គ្រូបង្វឹកអ៊ីតាលី ថាបាឡូតេលី ធ្វើទង្វើ«ដូចឆ្កួត» បន្ទាប់ពីឈ្នះ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោកសេសៀ ប្រាណដេលី (Cesare Prandelli) បានស្តីបន្ទោសដល់ខ្សែប្រយុទ្ធម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ថាធ្វើទង្វើដូចឆ្កួត បើទោះបីជាកីឡាករឆ្នើមរូបនេះ បានជួយឲ្យក្រុមអ៊ីតាលីឈ្នះក្រុមម៉ិកស៊ីកូ ២-១ ក្នុងការប្រកួតពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យក៏ដោយ។
ខ្សែប្រយុទ្ធម៉ារីយ៉ូ បាឡូតេលី ដោះអាវចេញនៅពេល ទាត់បញ្ចូលទីរួច។ (រូបថត newswhip.com)
បាឡូតេលី បានជួយរកគ្រាប់បាល់បញ្ចូលទី នៅ១២នាទីមុនចប់ការប្រកួត ហើយក៏ជាគ្រាប់បាល់ជ័យជំនះរបស់ក្រុមអ៊ីតាលីដែរ ប៉ុន្តែលោកប្រាណដេលី បានផ្ទុះកំហឹងដោយសារតែខ្សែប្រយុទ្ធក្រុមអេស៊ី មីឡាន (AC Milan) រូបនេះ ត្រូវពិន័យកាតលឿង បន្ទាប់ពីគាត់អបអរដោយការដោះអាវចេញ។
គួររំឮកថា បាឡូតេលី នឹងត្រូវអវត្តមានការប្រកួតជំរុះ បាល់ទាត់ពិភពលោកចំនួន១ប្រកួត បន្ទាប់ពីកីឡាកររូបនេះ បានរងពិន័យកាតក្រហម កំឡុងពេលប្រកួតជាមួយនឹងក្រុមសាធារណៈរដ្ឋឆែកកន្លងទៅ។
លោកប្រាណដេលី បាននិយាយថា «ម៉ារីយ៉ូ គួរតែឈប់ដោះអាវចេញ បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទីបាន។ ការទទួលកាតលឿងឆ្កួតៗនេះ វាមិនមែនជារឿងល្អនោះទេ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៏ធំដូចនេះ។»
ប៉ុន្តែចំពោះទម្រង់លេងរបស់ក្រុម និងគ្រាប់បាល់ទាត់ពិន័យ (free-kick) របស់កីឡាករវីរបុរសអ៊ីតាលី អេនដ្រេ ប៉ឺឡូ (Andrea Pirlo) យ៉ាងល្អឥតខ្ចោះនោះ បានធ្វើឲ្យលោកប្រាណដេលី ពិតជាមានភាពស្កប់ស្កល់។
គាត់បាននិយាយថា «វាជាការប្រកួតបច្ចេកទេសមួយ ប៉ុន្តែយើងបានគ្រប់ដណ្តប់លើពួកគេជាង។ ម៉ិកស៊ីកូ គេព្យាយាមចូលឲ្យដល់កៀកទីរបស់យើង ហើយពួកយើងក៏ធ្វើការរារាំងបានល្អដែរ ប៉ុន្តែគ្រាន់តែមានកំហុសឆ្គងបន្តិច ដែលធ្វើឲ្យពួកគេទទួលបានបាល់ចំនេញប៉េណាល់ទី។»
ការប្រកួតបន្ទាប់របស់អ៊ីតាលី នឹងត្រូវជួបជាមួយក្រុមស៊ាំមួរៃខៀវជប៉ុន នៅថ្ងៃទី១៩ ខែមិថុនាខណៈដែលក្រុមម្ចាស់ជើងឯកអាស៊ីមួយនេះ ទើបតែចាញ់ក្រុមម្ចាស់ផ្ទះប្រេស៊ីល ៣-០ ហើយការប្រកួតចុងក្រោយសម្រាប់ក្នុងពូល នឹងត្រូវជួបជាមួយនឹងក្រុមស៊ាំបាប្រេស៊ីល នៅថ្ងៃទី២២ ខែមិថុនានេះដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ