មួយ​ថ្ងៃ​នៅ​ភ្នំពេញ អំពើ​ប្លន់​កើត​ឡើង​៣កន្លែង អារ​ក​ស្លាប់​មួយ

តើត្រូវសរសេរចាប់ផ្ដើមពីចំណុចណាមុន បើគេបានបើកភ្នែកឡើង ឃើញតែរឿងអាក្រក់យ៉ាងនេះ នៅកណ្ដាលបេះដូង នៃ​រាជា​ណាចក្រ​មួយ ដែលក្រុមអ្នកដឹកនាំបានអួតអាងថា ប្រកបដោយសុខសន្តិភាព ពេញបរិបូណ៌នោះ? អំពើប្លន់បានកើតឡើងបីកន្លែង គ្រាន់តែនៅក្នុងថ្ងៃតែមួយ ហើយក្នុងនោះ មានមួយកន្លែង មានដល់ថ្នាក់អារ ក សម្លាប់​ជន​រង​គ្រោះ​ផង​ទៀត។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៧ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 18, 2015
  • ប្រធានបទ: សន្តិសុខ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកមានសម្ភារៈល្មមៗ ត្រឹមតែម៉ូតូមួយគ្រឿង ខ្សែរក ឬទូរស័ព្ទ ដែលរស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវនៅតែក្នុង​ផ្ទះ​រហូត ឬយ៉ាងណា? ចម្លើយខ្លីបំផុត ហើយស្រួលយល់ទៀត៖ ទេ! គ្រាន់តែនៅពេលចេញក្រៅ ត្រូវយ៉ាងហោច​មាន​អង្គរក្ស ឆ្វេងស្ដាំ ដើម្បីតាមការពារ និងបន្លាចគេឯងផង! ព្រោះបើមិនអញ្ចឹងទេ មិនដឹងថា តើយប់ស្អែក ឬខានស្អែក នឹង​ដល់វេន ប៉ះចំលើនរណាទៀតឡើយ។

ករណីប្លន់ ឬសង្ស័យថា ជាករណីប្លន់ យ៉ាងហោចចំនួន៣បានកើតឡើង នៅក្នុងថ្ងៃទី១៧ ខែមីនា ម្សិលម៉ិញនេះ។ ករណី​ទីមួយ បានកើតឡើង កាល​ពី​​វេ​លា​​ម៉ោង ២​​និង​៣​០ នា​ទី រំ​ល​ង​អ​ធ្រា​ត្រថ្ងៃទី១៦ ឈា​ន​ចូល​​ថ្ងៃ​ទី​​១៧ ខែ​មី​នានេះ ទៅ​លើ​មនុស្សមួយក្រុម ដែលមានគ្នាដល់ទៅ៤នាក់ ជិះម៉ូតូស្គូពី ពីរគ្រឿង នៅតាមបណ្តោយ​ផ្លូវ​លេខ​១៤១ ស្ថិតក្នុង​សង្កាត់ ​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​ ជន​រងគ្រោះទាំងបួន ប្រុសម្នាក់ និងស្រីបីនាក់ ដែល​ត្រឡប់មកពី​ដើរលេង នៅ​កោះ​ពេជ្រ​វិញ មកដល់​មុខផ្ទះ ​ស្រាប់តែ​ជនសង្ស័យ៤​នាក់ ជិះ​ម៉ូតូ ២គ្រឿង ប្រដាប់​ដោយកាំភ្លើងខ្លី ២​ដើម បានធ្វើ​សម្មភាព ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ ទាំង ២​គ្រឿង ហើយ​នាំគ្នា ជិះ​គេចខ្លួនបាត់​។​

ករណីទីពីរ កើតចំទៅលើម​ន្ត្រី​នគ​រ​បា​ល ប្រ​ឆាំង​​ភេ​រវ​កម្ម នៃក្រ​សួង​ម​ហា​ផ្ទៃតែម្ដង​ នៅតាមបណ្ដោយ​ផ្លូវ​១០៥ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាល​ពី​​វេលា​ម៉ោង ២​និង​៣០ នាទី រំលងអាធ្រាតថ្ងៃទី១៦ ​ឈានចូល​ថ្ងៃទី​១៧ ខែ​មីនា។ ប្រភព​ព័ត៌មាន នៅផ្ទាល់កន្លែង បានឲ្យដឹងថា មន្ត្រីរូបនេះឈ្មោះ សំ គង់ ក្នុងវ័យ៥១ឆ្នាំ បានចេញពីខារ៉ាអូខេ ទំនង​ជាស្រវឹង រួចដើរត្រឡប់​ទៅផ្ទះ​វិញ ក៏​ត្រូវ​​ចោរ​​មួយ​ក្រុម មានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ៣គ្រឿង ស្ទា​ក់​វាយ​​ប្លន់​​ ហើ​យ​​គេច​​ខ្លួន​បាត់​ស្ងាត់ឈឹង។ ទ្រព្យសម្បត្តិ៍ដែល​បាត់​បង់ មានលុយ​អស់ ១២២០​ដុល្លារ ខ្សែក​ប្លា​ទីន បណ្តោង​ព្រះ​ទំងន់ ៥​ជី ទូរស័ព្ទដៃ ១​គ្រឿង និង​កាត​សំគាល់​ខ្លួន មន្ត្រីនគរបាល ១ច្បាប់។

ចំណែកឯករណីទីបី ដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ បានកើតឡើង នៅក្រោយមន្ទីរពេទ្យឯករាជ្យ ភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅនឹងកន្លែង បានរាយការណ៍មកថា បុរសម្នាក់ ត្រូវជនមិន​ស្គាល់​មុខ ប្រើកាំបិតចុងស្រួច អារកសម្លាប់ យ៉ាងអាណោចអាធម សង្ស័យប្លន់យកម៉ូតូ កាលពីវេលាម៉ោង ១៩ និង​៣០​នាទី ក្នុងយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ ខែមីនា​នេះ។ ជនរងគ្រោះ មិនទាន់ត្រូវបានអាជ្ញាធរ ដឹងពីអត្តសញ្ញាណនៅឡើយ តែគេគ្រាន់តែដឹងថា ជាអ្នករត់ម៉ូតូឌុប។

នៅគ្រប់ករណី គេតែងឃើញសេចក្ដីរាយការណ៍ថា អាជ្ញាធរនគរបាល នៅតាមកន្លែងកើតហេតុ បានទទួលពាក្យ​បណ្ដឹង និងកំពុងស្វែងរកចាប់ខ្លួន ជនបង្ក។ ប៉ុន្តែរបាយការណ៍ ដែលសម្បូរហូរហៀរ តែនៅក្នុងក្រដាសនេះ មិនពិបាក​សរសេរទេ។ តែសួរថា តើសមត្ថភាពចាប់ចោរ និងស្រាវជ្រាវរកចោរ របស់ក្រុមសមត្ថកិច្ចរាជធានីទាំងនោះ មានដល់​កម្រិតណា បើប្រៀបធៀប ទៅនឹងការសម្រេចលទ្ធផល នៃការចាប់ជនល្មើស មកផ្ដន្ទាទោស ក្នុងពេលកន្លងមកនោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...