កម្ពុជា៖ ខ្លីៗពីព្រឹត្តិការណ៍នយោបាយចំនួនបី នៅចុងសប្ដាហ៍
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ថ្ងៃទី០៩ខែមិថុនា ដែលដឹកនាំដោយអតីតអ្នកទោសគុកទួលស្លែង នៃរបបខ្មែរក្រហមមួយរូប និងថ្លែងគាំទ្រជាសារធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះមក ព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជាបន្តវិវត្តន៍ទាំងមុខ ជាមួយនឹងហេតុការណ៍ជាច្រើន។ ប៉ុន្តែសម្រាប់គណបក្សប្រឆាំង និងលោក កឹម សុខា បានចោទគណបក្សកាន់អំណាច ថានៅពីក្រោយព្រឹត្តិការណ៍ទាំងនោះ ដើម្បីរំខានក្រុមរបស់ខ្លួន។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
អ្នកជំនាញ ខាងការវិភាគបញ្ហាសង្គម និងនយោបាយកម្ពុជា បានសន្និដ្ឋានថា គ្រប់និន្នាការនិងសកម្មភាព ដែលប្រឆាំងទៅនឹងគណបក្សសង្គ្រោះជាតិ ទំនងជាមានការគាំទ្របីបក្សកាន់អំណាច ជាពិសេសសកម្មភាពដឹកនាំធ្វើបាតុកម្មដោយលោក ជុំ ម៉ី។
អង្គការសង្គមស៊ីវិលមួយចំនួន ក៏បានយល់ឃើញដែរថា បើទោះជាគ្មានអំពើហិង្សា ផ្នែកនយោបាយណាមួយធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែការគំរាមកំហែង ការបំភិតបំភ័យ និងការរំខានយាយីផ្នែកនយោបាយ នៅតែមានជាបន្តបន្ទាប់ តាំងពីថ្នាក់មូលដ្ឋានមកដល់ថ្នាក់ជាតិ ជាពិសេស ការដកតួនាទីតំណាងរាស្ត្រគណបក្សប្រឆាំង ទាំង២៩រូបពីរដ្ឋសភា កាលពីចុងសប្ដាហ៍មុន។
ប៉ុន្តែនៅចុងសប្ដាហ៍នេះ សភាពការណ៍នយោបាយនៅកម្ពុជា បានធ្វើឲ្យមានការកត់សម្គាល់ តាមរយៈព្រឹត្តិការណ៍ចំនួនបីទៀតដូចខាងក្រោម៖
- លោក ហ៊ុន សែន ស្នើរឲ្យផ្អាកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា
ក្នុងពិធីសម្ពោធអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ជាមួយនឹងការបដិសេធចោល នូវការចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជា ថាជាអ្នកនៅពីក្រោយលោក ជុំ ម៉ី ដើម្បីដឹកនាំបាតុកម្មប្រឆាំងលោក កឹម សុខានោះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជាក់ថា បើគណបក្សប្រជាជននៅពីក្រោយបាតុកម្មមែននោះ លោក កឹម សុខា មុខជាស្វែងរកស្ថានទូតណាមួយ ដើម្បីជ្រកកោនហើយ។ លោកក៏បានប្រកាសផងដែរថា នឹងប្ដឹងលោក កឹម សុខា ពីបញ្ហានេះទៅតុលាការ នៅក្រោយការបោះឆ្នោត។
តែជាបណ្តោះអាសន្ន លោកបានអំពាវនាវដល់លោក ជុំ ម៉ី និងជនរងគ្រោះក្នុងរបបខ្មែរក្រហមផ្សេងទៀត ឲ្យផ្អាកធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីឲ្យមានការឃោសនា និងការបោះឆ្នោតនាខែខាងមុខ នេះមានលក្ខណៈប្រសើរ។
ការប្រកាសនេះ ត្រូវបានសង្គមស៊ីវិលមួយចំនួន និងគណបក្សសង្គ្រោះជាតិប្រកាសអបអរសាទរ។ ប៉ុន្តែសម្រាប់មតិខ្លះទៀតយល់ថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនត្រូវបាននរណា«បង្អើល ឬធ្វើការផ្អាក»នូវសិទ្ធិនេះបាន ស្រេចតែនឹងចិត្តនោះទេ។
- លោក ជុំ ម៉ី ប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទ«បរិហាកេរ្ដិ៍»
ទោះជាមានការស្នើសុំពីលោក ហ៊ុន សែន យ៉ាងនេះក៏ដោយ លោក ជុំ ម៉ី បានប្រកាសថាលោកនឹងមិនអាចធ្វើតាមការអំពាវនាវ របស់លោក ហ៊ុន សែន នោះទេ ព្រោះការបញ្ឈប់ ឬការផ្អាកអាស្រ័យលើលោក កឹម សុខា តែម្នាក់គត់។ បើលោក កឹម សុខា នៅតែប្រកាន់ជំហរមិនសុំទោសនោះ លោក ជុំ ម៉ី ថាបាតុកម្មនឹងនៅបន្តធ្វើគ្រប់ទីកន្លែង។
ជាចុងក្រោយអតីតអ្នកជាប់ពន្ធនាគារទួលស្លែងរូបនេះ បានសម្រេចចិត្តផ្អាកការធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ជាបណ្ដោះអាសន្នសិន រង់ចាំដល់ពេលក្រោយការបោះឆ្នោត។ ប៉ុន្តែកាលព្រឹកថ្ងៃទី១៤ ខែមិថុនានេះ លោកបានដាក់ពាក្យប្ដឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិពី «បទបរិហាកេរ្ដិ៍»ជាសាធារណៈតាមមាត្រា ៣០៥ នៃក្រម ព្រហ្មទណ្ឌ»។
សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ។
- អ្នកស្រី កែវ សុផាន់ណារី ប្តឹងមនុស្ស៤នាក់របស់គណបក្សសង្គ្រោះជាតិ ពីបទបង្ករបួសស្នាម
បន្ទាប់ពីបានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ទាមទាថ្លៃចិញ្ចឹមកូនពីលោក កឹម សុខារួចមក អ្នកស្រី កែវ សុផាន់ណារី បានប្រកាសតាមប្រពន្ធ័ផ្សព្វផ្សាយថា នឹង«តាមលង»លោក កឹម សុខា នៅគ្រប់វេទិការសាធារណៈទាំងអស់។
នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ អ្នកស្រី កែវ សុផាន់ណារី ដែលអះអាងថាជាស្ត្រីកំណាន់ឬ ប្រពន្ធចុងរបស់លោក កឹម សុខា និងម្តាយរបស់ខ្លួន ត្រូវបានរងគ្រោះ ពីការវាយតប់នៅមុខវេទិកាគណបក្សសង្គ្រោះជាតិនៅឯខេត្តព្រែវែង បង្កដោយអង្គរក្ស និងក្មួយស្រីលោក កឹម សុខា។ អ្នកស្រីបានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែងដោយចោទប្រកាន់មនុស្សបួននាក់ ពី«បទបង្ករបួសស្នាម» កាលពីថ្ងៃទី១៤ មិថុនា ២០១៣។
ប៉ុន្តែសាក្សីនៅផ្ទាល់កន្លែង បាននិយាយថា មិនមានការវាយតប់ណាមួយនោះទេ ក្រៅតែពីការបញ្ជៀសមិនឲ្យស្ត្រីទាំងពីរ ចូលទៅជិតលោក កឹម សុខា។ ផ្ទុយទៅវិញ អ្នកស្រី កែវ សុផាន់ណារី និងម្ដាយ ត្រូវបានជម្លៀសខ្លួនចេញដោយមន្ត្រីនគរបាលមូលដ្ឋាន និងក្រោយមកវត្តមានរបស់អ្នកទាំងពីរ ត្រូវបានឃើញនៅរាជធានីភ្នំពេញ។ បុត្រីរបស់លោកកឹម សុខា និងជាអគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈ គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានថ្លែងថា អ្នកគាំទ្ររាប់ពាន់នាក់បានចូលរួមព្រឹត្តិការណ៍នៅខេត្តព្រៃវែង ហើយពុំឃើញកើតមានអំពើហិង្សាឡើយ។ ដក់ស្រង់សម្ដីដោយកាសែតភ្នំពេញប៉ុស្ដ៍ កញ្ញាបានបន្តថា៖ «ខ្ញុំគិតថា អ្វីដែលស្ត្រីនោះកំពុងនិយាយគឺមិនត្រឹមត្រូវ ហើយដើម្បីបង្កចលាចលដល់លោក កឹម សុខា និងអង្គរក្ស»។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ