រឿងពិតនៃរូបថត «គង់ហែន ជិះលើ ល្វាចេក ហោះ»
- ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០៣ មិនា ២០១៥
- កែប្រែចុងក្រោយ: March 04, 2015
- ប្រធានបទ: ធម្មជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាងថតរូបអាជីព លោក ម៉ាទីន លីម៉េ បានពន្យល់ប្រាប់សារព័ត៌មាន Huffington Post ចម្រុះភាសា ចេញផ្សាយ ក្នុងប្រទេសអង់គ្លេសថា ឈុតឆាកដែលលោក បានប្រទះឃើញផ្ទាល់នឹងភ្នែកនេះ បានកើតឡើង ខណៈលោកកំពុងដើរកំសាន្ដ ជាមួយនឹងភរិយាលោក។ លោកចង់ឲ្យភរិយាលោកអាចមើល សត្វល្វាចេក យ៉ាងហោចណាស់ ក៏ជាលើកទីមួយដែរ។
លោក ម៉ាទីន បាននិយាយទៀតថា៖ «នៅពេលដែលយើងកំពុងតែដើរ យើងបានឮសម្លេងស្រែក ដ៏ស្រួយមួយឡើង ហើយខ្ញុំបានមើលឃើញដំបូង តែសត្វស្លាប ពណ៌បៃតងមួយប៉ុណ្ណោះ»។
ល្វាចេក បានចុះមកលោតលេង នៅលើស្មៅ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីពីរនាក់ប្ដីប្រពន្ធនេះ ដែលកំពុងមើលវា ដោយសារកែវយិត។ រំពេចនោះ ស្រាប់តែ គង់ហែន មួយក្បាលបានចេញមកសង្គ្រប់ ទៅលើ ល្វាចេក បំណងចាប់សត្វស្លាបជាចំណី បង្កជាជម្លោះប្រតាយប្រតប់គ្នាឡើង ដែលធ្វើឲ្យសត្វ ល្វាចេក ចាំបាច់ត្រូវហោះដកខ្លួនចេញ។ តែដឹងអី សត្វ គង់ហែន តោងនៅពីលើខ្នង ល្វាចេក ជាប់។
ជម្លោះស្លាប់រស់
រូបថតរបស់លោក ម៉ាទីន បង្ហាញពី គង់ហែន តោងខ្នង ល្វាចេក ធ្វើដំណើរឡើងលើអាកាស ត្រូវបានបង្ហោះ ហើយបង្កភាពរញ្ជួលចិត្ត ដល់អ្នកទស្សនា ព្រោះវាមានលក្ខណៈធម្មជាតិ ដ៏គួរឲ្យស្រឡាញ់។ ប៉ុន្តែ បើគេដឹងពីការពិតវិញ វាមិនអញ្ចឹងទេ តែជាជម្លោះស្លាប់រស់ រវាងសត្វទាំងពីរ។
សត្វទាំងឡាយ នៅក្នុងធម្មជាតិ (ខុសពីមនុស្ស) កម្រនឹកឃើញ ពីមនោរសញ្ចេតនាណាស់ ជាពិសេស នៅពេលដែលសត្វមួយ យល់ថាសត្វមួយទៀត ជាចំណីរបស់វា។ យ៉ាងណាក៏ដោយ ក៏ដំណើរឡើងលើអាកាស របស់សត្វទាំងពីរ បានប្រព្រឹត្តិទៅ តែមួយពព្រិចភ្នែកប៉ុណ្ណោះ ដោយទំនងជាសត្វទាំងពីរ បានដឹងថាមានមនុស្ស នៅក្បែរវា។ គង់ហែន បានព្រលែង ល្វាចេក ហើយគេខ្លួនទាំងសោកស្ដាយ ចូលក្នុងគម្ពោធស្មៅ ខ្ពស់ៗបាត់ស្រមោល ខណៈឯ ល្វាចេក បានរួចខ្លួនពីគ្រោះអាសន្ន ហើយហោះចេញទៅបាត់ដែរ៕