ជើងឯកពិភពលោក២០១០ ហាលអាវហើយ រន្ទះបាញ់យន្ដហោះទៀត
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះបានចំជា«គ្រោះ ត្រួតលើគ្រោះ»មែន។ មិនមែនគ្រោះយ៉ាងម៉េច បើក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អតីតជើងឯកពិភពលោកលើកមុន ដែលបាន«ហាលអាវ»ជាស្ថាពរ នៅវគ្គជម្រុះក្នុងការប្រកួតឆ្នាំ២០១៤នេះ ទទួលជួបនូវបញ្ហាដ៏ធំៗជាបន្តបន្ទាប់ទៀត នៅពេលដែលពួកគេត្រឡប់មកកាន់មាតុប្រទេសវិញ។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ចុះចេញពីយន្ដហោះ។ (រូបថត Reuters)
បាល់ទាត់ពិភពលោក - បន្ទាប់ពីត្រូវបានជម្រុះចេញ ទាំងមិនបានត្រៀមទុក និងយ៉ាងអាម៉ាស ពីបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក្រុមបាល់ទាត់អេស្ប៉ាញ អតីតជើងឯកឆ្នាំ២០១០ បានចាកចេញពីប្រទេសម្ចាស់ផ្ទះ (ប្រេស៊ីល) ដោយជិះយន្ដហោះពីទីក្រុង គួរីទីបា (Curitiba) ឆ្ពោះមកកាន់រាជធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញវិញ។ ប៉ុន្តែអភូតហេតុដ៏អាក្រក់ បានកើតឡើងផ្ទួនៗ ទៅលើយន្ដហោះដែលពួកគេជិះ។ នេះ ជាអ្វីដែលសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ El Mundo បានធ្វើសេចក្ដីរាយការណ៍។
ហេតុការណ៍ដ៏អាក្រក់ កើតឡើងដំបូងគេ នោះគឺយន្ដហោះ«អស់សាំង» នៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ប៉ុន្តែបានហោះមកឈប់សំចតជាបន្ទាប់ នៅព្រលានយន្ដហោះ ក្រុងឡាស ប៉ាលម៉ាស (Las Palma) លើកោះ កាណារី (Canaries) ដែលជាដែនដីមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអេស្ប៉ាញ។ នៅក្នុងការឈប់ជាបន្ទាន់នោះ ក្រុមបាល់ទាត់ទាំងមូល ត្រូវបានអញ្ជើញឲ្យចុះចេញពីយន្ដហោះ មុននឹងត្រឡប់ឡើងយន្ដហោះវិញ ហើយហោះសំដៅមករាជធានីម៉ាឌ្រីដ។
មិនមែនតែរឿងនេះទេ តែយន្ដហោះដែលដឹកក្រុមបាល់ទាត់ដ៏អភ័ពជាគេ នៅក្នុងការជួបប្រកួតពិភពលោកលើកនេះ បានជួបនឹងរឿងចង្រៃមួយទៀត នៅពេលហោះជិតមកដល់ព្រលានយន្ដហោះ អន្តរជាតិនៃប្រទេសអេស្ប៉ាញ។ នៅ២០នាទី មុនការចុះចត យន្ដហោះអ៊ែរប៊ូស (Airbus A330) បានរងនូវការវាយប្រហារ ពី«រន្ទះបាញ់» ដ៏ខ្លាំងមួយ បង្កឲ្យមានការភ័យរន្ធត់ជាថ្មីទៀត ដល់គ្រប់មនុស្សដែលជិះក្នុងយន្ដហោះ។
ប៉ុន្តែរឿងដែលក្រុមបាល់បាត់អ៊េស្ប៉ាញ បានជួបទាំងពីរខាងលើ មិនមានការតក់ស្លុតខ្លាំង ដូចនឹងការជួបប្រឈមជាមួយនឹងក្រុមអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មាន ដែលចាំពួកគេទាំងក្ដីខកបំណង នៅព្រលានយន្ដហោះនោះឡើយ។ ដោយហេតុនេះហើយ ទើបក្រុមកីឡាករបាល់ទាត់ទាំងអស់ សុទ្ធចិត្តចេញពីព្រលានយន្ដហោះ តាមទ្វាក្រោយ ដើម្បីគេចចេញពីការប្រឈម ដែលអាចក្លាយទៅជាហេតុការណ៍ដ៏អាក្រក់ លើកទីបី សម្រាប់ពួកគេ៕