បទ​យក​ការណ៍៖ ធម្មយាត្រា​១០​ថ្ងៃ ឆ្ពោះ​មក​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ នៅ​ភ្នំពេញ

ធម្មយាត្រា សិទ្ធិយាត្រា របស់ព្រះសង្ឃ និងប្រជាពលរដ្ឋពីបណ្តាខេត្តនានា តាមបណ្តោយផ្លូវជាតិ​សំខាន់ចំនួន​ប្រាំ​ខ្សែ ឆ្ពោះមកទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១ ដលើថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ធម្មយាត្រា និងសិទ្ធិយាត្រានេះ ត្រូវបាន​រៀបចំឡើងដោយអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ប្រជាពលរដ្ឋ ក្នុងគោលបំណងនាំញ្ញត្តិ​របស់ប្រជាពលរដ្ឋដែលមានវិបត្តិ និងបញ្ហានានានៅតាមបណ្តាភូមិ ឃុំដែលត្រូវឆ្លងកាត់មួយចំនួននោះទៅ ដាក់ជូន​តំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភាថ្មី អាណត្តិទីប្រាំនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធម្មយាត្រា សិទ្ធិយាត្រា របស់ព្រះសង្ឃ និងប្រជាពលរដ្ឋពីបណ្តាខេត្តនានា តាមបណ្តោយផ្លូវជាតិ​សំខាន់ចំនួន​ប្រាំ​ខ្សែ ឆ្ពោះមកទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១ ដលើថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ធម្មយាត្រា និងសិទ្ធិយាត្រានេះ ត្រូវបាន​រៀបចំឡើងដោយអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ប្រជាពលរដ្ឋ ក្នុងគោលបំណងនាំញ្ញត្តិ​របស់ប្រជាពលរដ្ឋដែលមានវិបត្តិ និងបញ្ហានានានៅតាមបណ្តាភូមិ ឃុំដែលត្រូវឆ្លងកាត់មួយចំនួននោះទៅ ដាក់ជូន​តំណាងរាស្រ្ត ដែលជាសមាជិករដ្ឋសភាថ្មី អាណត្តិទីប្រាំនេះ។


ដំណើរធម្មយាត្រា របស់ក្រុមព្រះសង្ឃនិងមន្ត្រីសង្គមស៊ីវិល មកដល់ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ខែធ្នូឆ្នាំ២០១៣នេះ។ (រូបថត ហ្វេសប៊ុក Thour Thea)

សិទ្ធិមនុស្ស ១០ធ្នូ - ញ្ញត្តិស្តីពី«ទិវាសិទ្ធិមនុស្ស ១០ធ្នូ» នឹងត្រូវបានរៀបចំឡើងដាក់ជូន​តំណាងរាស្រ្តថ្មី​នៃរដ្ឋសភា​ជាតិ ជំរុញឲ្យតំណាងរាស្រ្តទាំងនោះ ចាប់ផ្តើមងាកមកជាថ្មី ធ្វើការងារពាក់ពន័្ធនឹងសិទ្ធិមនុស្សនេះឲ្យកាន់តែខ្លាំងក្លា និងគោរពតាមកតិកាសញ្ញា អនុសញ្ញានានាស្តីពីសិទ្ធិមនុស្ស ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់​ជាតិ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាងហ្វូ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ​ដើម្បីយុត្តិធម៌សង្គម មានថេរដីកាថា ការធ្វើធម្មយាត្រានេះ មានបំណងសម្ដែងនូវឆន្ទៈ បង្ហាញពីការចង់បានសន្តិភាព ភាពយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ទាក់ទងនឹងក្បួនដង្ហែរនោះព្រះអង្គមានសង្ឃដីកាបន្តរថា «មាន​ភាពប្រសើរមួយដែរ ដែលគេមិនបានរារាំងមិនឲ្យយើងធ្វើ ស្មើនឹងគេអនុញ្ញាតិ»។ តែទោះយ៉ាងនេះក្តី ព្រះអង្គនៅ​តែ​ធ្វើការរិះគន់ ចំពោះចំណាត់ការរបស់មន្ទីរឃោសនាការ និងវប្បធម៌ខេត្តពោធិសាត់ កាលពីថ្ងៃទី៣០វិច្ឆិកានេះ ដែល​បានធ្វើការសួរដេញដោល ទាមទារនូវលិខិតអនុញ្ញាតផ្សេងៗ ពីក្រសួងមហាផ្ទៃ ក៏ដូចជាពីសម្តេចសង្ឃ។ ព្រះអង្គថា «ប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធសាសនា ការធ្វើធម្មយាត្រាមិនដែលមានច្បាប់ទេ តាំងពីដើម។ សម្តេចព្រះមហា​ឃោសានន្ទដា ធ្វើមកមិនដែលមានច្បាប់ទេ ហើយក៏គ្មានច្បាប់កំណត់ ពីការធ្វើធម្មយាត្រានេះដែរ។»

ព្រះអង្គមានសង្ឃដីកាបន្ថែមថា ក្រៅពីការសួររកច្បាប់ទម្លាប់ អាជ្ញាធរខេត្តបានតម្រូវឲ្យវត្តមួយចំនួន ដែលមាន​និន្នាការនយោបាយទៅរកបក្សប្រជាជនកម្ពុជា«បិទទ្វា» មិនអនុញ្ញាតិឲ្យក្រុមធម្មយាត្រាបានចូលសម្រាក និងបាន​ស្នាក់អាស្រ័យទេ។ មិនតែប៉ុណ្ណោះ បានបញ្ជូនកម្លាំងប៉ូលីសចំនួនប្រាំមួយនាក់ មកផឹកស៊ីក្នុងវត្តដែល​ក្រុមធម្មយាត្រា​នេះ​ស្នាក់នៅ ដោយសម្លេងស្រែករំខានពីការផឹកស៊ី ដល់ការសូត្រនូវធម៌ផ្សេងៗ។ តែទោះជាយ៉ាងនេះក្តី ក៏មិនមានអ្វី​ដែលនាំឲ្យមាននូវហិង្សានោះឡើយ រីឯវត្តមួយចំនួនទៀត ក៏មិនបានរំខានអ្វីដល់ធម្មយាត្រានេះដែរ តែបែរជា​ទទួល​ស្វាគមន៍យ៉ាងយកចិត្តទុកដាក់ទៅវិញ។

ព្រះសង្ឃអង្គនេះ បានបន្តរសង្ឃដីកាថាធម្មយាត្រាដោយថ្មើជើងនេះ មួយថ្ងៃត្រូវនិមន្ត និងដើរក្នុងចន្លោះពី១៨គីឡូ ២០គីឡូ ឬច្រើនជាងនេះទៅតាមទីឆ្ងាយ ឬជិតនៃវត្ត ដែលត្រូវចូលស្នាក់សម្រាក ក្នុងការរៀចំពិធីសាសនាផ្សេងៗ។ ក្នុងចម្ងាយ១៨៩គីឡូម៉ែត្រ មកដល់ទីក្រុងភ្នំពេញ ដែលមានសមាជិកប្រមាណជាង៦០នាក់ និងព្រះសង្ឃចំនួន​ជាង​១០អង្គ ហើយចំនួននេះ អាចនឹងកើនឡើងនៅតាមផ្លូវធ្វើដំណើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ក្នុងតំបន់​នីមួយៗ​នោះ។ តាមការកំណត់ ធម្មយាត្រានេះ នឹងមកទាន់ពេលនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលត្រូវជួបជុំ​គ្នា​នៅមុខមន្ទីររដ្ឋសភា។

ដោយឡែកលោក ចាន់ ពុទ្ធស័ក្ក ដែលស្ថិតក្នុងធម្មយាត្រាពីខេត្តពោធិសាត់ មកភ្នំពេញ បានបន្ថែមថា ធម្មយាត្រានេះ​ជាការទទួលយកមតិ តាមរយៈសំនួរចំលើយក្នុងកន្លែងចំណតនីមួយៗ ដើម្បីប្រមូលយកញ្ញត្តិទាំងនោះ ពីប្រជា​ពលរដ្ឋ​ដែលបានជួបប្រទះ នូវបញ្ហាមកដាក់ជូនតំណាងរាស្រ្តថ្មី ដែលមានឈ្មោះក្នុងមន្ទីររដ្ឋសភា។ លោកបាន​បញ្ជាក់ថា «ចំពោះវត្តដែលមិនអនុញ្ញាតិ ឲ្យក្រុមធម្មយាត្រាចូលស្នាក់អាស្រ័យ ក៏ក្រុមធម្មយាត្រានេះមិនបានទាមទារ ឬតតាំងអ្វីដែរ សុខចិត្តស្នាក់លើតង់កៅស៊ូ និងដណ្តប់មេឃ ។ (...) មិនចំពោះតែវត្តនោះទេ ក្នុងពេលធម្មយាត្រា​ដល់​ណានាវេលាយប់ យើងនឹងសំដៅទៅរកវត្តជាមុន ឯផ្ទះប្រជាពលរដ្ឋណាដែលគាំទ្រ និងអាចឲ្យស្នាក់អាស្រ័យនោះ យើងក៏អាចទទួលយកបានដែរ។ ក្នុងថ្ងៃនេះផងដែរ មានត្តមួយដែលទទួលស្វាគមនូវក្រុមធម្មយាត្រា តាមរយៈ​ការ​ទូងស្គរ ការរៀបចំកៅអី ចំណីអាហារ និងថវិការមួយចំនួន។»

ស្របពេលគ្នានេះ នៅខាងផ្លូវជាតិលេខប្រាំមួយអា ពីខេត្តកំពង់ធំ មកភ្នំពេញ ដែលដឹកនាំដោយលោក វុន ពៅ ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ បានលើកឡើងថា ការធ្វើធម្មយាត្រានេះ​មិនមាន​ការរារាំង ហើយក៏មិនមានការអន្តរាគមន៍ សម្រួលចរាចរណ៍នៃធម្មយាត្រានេះ ពីសំណាក់ក្រុមអាជ្ញាធរនោះឡើយ។ លោកបានបន្តរថា តែមានការសួរនាំមួយចំនួន ពីខាងអាជ្ញាធរ ជាមួយនឹងការដាក់កម្លាំងឃ្លាំមើល​ក្បួនដង្ហែរនៃ​ធម្មយាត្រានេះដែរ។

លោកបានបញ្ជាក់ថា មកទល់នឹងថ្ងៃទីពីរនេះ ធម្មយាត្រាមានអ្នកចូលរួមសរុបចំនួន១០០នាក់ ក្នុងនោះមានព្រះសង្ឃ​ចំនួន៣០អង្គ។ ជាមួយគ្នានេះ ក៏មានវត្តមានប្រជាពលរដ្ឋ មកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិនចំនួន១២នាក់ និង​ព្រះសង្ឃពីរអង្គ។ លោកបន្ថែមថា នៅតាមដងផ្លូវ ទៅបីមានការចូលរួមក្នុងការហែរនេះតិចតួច ពីប្រជាពលរដ្ឋ​ក៏​ដោយ តែការស្វាគមន៍ពីប្រជាពលរដ្ឋតាមដងផ្លូវរាប់ម៉ឺននាក់ ដែលបានបរិចាកនូវថវិការ មី ទឹកសុទ្ធ សម្រាប់អ្នកដែល​បានចូលរួមក្នុងការហែរនេះ។ «ក្នុងធម្មយាត្រាដោយថ្មើរជើង លើចំងាយផ្លូវ១៨០គីឡូម៉ែត្រនេះ យើងត្រូវចំណាយ​ពេលពេញមួយថ្ងៃឲ្យបាន២០គីឡូម៉ែត្រ យើងនឹងទៅដល់មុខរដ្ឋសភាក្នុងថ្ងៃទី១០ធ្នូនេះ»។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចសុំទំនាក់ទំនងប្រតិម្មពីមន្ត្រីរដ្ឋាភិបាល ឬពីខាងគណបក្សប្រជាជនកម្ពុជា និងពីខាងគណបក្សសង្គ្រោះជាតិបានទេ ក្នុងថ្ងៃនេះ។ តែតាមការសង្កេតកន្លងមក សង្កេតឃើញថារដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា មិនសូវចាប់អារម្មណ៏លើទិវានេះ តាមរយៈការរៀបចំនូវកម្មវិធីនានាប៉ុន្មាននោះទេ ក្រៅពីតម្រូវឲ្យមន្រ្តីរាជការឈប់សម្រាកប៉ុណ្ណោះ។ ដោយឡែកក្នុងថ្ងៃទី៣០ ខែវិច្ឆិកានេះ គណបក្សសង្គ្រោះជាតិ បានចេញនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយ ដើម្បីបញ្ជាក់ពីបញ្ហាធ្វើធម្មយាត្រា និងសិទ្ធិយាត្រា ដែលមាន​ទិសដៅឆ្ពោះមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ធ្នូរនេះថា ជាសេចក្តីអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ និងពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមក្នុងពិធីដង្ហែក្បួននេះ ជាមួយ​សហគម សមាគម និងអង្គការសង្គមស៊ីវិល។

តែក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបង្ហាញពាក្យចំនួនពីរឃ្លា ដែលទំនងជាចង់បង្ហាញ ពីយុទ្ធសាស្ត្រនយោបាយ​អ្វីមួយ៖ «ហេតុអ្វី ចង់បានតូចរួចធំ?» និងឃ្លាមួយទៀត «លះបង់ទាំងអស់គ្នា មួយថ្ងៃ ១០ថ្ងៃ មួយខែ យើងបានមក​វិញ​នូវឯករាជ្យ អធិបតេយ្យភាព បូរណៈភាពទឹកដីពេញលេញ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពហុបក្ស យុត្តិធម៌សង្គម»ជាដើម។

សូមបញ្ជាក់ជូនថា ធម្មយាត្រា និងសិទ្ធិយាត្រា ត្រូវបានបែងចែកជាប្រាំក្រុមនេះ ក្រុមទីមួយចាប់ចេញដំណើរពី​ផ្លូវ​ជាតិលេខ១ ស្រុកចន្ទ្រា ខេត្តស្វាយរៀង មកកាន់ទីក្រុងភ្នំពេញ ដែលដឹកនាំដោយ លោក ខេង សាវឿន។ ក្រុមទីពីរ​ផ្លូវជាតិលេខ៣ ចេញពីក្រុងកំពត ខេត្តកំពត ដែលដឹកនាំដោយ លោក ស ម៉ារី និងព្រះតេជគុណសុមាលី។ ក្រុមទីបី​ផ្លូវជាតិលេខ៤ ពីស្រុក អមឡាំង ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ អ្នកស្រីទេព វណ្ណី។ ក្រុមទីបួនផ្លូវជាតិលេខ៥ ចេញ​ពីក្រុង​ពោធិសាត់ ខេត្តពោធិសាត់ដែលដឹកនាំដោយ ស ម៉ូរ៉ា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ និងក្រុមទីប្រាំផ្លូវជាតិ​លេខ៦អា ចេញពីទីរួមខេត្តកំពង់ធំដែលដឹកនាំដោយ លោក វុន ពៅ និងព្រះតេជគុណអាន វិចិត្រ។ ធម្មយាត្រា​នេះ នឹងមកជួបគ្នានៅមុខមន្ទីររដ្ឋសភា នាថ្ងៃទី១០ធ្នូ ដែលជាថ្ងៃរម្លឹកទិវាសិទ្ធិមនុស្សអន្តរជាតិ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...