មហាវីរក្សត្រចូលទីវង្គត់ក្នុងព្រះជន្ម ៨៩ព្រះវស្សា បើតាមបស្ចឹមលោក
- ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: October 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាយុ - និយាយឲ្យខ្លី នោះគឺដោយសារតែការប្រកាន់ នូវភាពប្រាកដនិយម (ឬផ្នត់គំនិត) មានភាពផ្ទុយស្រឡះពីគ្នា រវាងសាសន៍នានា នៅទ្វីបអាស៊ីខាងកើត និងបណ្ដាសាសន៍ នៅបស្ចឹមលោក។ ខាងក្រោមនេះជាការបកស្រាយ របស់លោក កែវ មានិត សាស្ត្រាចារ្យសង្គមវិទ្យាដើមកំណើតខ្មែរមួយរូប ដែលកំពុងរស់នៅក្នុងប្រទេសបារាំង ហើយបានសិក្សាពីករណីអាយុ របស់ជនជាតិខ្មែរ និងការរាប់អាយុរបស់ជនជាតិច្រមុះស្រួច នៅលោកខាងលិច។
ការរាប់អាយុរបស់ខ្មែរ ជាការរាប់តាមបែប ចូលឆ្នាំទីប៉ុន្មាន។ ឧទាហរណ៍ថា បើមានគេសួរ អូនអាយុប៉ុន្មានហើយ? មនុស្សនឹងឆ្លើយថា ខ្ញុំមានអាយុ១៨ឆ្នាំហើយ។ ការឆ្លើយនេះ ឆ្លុះបញ្ចាំងពីការរាប់អាយុ ថាខ្លួនចូលក្នុងឆ្នាំទី១៨ហើយ ប៉ុន្តែមិនមែនជាការរាប់ តាមបែបបង្គ្រប់អាយុ ឲ្យគ្រប់ ៣៦៥ថ្ងៃ ទើបបានមួយឆ្នាំនោះឡើយ។ ការរាប់របៀបនេះ មានន័យថា ទារកកើតមកភ្លាម ចូលឆ្នាំទី១ ស្រាប់តែគ្នាមានអាយុបាន១ឆ្នាំភ្លាមតែម្ដង។ ការរាប់របៀបនេះ ខុសពីការរាប់របស់សាសន៍នានា ដែលរស់នៅលោកខាងលិច។
ក្រុមប្រទេសបស្ចឹមលោក ដែលច្រើនគិតគូរច្បាស់លាស់ តាមច្បាប់ទម្លាប់ និងតាមបែបវិទ្យាសាស្ត្រនោះ បានគិតថា មនុស្សកើតមក ទាល់តែគម្រប់៣៦៥ថ្ងៃ ទើបមានអាយុ១ឆ្នាំ។ បើមនុស្សនោះមានអាយុ៥ឆ្នាំ និង៣ខែ គេនៅមិនទាន់រាប់ថាមានអាយុ៦ឆ្នាំនៅឡើយ តែបានន័យថាមនុស្សនោះ មានអាយុគិតជាថ្ងៃ៖ ៣៦៥ថ្ងៃX៥ បូកថែមនឹង ៣០ថ្ងៃX៣ ស្មើនឹង ១៩១៥ថ្ងៃ។ បើគេរាប់តាមរបៀបខ្មែរ ដែលគិតថា មនុស្សនោះមានអាយុ៦ឆ្នាំទៅហើយនោះ បានន័យថាបើគិតជាថ្ងៃ៖ ៣៦៥ថ្ងៃ X ៦ ស្មើនឹង ២១៩០ថ្ងៃ ដែលខុសពីការពិត ព្រោះមនុស្សនេះទើបនឹងរស់មកដល់ពេលនេះ តែត្រឹម ១៩១៥ថ្ងៃប៉ុណ្ណោះ។
ករណីអាយុនេះ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នៅក្នុងប្រព័ន្ធច្បាប់ទម្លាប់នៃប្រទេសនានា នៅអ៊ឺរ៉ុប ឬនៅអាមេរិក ព្រោះបើច្បាប់កំណត់ត្រឹមអាយុ១៨ឆ្នាំឡើង ជាអាយុដែលត្រូវមានការទទួលខុសត្រូវខ្លួនឯង និងត្រូវជាប់ពន្ធនាគារនោះ តែបើនៅខ្វះតែ១ថ្ងៃ តុលាការឬនគរបាលគ្មានសិទ្ធិនឹងចាប់ជននោះ មកផ្ដន្ទាទោសទណ្ឌឡើយ។ បើតុលាការឬនគរបាលមិនចេះរាប់អាយុ ហើយប្រព្រឹត្តិអំពើដោយជ្រុលជ្រោះនោះ ជនមិនទាន់គ្រប់អាយុនេះ អាចប្ដឹងទាមទារឲ្យគេគោរពអាយុរបស់ខ្លួនឡើងវិញ និងអាចប្ដឹងវាយបកពីការរំលោភច្បាប់ របស់មន្ត្រីតុលាការ ឬនគរបាលនោះថែមទៀត។
ដូច្នេះ អង្គអតីតព្រះមហាក្សត្រ ទ្រង់ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានសោយទីវង្គត់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដែលបើតាមការរាប់របស់លោកខាងលិច ទាល់តែទ្រង់យាងមកដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២វិញ ទើបទ្រង់មានព្រះជន្នាយុ ៩០ព្រះវស្សា។ តែនេះនៅខ្វះ១៤ថ្ងៃទៀតឯណោះ បានន័យថាទ្រង់ទើបនឹងមានព្រះជន្នាយុ ៨៩ឆ្នាំ ១១ខែ និង១៧ថ្ងៃ នៅឡើយ។ លោកអ្នកអាចចូលទៅកាន់ទំព័រ Wikipedia ដែលថ្លែងសរសេរពីអតីតព្រះមហាវីរក្សត្រ (នៅគ្រប់ភាសា) ក៏បានបញ្ជាក់ច្បាស់ដែរ ថាព្រះអង្គមានព្រះជន្មត្រឹម៨៩ឆ្នាំ ប៉ុណ្ណោះ។
ទម្លាប់មួយទៀតក្នុងសង្គមខ្មែរ គឺការចូលចិត្តបញ្ជើចលើកសរសើរ ដោយចូលចិត្តឲ្យពរគ្នាថា «សូមឲ្យអាយុវែង»។ ដូច្នេះការរុញព្រះជន្មាយុ ឲ្យដល់៩០ព្រះវស្សានេះ ត្រូវបានគណនាដូចការរៀបរាប់ខាងលើផង និងក្នុងន័យថា ព្រះអង្គមានព្រះជន្មយឺនយូរណាស់ រហូតដល់«ជាង»៩០ព្រះវស្សានោះផង។ ប៉ុន្តែសួរថា ហេតុអ្វីបង្កើនអាយុឲ្យគ្នាចាស់ជាងចំនួនថ្ងៃ ដែលបានឆ្លងកាត់ពិតប្រាកដទៅវិញ? តាមពិតទៅ ជាតិសាសន៍ណាក៏ដោយ សុទ្ធមិនចង់ចាស់ជាងអាយុ។ ដូច្នេះយើងគួរងាកមករកការពិត និងការរាប់អាយុ ប្រកបដោយវិទ្យាសាស្ត្រវិញ ប្រសើរជាការបញ្ចើចបញ្ចើរគ្នា ឲ្យឆាប់ចាស់៕