ឡាយអ៊ិន៖ ទីបំផុត ខ្ញុំត្រឹមតែជា«សត្វក្របី»សម្រាប់នាង
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 18, 2014
- ប្រធានបទ: តារាទូរទស្សន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈដែលគូរស្វាមីភរិយា លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអ៊ិន (Dj Lion) និងអ្នកនាង សន សុម៉ាលីនដា បានតស៊ូរស់នៅជាមួយគ្នា រហូតមានកូន ៣នាក់ ជាចំណងដៃនៃក្តីស្នេហ៍ហើយនោះ គ្មាននរណាម្នាក់នឹកស្មានថា ចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរនេះ នឹងត្រូវដាច់ឡើយ។ អាចនិយាយបានថា វាជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះពេលកន្លងមក អ្នកទាំងពីរធ្លាប់អួតសរសើរពីគ្នាទៅវិញទៅមក និងមានភាពល្អូកល្អើនជាមួយគ្នាខ្លាំងណាស់។ ប៉ុន្តែជារឿងគួរឲ្យស្ដាយ ដែលស្នេហាបែរប្រេះឆា ជួបរឿងរ៉ាវអាស្រូវក្នុងគ្រួសារ រហូតជំរុញឲ្យអ្នក សន សុម៉ាលីនដា ដាច់ចិត្តធ្វើការប្តឹងសុំលែងលះ។
ពិធីករសម្បូរវោហាស័ព្ទ របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន លោក ហែម បូរិទ្ធ ហៅ ឡាយអិន បានសរសេរបកស្រាយ នៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់លោកថា៖ «អ្នកណាខុស អ្នកណាត្រូវ ខ្ញុំមិនដឹងទេ។ ប៉ុន្តែសូមអោយបងៗ អ្នកសារព័ត៌មានទាំងអស់ រួមជាមួយ លោកពូអ្នកមីងបងប្អូនគ្រប់ទីកន្លែង ជាពិសេសបងប្អូន ភូមិអំពិល ឃុំព្រែកពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មេត្តាជួយរកខុសត្រូវអោយខ្ញុំផង ព្រោះមានមនុស្សប្រុសគំនិតឆ្កែ ខួរក្បាលជាសត្វ អម(?)ជាខ្លា តាមមកប្រហារយាយីគ្រួសាររបស់ខ្ញុំគ្រប់ពេលវេលា រហូតដល់បែកគ្នាយ៉ាងនេះ»។
ឌីជេ ឡាយអ៊ិន បានសរសេរបន្តថា ទីបំផុតលោកបានក្លាយជាសត្វក្របី (ដើម្បីជិះចម្លង?) សម្រាប់អ្នកនាង សន សុម៉ាលីនដា ព្រោះរឿងរបស់ពួកគេទាំង២នេះ បានកើតឡើងកាលពី ១០ឆ្នាំមុន មកម្លេះ។ លោកសរសេរទៀតថា៖ «រហូតមកទល់ពេលនេះ នាងត្រូវការតែ កូនស្អាតៗប៉ុណ្ណោះ (បោកយកកូនប្រើ)។ សួមជួយខ្ញុំផង ជួយខ្ញុំពិនិត្យមើលរឿងនេះផង។ ខ្ញុំសូមលើកម្រាមដៃដប់ សូមវត្ថុស័ក្តិសិទ្ធ និងបារមី គ្រប់ទីកន្លែង ជួយបង្ហាញអោយឃើញ នូវអំពើលាមក គ្មានក្រមសីលធម៍របស់ពួកវាផង។»។
គេមិនដឹងថា តើពាក្យសម្ដីហៅ«ពួកវា» របស់លោក ហែម បូរិទ្ធ ខាងលើនេះ ចង់សំដៅលើនរណាឡើយ។ ប៉ុន្តែទំនងជាលោក ចង់និយាយពីអ្នកនាង សុម៉ាលីនដា និងជន«អាថ៌កំបាំង»ម្នាក់ទៀត ដែលអាចជាជនទីបី ក្នុងបញ្ហាប្រេះឆានៃចំណងស្នេហ៍អ្នកទាំងពីរ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងអ្នកនាង សុម៉ាលីនដា ដើម្បីសុំការស្រាយបំភ្លឺបាននៅឡើយ។
តែបើតាមពាក្យបណ្តឹង របស់អ្នកនាង សន សុម៉ាលីនដា ដែលលោក ឡាយអ៊ិន ផ្ទាល់បានបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បានបញ្ជាក់ថា ក្រោយពីបានរៀបការស្របច្បាប់ ជាមួយនឹងលោក ហែម បូរិទ្ធ បានចុះសំបុត្រ អាពាហ៍ពិពាហ៍លេខ០៦ ខែកុម្ភៈ ឆ្នាំ២០១១ រហូតមានកូនបីនាក់អស់ រយៈពេល៤ឆ្នាំ នៃការរស់នៅជាមួយគ្នា គឺគ្មានសល់ទ្រព្យសម្បត្តិរួមនោះទេ មានតែបំណុលធនាគារ។ ហើយបំណុលទាំងនោះ អ្នកនាងសន សុម៉ាលីនដា សុខចិត្តទទួលខុសត្រូវ បូករួមទាំងអាហារកិច្ចចិញ្ចឹមកូន ក៏អ្នកនាងមិនទាមទារ ពីលោក ឡាយអិន ដែរ ដោយអ្នកនាងសុខចិត្ត ទទួលខុសត្រូវទាំងស្រុង។
ន័យក្នុងពាក្យបណ្តឹង របស់អ្នកនាង សន សុម៉ាលីនដា បន្តថា ការដែលអ្នកនាងសម្រេច ប្តឹងលែងជាមួយស្វាមី ព្រោះអស់មនោសញ្ចេតនា នឹងគ្នា ហើយអ្នកនាងមិនសង្ឃឹមថា ចំណងស្នេហាមួយនេះ អាចស្តារឡើងវិញបានឡើយ។ ចង់ដឹងថាអ្នកណាខុស អ្នកណាត្រូវ មានតែចាំមើលក្នុងពេលអនាគតប៉ុណ្ណោះ ប៉ុន្តែការបកអាក្រាតគ្នា ដាក់នៅតាមបណ្ដាញសង្គម អាចឲ្យម្ចាស់ខ្លួនបានធូរស្បើយពីក្នុងចិត្ត ប៉ុន្តែមិនមានន័យថា អាចដោះស្រាយបញ្ហាបាននោះទេ។ ផ្ទុយទៅវិញ វាអាចធ្វើបញ្ហា កាន់តែមានសភាពធ្ងន់ធ្ងរទៅវិញ។
សូមបញ្ជាក់ដែរថា នៅក្នុងការបង្ហោះផ្សាយជាបន្តបន្ទាប់របស់លោក ហែម បូរិទ្ធ នៅលើគណនីហ្វេសប៊ុករបស់លោក មានឃើញលោកកំពុងស្វែងរក ជួបកូនទាំងបីរបស់លោក ដោយលោកបានអះអាងថា៖ «ភរិយាខំ្ញ យកកូនៗទាំងបីលាក់ មិនអេាយជួបគ្នា តាំងពីថែ្ងទី ២៩-៩-២០១៤ រហូតមកដល់ពេលនេះ មិនដិងជានៅទីកនែ្លងណា?»៕