ពីកេ កីឡាករក្រុមអ្នកមានបុណ្យ ជំនាញខាងកាត់សំណាញ់ទី
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី ០៧ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 08, 2015
- ប្រធានបទ: ប្លែកៗ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការកាត់យកសំណាញ់ទី នៃទីលានបាល់ទាត់ របស់កីឡាករ ហ្សេរ៉ា ពីកេ កាន់តែធ្វើឲ្យគេឯង ឆ្ងល់ឡើងហើយ។ កាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា បន្ទាប់ពីជ័យជំនះ របស់ក្រុមបាសឺឡូន ហើយក្រុមអ្នកមានបុណ្យ របស់ប្រទេសអេស្ប៉ាញ លើក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលីរួច កីឡាករខ្សែរការពារ ពីកេ ដ៏ល្បីឈ្មោះ មិនបានចូលទៅអបអរសាទរ ជាមួយកីឡាកររួមក្រុមនោះទេ។ ប៉ុន្តែទស្សនិកជន នៅក្នុងពហុកីឡាដ្ឋាន អូឡាំពិក នៃរដ្ឋធានី ប៊ែរឡាំង ដែលមកទស្សនាការប្រកួត វគ្គផ្ដាច់ព្រ័ត្រ យកជើងឯកអ៊ឺរ៉ូប ឆ្នាំ២០១៥ រវាងក្រុមទាំងពីរ បែរជាបានឃើញកីឡាករ ពីកេ កំពុងកាត់សំណាញ់ទី យ៉ាងស្ងប់ស្ងៀមទៅវិញ។
ទម្លាប់ថ្មីនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងជាងថតរូបជាច្រើន ផ្តិតយករូបភាព មកផ្សាយ បង្កឲ្យចម្ងល់ មានកាន់តែខ្លាំងឡើង សម្រាប់ពិភពបាល់ទាត់។ អ្នកផងគិតថា អបអរជ័យជំនះ លោតហោរកញ្ជៀវ ... មិនសំខាន់ទេ សម្រាប់កីឡាករ ដែលមានមិត្តស្រី ជាតារាចម្រៀងល្បីឈ្មោះ នាង សាគីរ៉ា (Sakira) រូបនេះ។ តែគឺសំណាញ់«ទី»ឯណោះទៅវិញ ទេ ដែលកីឡាករល្បីឈ្មោះចាប់អារម្មណ៍ ហើយកំពុងធ្វើការកាត់វាចេញ ពីបង្គោលយ៉ាងផ្ចិតផ្ចង់។
ប៉ុន្តែករណីនេះ មិនមែនជាលើកទីមួយទេ ព្រោះកាលពីសប្ដាហ៍មុន នៅពេលដែលក្រុមអ្នកមានបុណ្យ បានឈ្នូះពានរង្វាន់ស្ដេច នៅក្នុងប្រទេសអេស្ប៉ាញរួចមក កីឡាករយើងក៏បានធ្វើ ដូចគ្នាអញ្ចឹងដែរ។
ហើយរូបខាងក្រោម បើគេរំលឹកពីឆ្នាំមុនៗ…
ក្នុងពេលនេះ គេនៅមិនទាន់ដឹងថា តើកីឡាករចង់ធ្វើអ្វី ជាមួយនឹងសំណាញ់ទី ដែលបានកាត់ចេញនេះនៅឡើយ។ ប៉ុន្តែបណ្ដាជន អ្នកប្រើប្រាស់បណ្ដាញសង្គម បានយករឿងនេះ មកធ្វើជារឿងកំប្លែង ចំអករួចជាស្រេចហើយ។ ខ្លះថា កីឡាករកាត់សំណាញ់នេះ ដើម្បីទុកធ្វើសំពត់រ៉ូប ឲ្យនាង សាគីរ៉ា ជាមិត្តស្រីរបស់កីឡាករ៖
ខ្លះថា កីឡាករកំពុងត្រៀម ថតឃ្លីបចម្រៀងថ្មី របស់នាង សាគីរ៉ា៖
ចំណែកអ្នកខ្លះថា កីឡាករចង់លេងរចនាម៉ូដ ដូចនាង សាគីរ៉ា៖
អ្នកខ្លះទៀតថា ធ្វើអញ្ចឹង ទើបមានអ្នកតាមថតរូបច្រើនជាងធម្មតា៖