ណូគៀ «លូម៊ែ ១០២០» ចេញលក់នៅចិន តម្លៃជិត១ពាន់ដុល្លា
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទូរស័ព្ទដៃវ៉ៃឆ្លាតជំនាញខាងថតរូបរបស់ក្រុមហ៊ុន ណូគៀ (Nokia) «លូម៊ែ ១០២០» (Lumia 1020) ដែលមានកាមេរ៉ាទំហំ ៤១ម៉េហ្គាភិចស្យ៊ែល បានចេញលក់ហើយ នៅប្រទេសចិន នៅតម្លៃប្រមាណ ៩៨០ដុល្លាសហរដ្ឋអាមេរិក។
ណូគៀ «លូម៊ែ ១០២០» ទូរស័ព្ទដែលបង្ហាញពីសមត្ថភាពចាប់រូបច្បាស់។ (រូបថត ក្រុមហ៊ុន)
នៅក្នុងក្រុមហ៊ុនចិន ឆាយណាយូនីខម (China Unicom) ទូរស័ព្ទដៃទំនើបស៊េរីថ្មី មានតម្លៃ ៩៨០ដុល្លា ដែលប្រហាក់ប្រហែលគ្នាទៅនឹងតម្លៃ អាយហ្វូន៥ (iPhone 5) របស់អ័បផល (Apple) ផងដែរ។
ប៉ុន្តែមានជម្រើសមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង់ត្រឹមតែ ១៦៣ដុល្លាតែប៉ុណ្ណោះ បើពួកគេចុះកិច្ចសន្យាបង់រំលោះរយះពេល៣ឆ្នាំ ហើយត្រូវបង់ ៦៣ដុល្លាដល់ក្រុមហ៊ុនក្នុងរយះពេល១ខែៗ រហូតដល់ចប់៣ឆ្នាំ។
លក្ខណៈសម្បត្តិទូរស័ព្ទដ៏ល្បី របស់ណូគៀស៊េរីថ្មីនេះ មានដូចតទៅ៖
• វិមាត្រ៖ ១៣០.៤ X ៧១.៤ X ១០.៤ មីលីម៉ែត្រ
• ទម្ងន់៖ ១៥៨ក្រាម
• អេក្រង់ ៖ ៤.៥អ៊ីញ អាចបង្ហាញរូបភាពបាន ៧៦៨ X ១២៨០ភិចស៊្យែល
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• ទំហំផ្ទុក៖ មាន២ប្រភេទ ៣២ជីហ្គាបៃ និង៦៤ជីហ្គាបៃ ប៉ុន្តែមិនអាចបន្ថែមកាតពីលើបានទេ
• កាមេរ៉ាក្រោយ៖ ៤១ម៉េហ្គាភិចស្យ៊ែល, កាមេរ៉ាមុខទំហំ ១.២មេហ្គាភិចស្យ៊ែល
• ប្រព័ន្ធដំណើរការ៖ វីនដូហ្វូន៨ (Microsoft Windows Phone 8)
• ម៉ាស៊ីន (CPU)៖ ១.៥ជីហ្គាអែក ឌូខរ (Dual-core)
• ថ្ម៖ ២០០០មីលីអំពែម៉ោង ប្រភេទ លីអន (Li-Ion), អាចបើកគ្រឿងចោលបាន ៣៨៤ម៉ោង និងអាចនិយាយបាន ១៣ម៉ោង ២០នាទី និងអាចចាក់តន្ត្រីបាន ៦៣ម៉ោង។
ណូគៀ «លូម៊ែ ១០២០» មាន៤ពណ៌ឲ្យជ្រើសរើស ដែលមានពណ៌លឿង, ស, ខ្មៅ និងពណ៌ក្រហម។ ទោះជាយ៉ាងណា វាទើបតែចរាចរណ៏លើទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ប៉ុន្តែវាអាចនឹងចរាចរណ៏លើទីផ្សារនៅជុំវិញពិភពលោកនៅខែក្រោយ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ