ប្រវត្តិ​​អង្គរ ជា​រូប​មាន​ចលនា ដោយ​គេហទំព័រ​ប៊ែលហ្សិក​មួយ

ដើម្បីជាប្រយោជន៍ ទៅដល់ទេសចរណ៍ ឬអ្នកស្រាវជ្រាវថ្មីថ្មោង ដែលចង់ស្គាល់ និងយល់ពីអង្គរ គេហទំព័រ​មួយ​នៅ​ប្រទេស​ប៊ែលហ្សិក បានបង្កើតជារូបភាពមានចលនាមួយ បង្ហាញពីដំណើរវិវត្តនៃអង្គរ រវាងពីឆ្នាំ១១៤០ មកទល់នឹងឆ្នាំ១៤៣២។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 23, 2015
  • ប្រធានបទ: ប្រវត្តិសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការវិវត្តន៍ឡើង នៃវិស័យទេសចរណ៍ពិភពលោក បានធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗ ចង់ធ្វើដំណើរទៅកំសាន្ត និង​ចង់ទៅរកឃើញអ្វីដែលប្លែកៗ ឬអ្វីៗ ដែលមានជាប់មកជាមួយ នូវប្រវត្តិសាស្ត្រដ៏រំជួលចិត្ត។ ហើយដើម្បីជាជំនួយ ដល់​ការស្វែងចង់ដឹងចង់ឃើញ ពីសំណាក់អ្នកទេសចរណ៍នោះផង គេហទំព័រមួយដែលបង្កើតឡើង ដោយជនជាតិ​ប៊ែលហ្សិក​ពីរនាក់ បានបង្កើតនូវគំនិតមួយ គួរឲ្យចាប់អារម្មណ៍៖ នោះគឺប្រមូលនូវប្រវត្តិត្រួសៗ នៃរាជធានីបូរាណអង្គរ មកដាក់បង្ហាញជារូបភាពមានចលនា សម្រាប់ពន្យល់ឲ្យដឹងជាគោលៗ ពីការវិវត្តន៍នៃអតីតរាជធានីដ៏ធំមួយនេះ រវាង​ពីឆ្នាំ១១៤០ មកទល់នឹងឆ្នាំ១៤៣២។ ពោលគឺចាប់ពីពេល ដែល អង្គរ បានក្លាយជារាជធានីនៃចក្រភពខ្មែរ រហូតមក​ដល់​ពេល ដែលអង្គរបានដួលធ្លាក់ ដោយការឈ្លានពានពីបរទេស។

គេហទំព័រ របស់អ្នកស្រី វ៉េរ៉ូ (Vero) និងលោក អេឌី (Eddy) ដែលមានអាស័យដ្ឋាន veroeddy.be បានបញ្ចេញ​រូបភាព​មានចលនានេះ នៅលើទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងមក។ នៅក្នុងទំព័រនោះ គេឃើញមានការ​ពន្យល់​ពីប្រវត្តិរាជធានីអង្គរ យ៉ាងខ្លីប្រមាណជា២០បន្ទាត់ (ភាសាបារាំង) ដូចជាថា សម័យកាលអង្គរបានចាប់ផ្ដើម ពីឆ្នាំ៨០២ ក្នុងរជ្ជកាលព្រះបាទជ័យវរន្ម័នទី២ ហើយរាជធានីនេះបានធ្វើការអភិ​វឌ្ឍន៍ខ្លួន អស់រយៈពេលជាង៦០០ឆ្នាំ មុននឹង​ធ្លាក់​ចុះថមថយ។ ប៉ុន្តែយ៉ាងហោចណាស់ អតីតរាជធានីបូរាណរបស់ខ្មែរ បានស្គាល់ភាពរីកចម្រើនដល់កំពូល នៅក្នុង​សតវត្សទី១២ ក្រោមរជ្ជកាលរបស់ព្រះបាទសូរ្យវរន្ម័នទី២ និងព្រះបាទជ័យវរន្ម័នទី៧។

បើតាមជនជាតិបរទេសទាំងពីររូប ដែលចូលចិត្តធ្វើដំណើរ ទៅសិក្សាស្រាវជ្រាវ និងរុករកនៅតាមតំបន់ ដ៏ពិសេសៗក្នុង​ពិភពលោក បានសរសេរនៅលើទំព័រដដែលថា ការធ្លាក់ចុះនៃរាជធានីអង្គរ ឬនិយាយតាមបូរាណវិទូថា ជាការដួល​រំលំ​នៃ​អរិយធម៌អង្គរ នៅចុងសតវត្សទី១៣នោះ បណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដែលគេអាចសរុបមកនិយាយ តែ​ពីរ​ចំណុច​សំខាន់៖

- ឥទ្ធិពលដ៏ខ្លាំងក្លា នៃវាយដណ្ដើមកាន់កាប់ របស់ជនជាតិម៉ុងហ្គោល នៅលើពិភពលោក និងនៅក្នុងតំបន់ បាន​ជំរុញ​ឲ្យជនជាតិសៀម យួន និងចាមរត់ និងរំកិលទឹកដី ចូលមកក្នុងព្រំដែននៃចក្រភពខ្មែរ។

- ការវិវត្តន៍ជឿនលឿន នៃសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម បានបង្ខំឲ្យមានការរំកិលទីក្រុង មករកកន្លែងដែល​មាន​លក្ខណៈ​ពិសេស និងល្អប្រសើរជាង ដូចជានៅភ្នំពេញ និងអាយុធ្យា ជាដើម។

អត្ថបទនោះ ពន្យល់ទៀតថា នៅចំពោះការឈ្លានពានមិនឈប់ ពីបរទេស បានធ្វើឲ្យខ្មែរបោះបង់ចោល រាជធានីដ៏​ល្អ​ស្អាតរបស់ខ្លួន ទាំងទុកចោល នូវសំណង់ប្រាសាទមួយចំនួន សង់មិនទាន់រួច។ ដំណើរបោះបង់ មិនវិលត្រឡប់វិញនេះ ចេះតែកើតមានរហូត លុះត្រាខ្មែរបានមកបោះរាជធានីរបស់ខ្លួន នៅភ្នំពេញក្នុងសតវត្សទី១៥។ នៅឆ្នាំ១៧៩៤ អង្គរ​បាន​ធ្លាក់ចូលទៅក្នុងដៃ របស់ចក្រភពសៀម ហើយត្រូវរងចាំរហូតដល់ឆ្នាំ១៩០២ ទើបទីក្រុងបូរាណនេះ បានវិលត្រឡប់​មករាជាណាចក្រដើមវិញ ក្រោមសន្ធិសញ្ញាមួយ រវាងបារាំងដែលជាអាណាព្យាបាលខ្មែរ និងសៀម កាលពីសម័យ​នោះ។

» ដើម្បីទស្សនារូបភាព ដែលមានចលនា ស្ដីពីប្រវត្តិអង្គរ នៅលើគេហទំព័រប៊ែលហ្សិក សូមចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...