ពហុកីឡាដ្ឋានដែលល្អជាងគេក្នុងពិភពលោក នៅឯណា?
- ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 18, 2014
- ប្រធានបទ: កំពូលស្ថាបត្យកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដាក់សម្ពោធកាលខែមិថុនាកន្លងទៅ ពហុកីឡាដ្ឋាននេះទើបនឹងត្រូវបានជាប់ជា មជ្ឈមណ្ឌលកីឡាប្រចាំឆ្នាំ២០១៤ របស់មហោស្រពអន្តរជាតិមួយ ដែលឆ្នាំនេះរៀបចំធ្វើក្នុងប្រទេសស៊ាំងហ្គាពួរ ស្ដីពីស្ថាបត្យកម្មពិភពលោក (World Architecture Festival)។
ជាគម្រោងស្ថាបត្យកម្មមួយ ដែលមានទំហំធំហួសពីការស្មាន សង់នៅលើផ្ទៃដីមួយ ដែលមិនជាធំប៉ុន្មាន។ ពហុកីឡាដ្ឋានដែលទទួលបានទស្សនិកជនប្រមាណជា ៥,៥ម៉ឺនកៅអីនេះ មានរាប់បញ្ចូលទាំង មជ្ឈមណ្ឌលកំសាន្ដទឹក ដែលទទួលមនុស្សបាន៦ពាន់នាក់ សាលកីឡាចម្រុះសម្រាប់ទស្សនិកជន៣ពាន់កៅអី សារមន្ទីរស្ដីពីកីឡាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ និងទីកន្លែងសម្រាប់អ្នកស្នេហាកីឡាជាច្រើនទៀត (តឺនីស ជិះកង់...)។ ពហុកីឡាដ្ឋាននេះ ក៏មានកន្លែងសម្រាប់ហាត់ប្រាណ ថែរក្សារាងកាយដែរ ហើយថែមទាំងបើកទ្វា២៤ម៉ោង ពេញទាំង៧ថ្ងៃ។
កីឡាដ្ឋានដែលធំជាងគេ និងអាចទទួលបានមកប្រកួត នូវកីឡាសឹងតែគ្រប់វិញ្ញាសារនោះ មានដំបូលដែលអាចបើកបិតបាន ហើយមានបំពាក់ដោយម៉ាស៊ីនត្រជាក់ថែមទៀត។ ទស្សិកជនដែលចូលទៅអង្គុយ នៅក្នុងពហុកីឡាដ្ឋាននេះ អាចឆ្លៀតឱកាសអាចមើលទៅសមុទ្រ ដ៏ធំល្វឹងល្វើយ បូកបន្ថែមដោយសួនច្បារ សម្រាប់ដើរកំសាន្ដ ដែលមានដំបូលសម្រាប់បង្កា នៅពេលណាមានភ្លៀង និងកម្ដៅព្រះអាទិត្យខ្លាំង។
ប្រសិនបើពហុកីឡាដ្ឋាន មានបំពាក់ដោយម៉ាស៊ីនត្រជាក់នោះ តែវាបានប្រើប្រាស់ថាមពលតែ៦០%ប៉ុណ្ណោះ ដើម្បីគោរពទៅដល់បរិបទបរិស្ថាន។ ដើម្បីសម្រេចគោលការណ៍នេះបាន ពហុកីឡាមានបន្ថែមនៅពីលើដំបូលរបស់ខ្លួន នូវផ្ទាំងសូឡា សម្រាប់ស្រូបយកពន្លឺព្រះអាទិត្យ ហើយបំផ្លែងទៅថាមពលអគ្គិសនី៕