមបណ្តោយជាតិលេខ២ ក្នុងគោលដៅពីជើង ទៅត្បូងយ៉ាងលឿន ស្រាប់តែមកដល់ កន្លែងកើតហេតុខាង មុខ«ឃ្លីក្លិប» រថយន្តបានរេចង្គូត ទៅបុកនឹងជញ្ជាំងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យថ្មជញ្ជាំងផ្លូវ បាក់បែកជាពីរ-បីកំណាត់។ ចំណែករថយន្ដវិញ បានរងការខូចខាត ផ្នែកខាងមុខ ស្ទើរទាំងស្រុង រីឯម្ចាស់រថយន្ត មិនមានគ្រោះថ្នាក់អ្វី ធ្ងន់ធ្ងរនោះទេ។
នគរបាលចររាចរណ៍ ដែលបានចុះអន្តរាគម៍ នៅក្នុងករណីគ្រោះថ្នាក់នេះ បានឲ្យដឹងថា គ្រោះថ្នាក់ទាំងកណ្តាលយប់ខាងលើ មិនមានបង្ករ ឲ្យអ្នកធ្វើដំណើរនៅក្បែរនោះ មានគ្រោះថ្នាក់ទេ គឺឡានបង្ក បើករេចង្គូត ចូលមកបុកទ្រូងផ្លូវ តែម្នាក់ឯង។ លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីបានធ្វើការវាស់វែងរួចរាល់ ក្រុមមន្ត្រីចររាចរណ៍បានស្ទូច យករថ្តយន្តបង្កនេះ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ។
តាមរបាយការណ៍ចុងក្រោយ របស់សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា ជនបង្កបញ្ជាក់ថា ទើបនឹងចេញពីក្លិប ដូចជាការសន្និដ្ឋាន របស់អ្នកឃើញហេតុការណ៍មែន៕