មេធាវីថា ថោង សារ៉ាត់ បដិសេធការចោទរបស់តុលាការ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 24, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យឈ្មោះ ថោង សារ៉ាត់ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច បានបន្តរដំណើររបស់ខ្លួន ដោយមិនខ្វល់នឹងការចោទសួរ ពីអ្នកសារព័ត៌មានណាម្នាក់ ដូចឪពុកម្តាយ របស់លោកឡើយ។ លោកក៏ត្រូវបានសមត្ថកិច្ច នាំបញ្ចូលក្នុងឡាន ស្លាកលេខ «ន.ប» ដែលឈប់រង់ចាំ ក្បែរជណ្តើរតុលាការស្រាប់ និងបញ្ជូនទៅឃុំខ្លួន បន្តទៀត នៅពន្ធនាគារព្រៃសវិញភ្លាម។
ដោយឡែកមេធាវី ការពារក្ដីរបស់លោក ថោង សារ៉ាត់ ដែលមានវត្តមានក្នុងការសាកសួរនោះ ក៏បានព្យាយាមគេចចេញ ពីអ្នកសារព័ត៌មាន និងមិនបានធ្វើអត្ថាធិប្បាយ នៃការសួរដេញដោល របស់តុលាការឡើយ ហើយក៏មិនបានបញ្ជាក់ ពីការចោទប្រកាន់ថា យ៉ាងណានោះដែរ។ តែមេធាវីម្នាក់ បានត្រឹមនិយាយថា តុលាការសាកសួរព័ត៌មានបន្ថែម លើព័ត៌មានចាស់ ដែលនៅសេសសល់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា មេធាវីការពារលោក ថោង សារ៉ាត់ មានប្រាំរូប រួមមាន លោក គា អ៊ាវ, លោក ឈុន វីនីតា, លោក ស៊ី សត្យា, លោក លឹម វណ្ណា ដែលមានវត្តមាន ក្នុងការសាកសួរ នាថ្ងៃទី២៣ ខែមេសា ម្សិលម៉ិញនេះ រីឯមេធាវី អ៊ុំ ប៊ុនធឿន បានអវត្តមាន។
តែក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងព្រឹកថ្ងៃទី២៤ ខេមេសា នេះ លោក មេធាវី គា អ៊ាវ បានបញ្ជាក់ប្រាប់ថា លោក ថោង សារ៉ាត់ នៅចំពោះមុខតុលាការ នៅតែបង្ហាញ ពីគោលជំហររបស់ខ្លួន និងបដិសេធ នូវការចោទប្រកាន់របស់តុលការ ដូចពេលមុនៗដដែល។ ប៉ុន្តែចំពោះនីតិវិធីរបស់តុលាការ យ៉ាងណានោះ លោកសុំមិនបញ្ជាក់ជូនឡើយ ដោយលោកសំអាងហេតុថា សំណុំរឿងកុំពុងស្ថិតក្នុងការអង្កេត និងនីតិធីធ្វើការ របស់តុលាការ។ យ៉ាងណា លោកគ្រាន់តែបង្ហើបឲ្យដឹងថា ការសាកសួរថ្ងៃម្សិលម៉ិញនេះ គ្រាន់តែបន្ថែមលើការសាកសួរ កាលពីថ្ងៃទី១៧ ខែមេសា ដែលជាការសាកសួរលើកទីមួយ។
លោកមេធាវី គា អ៊ាវ បានបន្ថែមទៀតថា៖ «ធម្មតារឿងវាធំ ការសារសួរ វាមិនទាន់អស់ទេ។ តុលាការយល់ថា ត្រូវតែបំពេញតាមតួនាទីខ្លួន ត្រូវតែអង្កេត និងសួរឲ្យអស់នូវចំងល់ទាំងឡាយ ដែលឆ្ងល់ និងសួរបន្ថែមអ្វី ដែលនៅចន្លោះប្រហោង។»
យ៉ាងណា លោកមេធាវី បានបញ្ជាក់ថា ពេលកន្លងមក ជាគំនិតរបស់លោក ចង់ស្នើឲ្យតុលាការ បញ្ជូនអង្គរក្សទាំងបួនរបស់លោក ថោង សារ៉ាត់ មកឆ្លើយតទល់ នៅចំពោះមុខគ្នា ជាមួយនឹងកូនក្តីរបស់លោក ថោង សារ៉ាត់។ លោកបានបន្តថា តែនេះ គ្រាន់តែជាគំនិត កាលពីពេលមុនប៉ុណ្ណោះ។ សម្រាប់បច្ចុប្បន្ន និងទៅអនាគត លោកនៅមិនទាន់មានការរៀបចំឯកសារ ឬនីតិវិធីយ៉ាងណាឡើយ តែលោកនឹងគិតពិភាក្សា ជាមួយសហភាពមេធាវីដទៃទៀត នាពេលក្រោយ ថានឹងត្រូវបន្ត តាមនីតិវិធីណា?
ចំណែកមេធាវីបីរូបផ្សេងទៀត និងលោកចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះ លោក លី សុខលេង ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម បានឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ និងការសុំមិនធ្វើអត្ថាធិប្បាយ ព្រោះសំអាងថា ស្ថិតនៅក្នុងនីវិវិធីស៊ើបអង្កេត។
សូមរំលឹកថា ព្រោះតែករណីរឿងឃាតកម្មនេះ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានដកហូតដំណែង បន្ទាប់ពីចៅក្រមស៊ើបអង្កេមួយរូប បានធ្វើការដោះលែង ឪពុកម្ដាយ លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងរឿងព្រហ្មទណ្ឌនោះ។ ការដោះលែងនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្ម និងមិនសុខចិត្ត ព្រមទាំងបានបញ្ជា ឲ្យអាជ្ញាធរពាក់ព័ន្ធ តាមចាប់ខ្លួនមកឃុំបន្តវិញ៕
សូមទស្សនាវីដេងូខាងក្រោម៖