ខ្មែរលើ ហ្វេសប៊ុក ចូលរួមចលនា រួមរំលែកទុក្ខ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: March 12, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចយើង បានដឹងរួចមកហើយ ពីព្រឹត្តិការណ៍រត់ជាន់គ្នា នៅលើស្ពានកោះពេជ្រ កាលពីឆ្នាំ ២០១០ កន្លងទៅ ក្នុងឱកាសបុណ្យ អ៊ុំទូកនាទីក្រុងភ្នំពេញ ដែលខ្មែរៗ មានគណនី នៅលើ ហ្វេសប៊ុកជាពិសេស យុវជនៗ ជាបន្តបន្ទាប់បានដោត ទង់ពណ៌ខ្មៅ សឹងតែគ្រប់ៗគ្នា នៅតាមទំព័រមុខរបស់ពួកគេ។ គឺជាការចូលរួម ឈឺឆ្អាល នឹងចូលរួមរំលែកទុក្ខ ខណៈដែលមានបញ្ហា ទុក្ខព្រួយ ក្នុងថានៈ ជាឈាមខ្មែរដូចគ្នា។
ជាថ្មីម្តងទៀត ហើយជាងពេលណាៗទាំងអស់ ដែលខ្មែរៗ ទាំងនោះ នៅលើ ហ្វេសប៊ុក បានបង្ហាញសាជាថ្មី នូវសាមគ្គីធម៌ ចូលរួមជួយរំលែកទុក្ខ ដល់មិត្តភ័ក្ររបស់ពួកគេម្នាក់ ដែលទើបនឹងចែកដ្ឋានទៅ កាលពីម្សិលមិញ ដោយអំពើប្លន់សម្លាប់មួយ ។ សារចូលរួមរំលែកទុក្ខ បានចុះសឹងតែ នៅគ្រប់ទីកន្លែងណា ដែលមានការផ្សព្វផ្សាយ នូវពត៌មាននេះ។ អ្នកខ្លះបានយកព្រឹត្តិការណ៍ ទៅបន្តចុះផ្សាយ ក្នុងទំព័មុខ នៃគេហទំព័ររបស់ពូកគេ រៀងៗខ្លួន ។ អ្នកខ្លះទៀត ថែមទាំងបានតែងជា កំណាព្យដើម្បីឧទ្ទិសដល់ អ្នក ដែលគេទាំងអស់គ្នានោះ យល់ថាបានស្លាប់ ទាំងអាយុខ្លី និងដោយខ្វះ ការរកអយុត្តិធម៌ តាមរយះអាជ្ញាធរ តំណាងអោយច្បាប់ ។
កញ្ញា ហោន ចន្រ្ទា អាយុ ២៤ឆ្នាំ ជានិស្សិតសកល វិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្ត ឆ្នាំទី៤ ដែល នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅខែកក្កដា ខាងមុខនេះទៅហើយ ត្រូវក្រុមចោរបាញ់សម្លាប់ ប្លន់យកម៉ូតូ ខណៈរូបនាងជិះម៉ូតូចេញពី សាលារៀន។ គេហទំព័រ របស់កាសែតដើមអំពិល បានចេញផ្សាយដំណឺងនេះ អោយដឹងកាលពីថ្ងៃអាទិត្យទី ១១ មិនា កន្លងទៅថា នារីរងគ្រោះរួមនឹងមិត្តភក្តិ ម្នាក់ទៀតជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីសាលារៀន ឆ្ពោះទៅផ្ទះជួលរបស់ខ្លួន លុះដល់ចំណុចកើតហេតុ ខាងត្បូងវិទ្យាល័យសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោងប្រមាណជា ៨ និង ៣០នាទីយប់ ស្រាប់តែក្រុមជនល្មើស បានជិះម៉ូតូមកពីក្រោយ ហើយបាញ់ជនរងគ្រោះ មួយគ្រាប់ រួចពួកវាបានប្លន់ យកម៉ូតូសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ យកជិះទៅបាត់។
កញ្ញា ហោន ចន្រ្ទា ជាជនរងគ្រោះ នេះត្រូវក្រុមជនល្មើស បាញ់មួយគ្រាប់ចំឆ្អឹងខ្នង ត្រូវបានគេបញ្ជូនមក សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី ។ តែដោយសារតែ អាការជំងឺងធ្ងន់ធ្ងរពេកនោះ នារីរងគ្រោះបានដាច់ខ្យល់ស្លាប់ នាវេលាម៉ោងប្រមាណ ៩-១០យប់ថ្ងៃ ដដែលនេះ។
គេហទំព័រ ដដែល បានលើកពី ករណីបាញ់ប្លន់សម្លាប់ ជារឿយៗ « ដែលបានកើតមានស្ទើរតែ រាល់ថ្ងៃទៅហើយ តែវិធានការពី កម្លាំងសមត្ថកិច្ចរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋហាក់ គ្មានទាល់តែសោះ »។
តាមរយះ ហ្វេសប៊ុក ដែលមិត្តភ័ក្រជាច្រើន របស់ កញ្ញា ហោន ចន្រ្ទា បានចូលរួមរំលែកទុក្ខនោះ គេក៏បានឃើញផងដែរ ពីប្រតិកម្មថ្កោលទោស យ៉ាងខ្លាំងសំបើមមួយ ប្រឆាំងអំពើ ចោរកម្ម ប្លន់ ដែលកើតឡើង ដូចជាគ្មានលោះថ្ងៃសោះ ក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ពួកគេមិនត្រឹមតែ ខឹងនឹងពពួកចោរប្លន់ ចោរលួច ទាំងនោះទេ តែភាពក្ដៅក្រហាយនេះ ក៏បានរោលរាលជាខ្លាំងដែរ ចំពោះអាជ្ញាធរ មានសមត្ថកិច្ចខ្មែរ ដែលមើលទៅ ដូចជាទុកអោយ អំពើបោះបាញ់សំលាប់ យ៉ាងងាយៗនេះ នៅតែកើតមានដដែល ជាដដែល ក្នុងសង្គមសព្វថ្ងៃ។ ពួកគេបានចោទ ពីអសមត្ថភាព និងភាពពុករលួយស៊ីរូងផ្ទៃក្នុងរបស់ ស្ថាប័នប្រតិប័ត្រច្បាប់ ទាំងឡាយរបស់ ប្រទេសកម្ពុជា ដូចជាភ្នាក់ងារនគបាល ចេញមកធ្វើការ គឺដើម្បីតែរកប្រាក់ដាក់ហោប៉ៅ តែប៉ុណ្ណោះ នោះជាដើម។
ទស្សនាវដ្ដី មនោរម្យ ព័ងអាំងហ្វូ សូមចូលរួម រំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយគ្រួសារ និងមិត្តភ័ក្រ របស់ជនរងគ្រោះ ហើយក៏សូមថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះអំពើ ប្លន់កាប់សំលាប់ ទាំងឡាយនេះប្រឆាំង ជនស្លូតត្រង់។ ទស្សនាវដ្ដី មនោរម្យ ព័ងអាំងហ្វូ នឹងចុះផ្សាយអត្ថបទវិភាគមួយ ដែលនឹងសាកល្បងពន្យល់ អំពីឬសគល់ មែកធាង និង ផ្លែផ្កា នៃអំពើប្លន់ កាប់សំលាប់ ដែលកើតមាននៅក្នុងសង្គមបច្ចុប្បន្ន ដើម្បីទុកជាការពិចារណា អោយដល់ជនរួមជាតិ និងអ្នកដឹកនាំខ្មែរ ៕
ដោយ ទស្សនាវដ្ដី មនោរម្យ ព័ងអាំងហ្វូ
Photo profile facebook de Mlle HORN Chantrea