ព័តមានសំខាន់ៗ និងទស្សនៈសារព័ត៌មានចេញផ្សាយចុងសប្ដាហ៍
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសប្តាហ៍ទីម្ភៃបួននេះមានពព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗជាច្រើន ដែលពាក់ពន្ធ័និងសិទ្ធិមនុស្ស ក៏ដូចជារឿងនយោបាយបានកើតឡើងជាបន្តរបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទាំងឯករាជ្យ ទាំងស្រប និងជំទាស់ បានធ្វើរបាយការណ៍ និងការបញ្ចេញនូវទស្សនៈផ្សេងៗគ្នា ទាក់ទងនឹងហេតុការណ៍ទាំងអស់នោះ។
កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។
តាមគេហទំព័រវិទ្យបារាំង(rfi)ចុះថ្ងៃទី១៣ ខែមិថុនា មានចំណងជើងថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យផ្អាកបាតុកម្មប្រឆាំងលោក កឹម សុខា» ដើម្បីបង្កើនបរិយាកាសនៃការបោះឆ្នោត ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ការអំពាវនាវនេះដោយសារតែលោក កឹម សុខា បានថ្លែងក្នុងរយៈសន្និសីទកាសែតកាលពីថ្ងៃទី១២ថា សុវត្ថិភាពរបស់លោកកំពុងស្ថិតក្រោមការគំរាមកំហែង និងមានការរំខានដល់សកម្មភាពនយោបាយ របស់គណបក្សសង្គ្រោះជាតិទាំងមូល ដោយសារតែមានការតាមរំខានពីក្រុមប្រជាជនដែលអះអាងថាបានរងគ្រោះ ដោយរបបខ្មែរក្រហម។ វិទ្យុនេះថាមេដឹកនាំចលនាបាតុកម្មមហាជនលោក ជុំ ម៉ី ស្នើរដល់ប្រជាពលរដ្ឋដែលគ្រោងធ្វើការតវ៉ាបន្ត ឲ្យស្ថិតក្នុងសភាពស្ងប់ស្ងាត់តាមការអំពាវនាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែលោក ជុំ ម៉ី ថានឹងមានបណ្តឹងប្រឆាំងនឹងលោក កឹម សុខា ទៅតុលាការនោះពាក់ពន្ធ័នឹងរឿងនេះ។
ដោយមានការរារាំងនៃក្រុមបាតុកម្មរំខាន ដល់សកម្មភាពរបស់មេបក្សប្រឆាំងលោក កឹម សុខា មិនចេះចប់មិនចេះហើយបែបនេះ តាមការអះអាងរបស់គេហទំព័រស៊ីអ៊ីអិន (cen) ថាលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាសព្រមាន ថាគណបក្សប្រឆាំង នឹងមិនចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ទេ។ ជាពិសេសនៅថ្ងៃទី១៤នេះ មានលេចចេញបណ្តឹងថ្មីមួយទៀតប្រឆាំងលោក កឹម សុខា ដែលប្តឹងដោយលោក ជុំ ម៉ី និងជនរងគ្រោះ ក្នុងរបបខ្មែរក្រហម។ គេហទំព័រនេះបន្តរថា ចំពោះការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខឲ្យប្រាកដនោះ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំគ្នាពិភាក្សានាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣នេះជាបន្តរ។
ចំពោះបញ្ហាសិទ្ធិមនុស្ស និងច្បាប់វិញ ក្នុងសប្តាហ៍នេះក៏មានរឿងគួរឲ្យចាប់អារម្មណ៍ផងដែរ ដូចករណីលោកស្រីយ៉ោម បុប្ផា និងករណីលោកឈូក បណ្ឌិតជាដើម។ តាមគេហទំព័ររបស់វិទ្យុវីអូអេ(voa) កាលពីថ្ងៃទី១៤ ខែមិថុនានេះ បានចុះផ្សាយក្រោមចំណងជើងថា «តុលាការសាលាឧទ្ធរណ៍ផ្តន្ទាទោសអ្នកស្រីយ៉ោមបុប្ផា ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ»។ គេហទំព័រនេះបន្តរថាសាលាឧទ្ធរណ៍បានសម្រេច ផ្តន្ទាទោសអ្នកស្រីយ៉ោម បុប្ផា សកម្មជនតរ៉ាវរឿងវិវាទដីធ្លីដ៏លេចធ្លោមួយនៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ពីបទផ្តើមគំនិតឲ្យមានអំពើហិង្សា។ ចៅក្រមជំនុំជម្រះបានតម្កល់ការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញដោយព្យួរទោសចំនួន១ឆ្នាំ ក្នុងចំណោមទោសជាប់ពន្ធនាគារទាំងបីឆ្នាំ។ ប៉ុន្តែចៅក្រមរូបនេះ បានប្តូរបទចោទពី«បទបង្កអំពើហិង្សាដោយចេតនា» មកជាបទ«ផ្តើមគំនិតឲ្យមានអំពើហិង្សា»វិញ។ ការសម្រេចនេះត្រូវបានមន្ត្រីសង្គមស៊ីវិលលោក អំ សំអាតអះអាងថា «នៅតែអយុត្តិដដែលសម្រាប់អ្នកស្រីយ៉ោម បុប្ផា ពីព្រោះយើងមើលការដេញដោលនេះ យើងមិនទាន់រកឃើញថា អ្នកណាជាអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដទេ»។
ស្របជាមួយគ្នានេះដែរ នៅឯតុលាការខេត្តស្វាយរៀងវិញ តាមគេហទំព័រកោះសន្តិភាពចុះថ្ងៃទី១៥ ខែមិថុនា បានដាក់ចំណងជើងថា «សវនាការសំណុំរឿងលោកឈូក បណ្ឌិត បានបញ្ចប់ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ មិថុនា» បានបង្ហាញថា សាលាដំបូងខេត្ត បន្ទាប់ពីសវនាការដំណើរការអស់រយៈពេល៣ថ្ងៃរួចមក ដោយគ្មានវត្តមានលោកឈូក បណ្ឌិត មានសាក្សីចំនួន២១ នាក់ ដែលចូលខ្លួនបំភ្លឺ ក្នុងនោះមាន១៦នាក់ បានដាក់បន្ទុកទៅលើលោកឈូក បណ្ឌិត និង៤នាក់ទៀតបានឃើញលោកឈូក បណ្ឌិត កាន់កាំភ្លើង ហើយឃើញបាញ់ទៅលើកម្មការិនី។ គេហទំព័រនេះបន្តរថា សម្រាប់លទ្ធផលយ៉ាងណានោះ នឹងធ្វើការប្រកាសសាលក្រមនៅថ្ងៃទី២៥ មិថុនា។ ឯលោកសរ ចន្ថា ជនត្រូវចោទដែលមានវត្តមានក្នុងសវនា លោកសង្ឃឹមថា រូបលោកគ្មានពាក់ព័ន្ធក្នុងរឿងនេះទេ ហើយច្បាប់នៅព្រះរាជាណាចក្រកម្ពុជា គឺសុក្រឹតណាស់ អ្នកប្រព្រឹត្តត្រូវតែមានទោស ដូច្នេះរូបលោកនឹងទទួលបានយុត្តិធម៌។
នៅថ្ងៃទី១២ មិថុនានេះ គេហទំព័រដើមអំពិល (dap) ដែលមាននិន្នាការទៅបក្សកាន់អំណាច បានចុះផ្សាយពីការចុះផ្ទៀងផ្ទាត់ ចំនួនតួលេខគ្រួសារ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ក៏ដូចជានៅ បុរីកីឡា ថ្មគោល តាមនីតិវិធីបន្តរបន្ទាប់ ដោយមន្រ្តីសាលារាជធានីភ្នំពេញ សហការជាមួយអង្គការសង្គមស៊ីវិល ។ គេហទំព័រនេះបន្តថា ដោយមានការលូកដៃច្រើនពីគណបក្សនយោបាយ និងសង្គមស៊ីវិល ទើបមានការរាំងស្ទះក្នុងការដោះស្រាយបញ្ហាជូនជនរងគ្រោះ។ តាមរយៈយុទ្ធសាស្រ្តពង្រួញទំនាស់ ពង្រីកការដោះស្រាយ បញ្ហានេះនឹងត្រូវដោះស្រាយបញ្ចប់ នាពេលខាងមុខដ៏ឆាប់ៗនេះដោយភាពសិ្នតស្នាល និងសហប្រតិបតិ្តការក្នុងរូបភាពតែមួយ។
ទោះជាយ៉ាងនេះក្តីបញ្ហាដីធ្លីនៅតែជាបញ្ហាចំបង ដែលបានកើតឡើងស្ទើគ្រប់ខេត្តក្រុងនៅកម្ពុជា ឯដំណោះស្រាយហាក់បីដូចជាមានភាពយ៉ឺតយ៉ាវ មិងមិនច្បាស់លាស់នៅឡើង។ តាមគេហទំព័ររបស់វិទ្យុអាស៊ីសេរី (rfa) ចុះថ្ងៃទី១៤ មិថុនា បានដាក់ចំណងជើងថា «អង្គការឃ្លាំមើលសិទ្ធិមនុស្ស រិះគន់យុទ្ធនាការវាស់ដីថាមិនមានតម្លាភាព»។ គេហទំព័រនេះសរសេរថាអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចោទប្រកាន់យុទ្ធនាការវាស់វែងដីជូនប្រជាពលរដ្ឋ របស់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ថាអាចធ្វើឲ្យប្រជាពលរដ្ឋរាប់សែនគ្រួសារបាត់បង់ដីធ្លី ដោយសារយុទ្ធនាការនេះមិនមានតម្លាភាព និងខ្វះការទទួលខុសត្រូវ និងបន្តររិះគន់ថាយុទ្ធនាការកម្មវិធីវាស់ដីជូនប្រជាពលរដ្ឋនេះ បង្កប់ទៅដោយភាពអាថ៌កំបាំង មានអំពើពុករលួយ ការគំរាមកំហែងនយោបាយ និងនាំឲ្យមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ឆ្លៀតឱកាសយកលេស ប្រើនូវយុទ្ធនាការនេះបន្លំរំលោភយកដីពីប្រជាពលរដ្ឋដោយ ស្របច្បាប់កាន់តែច្រើនឡើងថែមទៀត។ ជាពិសេសសហគមន៍ជនជាតិដើមភាគតិច ជាច្រើនបានបាត់ដីសហគមន៍ដែលជាដីប្រពៃណី ដូចជាដីសហគមន៍សម្រាប់ធ្វើពិធីសក្ការបូជា ដីផ្នូរសម្រាប់កប់សពជាដើម។
ដោយឡែក គេហទំព័រមនសិការខ្មែរ ដែលមាននិន្នាការទៅបក្សប្រឆាំង បានចេញចុះផ្សាយនូវអត្ថបទ មានចំណងជើងថា «លោកប្រធាន សម រង្ស៊ី ជឿជាក់លើក្តីសុបិនរបស់យុវជន ហើយប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិ ផ្តាច់មុខរបស់ក្រុមអ្នកដឹកនាំពុករលួយនោះទេ» កាលពីថ្ងៃទី១៤ មិថុនានេះ តាមបែបឃោសនានយោបាយទៅវិញ។ អត្ថបទនេះបានលើកឡើងថា លោក សម រង្ស៊ី មានការជឿជាក់យ៉ាងខ្លាំងចំពោះចរន្តដ៏ពុះកញ្ជ្រោល របស់យុវជនខ្មែរជំនាន់ក្រោយដែល ចូលរួមជាមួយគណបក្សសង្គ្រោះជាតិកាន់តែច្រើនឡើងៗ ក្នុងបេសកកម្មរំដោះប្រទេសជាតិឲ្យរួចផុត ពីភាពក្រីក្រនិងការដឹកនាំមិនត្រឹមត្រូវរបស់លោក ហ៊ុន សែន។
គេហទំព័របន្តរថា វត្តមានរបស់យុវជនជំនាន់ក្រោយ ដែលនាំគ្នាភ្ញាក់រលឹកមកចូលរួមស្តាប់សារនយោបាយរបស់លោក សម រង្ស៊ី នៅតាមវេទិកាសាធារណៈនានា ដែលមានចំនួនច្រើនលើសលុប។ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក៏ផ្តើមចេញពីកម្លាំងយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ។ គេហទំព័រនេះថា សារនយោបាយដ៏សំខាន់របស់លោក សម រង្ស៊ី ចង់ទាក់ទាញអារម្មណ៍យុវជនខ្មែរជំនាន់ក្រោយ ឲ្យភ្ញាក់រលឹកទាមទារ អំណាចពីលោក ហ៊ុន សែន មកវិញ និងមិនត្រូវឲ្យមន្ត្រីពុករលួយ មេដឹកនាំដែលគិតតែ ប្រយោជន៍ផ្ទាល់ខ្លួន គ្រប់គ្រងជោគវាសនាប្រទេសជាតិទេ ហើយការបោះឆ្នោតជាតិអាណត្តិទី៥នា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ជាដំណាក់កាលចុងក្រោយ ដែលត្រូវរួមគ្នាសង្គ្រោះប្រទេសជាតិឲ្យបានទាន់ពេលវេលា។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ