«ហ្វ្រង់អេមស្ទេម» ទន្សាយអាក្រក់ជាងគេនៅលើលោក ? (VDO)
ខ្សែវីដេអូមួយថតដោយនិស្សិតពីររូប នៃរដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញ នូវទន្សាយមួយក្បាល ដែលមានសាច់ដុះនៅលើក្បាលរបស់វាពាសពេញ។ គ្រាន់តែដាក់នៅគេហទំព័រចែកផ្សាយវីដេអូ យូធូប (youtube) កាលពីចុងខែមុននេះ វីដេអូនេះទទួលអ្នកចុចចូលទៅទស្សនា ប្រមាណជាជាង ៥០០ពាន់ដងរួចមកហើយ។
ទន្សាយដែលមានសាច់ដុះ ពាសពេញក្បាលរបស់វា។ (រូបថត AP)
និស្សិតឈ្មោះ ហ្គូណារ ប៊ូទេឆ័រ (Gunnar Boettcher) អាយុ២០ឆ្នាំ រួមជាមួយនឹងប្អូនប្រុសរបស់នាយផង បានថតរូបជាច្រើនពីសត្វទន្សាយនោះ ដែលពួកនាយបានឲ្យឈ្មោះថា «ហ្វ្រង់អេមស្ទេម (Frankenstein)»។ បន្ថែមពីលើនោះ និស្សិតទាំងពីរថែមទាំងបានថតជាវីដេអូ ប្រមាណជា៣នាទីជាង ដើម្បីយកមកចែកផ្សាយឲ្យមនុស្សក្នុងពិភពលោក បានទស្សនានោះផង។
ខ្សែវីដេអូនោះមានចំណងជើងថា ទន្សាយដែលគួរឲ្យភ័យខ្លាចជាងគេក្នុងលោក «ហ្វ្រង់អេមស្ទេម» ហើយមានអមមកជាមួយជានឹងសេចក្ដីពន្យល់ស្ដីពីសត្វដ៏ចម្លែក របស់យុវជនវ័យក្មេងនេះ។ នៅបួនថ្ងៃក្រោយការដាក់វីដេអូនៅលើយូធូប មានមនុស្សចុចចូលមកទស្សនាច្រើនជាង ២០០ពាន់នាក់។
លោក ចូ ស្តេនជេល (Joe Stangel) ភ្នាក់ងារមួយរូប មកពីការិយាល័យធនធនធម្មជាតិនៃរដ្ឋមីណេសូតា ជឿថាទន្សាយនោះ អាចផ្ទុកមេរោគមួយ ឈ្មោះប៉ាពីយ៉ូម៉ាវាយរ៉ីស (Papillomavirus) នៃជម្ងឺមហារីកមួយប្រភេទ។ រោគសញ្ញារបស់ជម្ងឺនេះ វាបានផ្ដល់រូបរាងចេញមកខាងក្រៅ ដូចទៅនឹងអ្វីដែលយុវជនទាំងពីរនិយាយក្នុងវីដេអូយ៉ាងដូច្នេះ។
លោក ចូ បានបន្ថែមថា គេត្រូវរងចាំ ការវិភាគមួយយ៉ាងច្បាស់លាស់ត្រឹមត្រូវ ពីសំណាក់គ្រូពេទ្យសត្វ។ តែលោកបានអះអាថា វាជាករណីកម្រណាស់ ដែលមេរោគប្រភេទនេះ ធ្វើការវាយប្រហារ ទៅលើក្បាលសត្វយ៉ាងដូចនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្ចាស់វីដេអូទាំងពីររូប បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ពីក្រុមអ្នកទស្សនា ដែលបរិហារថា បាន«សើចនៅលើគំនរទុក្ខ»របស់សត្វឈឺ ព្រោះតែគេបានលឺសូរ យុវជនទាំងពីរសើចសប្បាយ នៅក្នុងវីដេអូនោះ។ យុវនិស្សិត ហ្គូណារ ប៊ូទេឆ័រ បានតបវិញថា ពួកខ្លួនមិនបានរងចាំអ្វី ពីវីដេអូនេះ ដែលបានថតជាមួយនឹងប្អូនប្រុសរបស់នាយ ដើម្បីតែការកំសាន្ដប៉ុណ្ណោះនោះទេ។ វីដេអូដែលក្នុងពេលនេះ តែបានក្លាយជាកម្មវត្ថុ នៃកិច្ចពិភាក្សាមួយយ៉ាងផុសផុល ស្ដីពី«សិទ្ធិរបស់សត្វ»៕
សូមទស្សនាវីដេអូ នៃយុវជនទាំងពីរដូចតទៅ៖
------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ