ឆក់បុគ្គលិកអគ្គិសនីកម្ពុជាពីរនាក់ ម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 18, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ ឈ្មោះ នូជា ពន្លឺ អាយុជាង៣០ឆ្នាំ មិនទាន់មានគ្រួសារទេ សព្វថ្ងៃជាបុគ្គលិក នៅអគ្គិសនីកម្ពុជា។ ចំនែកឯបុរសម្នាក់ ដែលឡើងទៅជួយមិត្តរួមអាជីព ហើយត្រូវឆក់ខ្លួនឯងដែរនោះ ឈ្មោះ រឹម សុវណ្ណារ៉ា ជាអ្នកធ្វើការជាមួយគ្នា នៅក្នុងគោលដៅ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រធានក្រុមការងារ ដែលធ្វើការតបណ្ដាញ នៅតំបន់នោះ លោក ហៀង ស័ក្កសិទ្ធ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា ដំបូងជនរងគ្រោះ មិនទាន់មានគ្រោះថ្នាក់ដល់ជីវិតទេ ព្រោះអ្នកឡើងទៅជួយនោះ បានសង្គ្រោះមកដល់ដីហើយ តែពេលប៉ុន្មាននាទីក្រោយមក គាត់បានស្លាប់ ពេលបញ្ជូនទៅ មិនទាន់ដល់មន្ទីរពេទ្យផង។ លោកបានបន្តថា អ្នកដែលឡើងទៅជួយជនរងគ្រោះ ក៏មានគ្រោះថ្នាក់ដែរ តែគ្រាន់តែសន្លប់ មិនបាត់បង់ជីវិតទេ នៅក្នុងនោះ ក្រុមរបស់លោក មានគ្នា០៤នាក់ ទាំងរូបលោកផ្ទាល់។ បច្ចុប្បន្នអ្នករងគ្រោះ កំពុងសម្រាក នៅមន្ទីពេទ្យឯកជនមួយ ឈ្មោះ សម្ភពជោគជ័យ។
ចំនែកឯសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនបន្ត ទៅវត្តទួលសង្កែរ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។ សាច់ញាតិសពម្នាក់បានឲ្យដឹងថា ជនរងគ្រោះសព្វថ្ងៃ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ សាច់ញាតិរូបនេះ មិនបានបញ្ជាក់ថា ខាងអគ្គិសនីកម្ពុជា នឹងផ្តល់ជាជំនួយ ប៉ុន្មានទៅកាន់បុគ្គលិក ដែលជាជនរងគ្រោះ ដល់ជីវិតនៅពេលធ្វើការនោះទេ។ បុរសជាសាត់ញាតិ បានបញ្ជាក់ថា លោកកំពុងតែទៅទទួលសព នៅវត្តទទួលសង្កែរ៕