ម៉ែនញូ៖ វីឌិក ជឿថាបីសាចក្រហមនឹងឈ្នះឆែមពានលីក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ណិម័នចា វីឌិក (Nemanja Vidic) មានជំនឿចិត្តយ៉ាងមុតមាំថា ក្លិបបីសាចក្រហមរបស់គាត់ នឹងអាចឈ្នះពានរង្វាន់កំពូល យូហ្វាឆែមពានលីក (UEFA Champions League) នៅក្នុងរដូវកាលនេះ។
កីឡាករប្រធានក្រុម ណិម័នចា វីឌិក របស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត football365.com)
ក្រុមជើងឯកបាឃ្លេព្រីមែលីក (Barclays Premier League) ជឿថាពួកគេនឹងអាចឆ្លងទៅវគ្គ១៦ក្រុមបាន ខណៈដែលស្ថិតនៅក្នុងពូលជាមួយក្រុមពុំសូវខ្លាំងដូចជា៖ ស្សាកតាដូណែស (Shakhtar Donetsk), បាយឺ ឡេវើកូសិន (Bayer Leverkusen) និងក្រុម រៀលសូស៊ីដេត (Real Sociedad) នៅក្នុងវគ្គចែកពូល (group stage)។
ម៉ែនញូ ធ្លាប់ធ្វើបានល្អបំផុតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក សឺអាឡិច ហ្វឺហ្គឺសិន (Sir Alex Ferguson)។ ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) អ្នកគាំទ្រហាក់ដូចជាមានការថមថយទំនុកចិត្តបន្តិច ដោយសារតែខ្វះសកម្មភាពទិញដូរកីឡាករនៅក្នុងរដូវកាលថ្មីនេះ។
ទោះជាយ៉ាងណា វីឌិកជឿថា កីឡាករក្នុងក្រុមទាំងអស់ក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចទៅនឹងឆ្នាំមុនៗដែរ ដែលមានន័យថា ល្អគ្រប់គ្រាន់ហើយសម្រាប់ប្រជែងយកពានកំពូលរបស់អ៊ឺរ៉ុប។
កីឡាករស៊ែប៊ី វ័យ៣១ឆ្នាំ បានប្រាប់ដល់ទស្សនាវដ្តីកីឡា (Sport Magazine) ថា៖ «យើងគិតថា យើងនឹងអាចឈានដល់វគ្គចុងក្រោយ ហើយយើងជឿជាក់ថា ម៉ែនញូប្រាកដជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រឆែមពានលីក។»
គាត់បានបន្តថា៖ «ខ្ញុំបាននៅជាមួយក្លិប៨ឆ្នាំហើយ ខ្ញុំបានលេងវគ្គផ្តាច់ព្រ័ត្រ៣លើក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១លើក និងវគ្គ១ភាគ៤ចំនួន២លើក។ ដូច្នេះខ្ញុំយល់ថា បើយើងមានសំណាងតែបន្តិច យើងនឹងអាចឈ្នះពាននេះ។»
វីឌិក ក៏បានលើកឡើងដែរថា ការដែលក្រុមឆែលស៊ី (Chelsea) ឈ្នះឆែមពានលីកឆ្នាំ២០១២ នៅពេលដែលពួកគេយកឈ្នះក្រុមបាយឺន ម៉ូនិជ (Bayern Munich) ដោយបាល់ពិន័យប៉េណាល់ទីនោះ ជាឧទាហរណ៏ដ៏ល្អមួយ ដែលបញ្ជាក់ថាការប្រកួតធំៗ ក៏មិនប្រាកដថាក្រុមណាខ្លាំងជាងជាអ្នកឈ្នះនោះដែរ។
ខ្សែការពាររូបនេះដដែល បានបន្តថា៖ «យើងបានដឹងហើយថា កាលពី២ឆ្នាំមុន ឆែលស៊ីជាអ្នកឈ្នះ។ តើអ្នកគិតថា ឆែលស៊ីសាកសម្យជាអ្នកឈ្នះទេ? បាសេឡូណា ជាក្រុមខ្លាំងមួយ ដែលឈ្នះពានរង្វាន់គ្រប់បែបយ៉ាង ក្នុងរយះពេល៣ឆ្នាំចុងក្រោយ ប៉ុន្តែកាលពីរដូវកាលមុន បាយឺន ម៉ូនិជជាអ្នកឈ្នះ។ សរុបមកអ្នកមិនអាចនិយាយបានទេថា ក្រុមណាមួយជាអ្នកឈ្នះឲ្យពិតប្រាកដនោះ។»
វីឌិក ជាផ្នែកដ៏សំខាន់មួយ ដែលជួយឲ្យម៉ែនញូ លើកពានកំពូលរបស់អ៊ឺរ៉ុបឆែមពានលីក កាលពីរដូវកាល២០០៧/០៨។ ប៉ុន្តែគាត់ក៏ជាផ្នែកមួយ ខណៈដែលក្រុមបីសាចក្រហម ធ្លាក់វគ្គផ្តាច់ព្រ័ត្រទាំង២លើក ក្រោមថ្វីដៃក្រុមបាសេឡូណា (Barcelona) កាលពីឆ្នាំ២០០៩ និងឆ្នាំ២០១១ដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ