នាង ផល្លា នាំមុខការបោះឆ្នោតជាគ្រូឆ្នើមពិភពលោក សម្រាប់ទឹកប្រាក់១លានដុល្លារ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មីនា ២០១៥
- កែប្រែចុងក្រោយ: March 15, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកគ្រូ នាង ផល្លា ជាបេក្ខភាពមួយរូប ក្នុងចំណោម ១០នាក់ចុងក្រោយ សម្រាប់ទទួលពានរង្វាន់ គ្រូឆ្នើមពិភពលោក Global Teacher Prize ដែលមានទឹកប្រាក់ ១ លានដុល្លារសហរដ្ឋអាមេរិក។ លទ្ធផលចុងក្រោយ នៃពានរង្វាន់គ្រូឆ្នើម ពិភពលោក នឹងត្រូវប្រកាសនៅទីក្រុងឌូបៃ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។
ក្នុងការបោះឆ្នោត តាមរយៈបណ្តាញអ៊ីនធើណេត អ្នកគ្រូបានវ៉ាដាច់បេក្ខជនឆ្នើមដទៃទៀត។ អ្នកគ្រូទទួលបានសម្លេងគាំទ្រ រហូតដល់ជាង៤២ពាន់នាក់ លើបេក្ខជនទាំង៩រូបទៀត ដូចជា លោក Azizullah Royesh មកពីប្រទេស អាហ្វហ្កានីស្ថាន លោកស្រី Kiran Bir Sethi មកពីប្រទេស ឥណ្ឌា លោក Guy Etienne មកពីប្រទេស ហៃទី លោកស្រី Jacqueline Jumbe Kahura មកពីប្រទេស កេនយ៉ា លោកស្រី Nancie Atwell មកពីសហរដ្ឋអាមេរិក លោក Richard Spencer មកពីចក្រភព អង់គ្លេស លោក Stephen Ritz មកពីសហរដ្ឋអាមេរិក លោកស្រី Naomi Volain មកពីសហរដ្ឋអាមេរិក និង លោក Madenjit Singh មកពីប្រទេស ម៉ាឡេស៊ី។
អ្នកគ្រូ នាង ផល្លា គឺជាគ្រូបង្រៀនទីមួយ សម្រាប់កុមារពិការភ្នែក នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៣។ អ្នកគ្រូ គឺជានាយិការ និងជាគ្រូបង្រៀន កុមារពិការភ្នែក និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំ កុមារពិការភ្នែកនៅកម្ពុជា។ អ្នកគ្រូ នាង ផល្លា ជាបេក្ខនារីមួយរូប ដែលត្រូវបានចំរាញ់ ចេញពីបេក្ខជន ជាគ្រូបង្រៀនឆ្នើម សរុប៥០០០នាក់ មកពី១២៧ប្រទេស ដែលការប្រកួតប្រជែង ពានរង្វាន់គ្រូឆ្នើមពិភពលោក Global Teacher Prize។ ការប្រកួតប្រជែងនេះ បានចាប់ផ្តើមជ្រើសរើស តំាងពីខែកក្កដា ២០១៤មកម្ល៉េះ៕