ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីតាមដានស្រមោលយន្ដហោះ (vdo)
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 19, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេរកគិតមិនយល់ថា ហេតុអ្វីក៏យន្ដហោះ ប៊ូអីង (Boeing 777) មួយទាំងមូល ដែលមានបណ្ដោយដល់ទៅ ជិត១០០ម៉ែត្រ (ប្រវែងពិត ពី៦៣ ទៅ៧៤ម៉ែត្រ) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាត់ខ្លួនទៅ ដោយមិនបានទុក ស្លាកស្នាមអ្វីសោះអញ្ចឹង? នេះហើយជាចំងល់ របស់បណ្ដាលអ្នកស្រាវជ្រាវ ខាងសុវត្ថិភាពអាកាសចរណ៍ នានាក្នុងពិភពលោក ហើយខិតខំធ្វើយ៉ាងណា ដើម្បីរកឲ្យបាននូវដំណោះស្រាយដ៏ប្រសើរមួយ។
ក្រុមហ៊ុន ស៊ីតា (Sita) ដែលជំនាញខាងការផ្គត់ផ្គង់ និងបំពាក់ ផ្នែកបច្ចេកវិទ្យា បានចេញផ្សាយនៅសប្ដាហ៍មុន ពីប្រព័ន្ធចាប់រលក របស់យន្ដហោះ មួយប្រភេទ ដែលអាចតាមដាមយន្ដហោះ នៅរៀងរាល់១៥នាទីម្ដង។ ប្រព័ន្ធនេះ មានឈ្មោះហៅថា៖ AIRCOM® FlightTracker។
តាមពិតទៅ ប្រព័ន្ធនេះ មិនមានអ្វីត្រូវមកបំពាក់បន្ថែម ឲ្យតួយន្ដហោះ នោះទេ ព្រោះវាបានប្រើប្រាស់ សម្ភារៈដែលមានរួចជាស្រេច នៅក្នុងយន្ដហោះ។ ប៉ុន្តែផ្ទុយទៅវិញ ប្រព័ន្ធ AIRCOM® FlightTracker នឹងជួយបន្ថែមគុណភាព ខាងការបញ្ជូន និងទទួលទិន្នន័យដ៏ច្រើន ទាក់ទងជាមួយមណ្ឌលផ្ទុក (serveurs) ACARS។ គឺសញ្ញាជាទិន្នន័យទាំងនេះហើយ ដែលបានខ្វះ នៅក្នុងការស្រាវជ្រាវ តាមរកយន្ដហោះបាត់ខ្លួន MH370។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ ដំបូងគេ គឺ ម៉ាឡេស៊ីអ៊ែរឡាញ និងសាំងហ្គាពួរអ៊ែរឡាញ បានទិញបច្ចេកវិទ្យានេះ ពីក្រុមហ៊ុន ស៊ីតា។ ប៉ុន្តែក្រុមហ៊ុនជំនាញមួយនេះ នៅមិនទាន់បញ្ចប់ត្រឹមនេះទេ តែចង់បង្កើឲ្យប្រព័ន្ធចាប់ស្រមោលយន្ដហោះមួយទៀត ដែលស្ថិតនៅជាឯករាជ្យ ពីក្រុមហ៊ុនម្ចាស់យន្ដហោះ និងមិនមានបំពាក់ នៅក្នុងយន្ដហោះ។ ដំណោះស្រាយនេះ នៅស្ថិតជាគម្រោងនៅឡើយ ដោយក្រុមហ៊ុន ស៊ីតា កំពុងជជែកជាមួយ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (OACI) អំពីចំណុចមួយចំនួន ទាក់ទងនឹងការប្រកាសអាសន្ន នៅពេលយន្ដហោះ ជួបបញ្ហាមិនស្រួល៕