ពេជ្រ សីហា សងសឹកឲ្យសិស្សច្បងបានសម្រេច តែប៊ុននឿនចាញ់ថៃ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រដាល់កម្ពុជា ពេជ្រ សីហា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្តួលកីឡាករថៃ សែន ឆៃណយ (Sen Chhai Noiy) ឲ្យសន្លប់ក្នុងទឹកទី ៣ ក្នុងការប្រកួតប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិនៅសង្វៀនប៉ុស្តិ៏លេខ៥ នាកីឡាដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arena) នាយប់ថ្ងៃទី២៥ មេសា យប់ម៉ិញ។
អ្នកប្រដាល់ជើងចាស់ សៅ ប៊ុននឿន ប្រកួតចាញ់កីឡាករថៃដោយពិន្ទុ។
អ្នកប្រដាល់ថៃ សែន ឆៃណយ ធ្លាប់ប្រកួតឈ្នះពិន្ទុលើកីឡាករ អូត ភូថង ដែលជាសិស្សច្បងរបស់ សីហា កាលពីខែមុននោះ ត្រូវបានកីឡាករកណ្តាប់ដៃដែក បំបែកផ្ទាំងសិលា ពេជ្រ សីហា វ៉ៃឲ្យរ៉ាប់ ៨ ចំនួន ២ដង នៅទឹកទី២។
នៅទឹកទី៣ ឆៃណយ បានពង្រឹងស្មារតីឡើងវិញ ដោយបានវាយតបទៅលើសីហា បានដូចគ្នា ប៉ុន្តែអ្នកប្រដាល់កម្លាំងខ្លាំងសីហា នៅតែតាមវ៉ៃសម្រុក រហូតដល់កីឡាករថៃរូបនោះ ដួលលើសង្វៀនជាថ្មីម្តងទៀត ហើយក៏បោះបង់ការប្រកួតតែម្តង។
ពេជ្រ សីហា បានប្រាប់ដល់មនោរម្យព័ងអាំងហ្វូថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលអាចផ្តួលកីឡាករឆ្នើមរបស់ថៃរូបនេះបាន ហើយអាចសងសឹកឲ្យបង ភូថង បានសម្រេច។ ខ្ញុំមិននឹកស្មានថា អាចវ៉ៃគាត់ឲ្យសន្លប់បាននោះទេ ប៉ុន្តែដោយសារតែខ្ញុំ វ៉ៃចំផ្ទៃមុខរបស់គាត់ មួយដៃ ទើបមានឱកាសបែបនេះ។»
រីឯអ្នកប្រដាល់ជើងចាស់ សៅ ប៊ុននឿន របស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ត្រូវបានកីឡាករថៃ ប៊ិក បេល (Big Bell) យកឈ្នះដោយពិន្ទុ។ គូនេះវ៉ៃតបតគ្នា ចាប់តាំងពីទឹកទី១ រហូតដល់ទឹកទី ៥ ដោយសារតែពួកគេ មានកម្លាំងខ្លាំងៗដូចគ្នា។
ប៊ុននឿន ហាក់ដូចជាមានអំណួតបន្តិចដោយសារតែ គាត់មានមាឌធំជាង ប៉ុន្តែទោះជាយ៉ាងណា សមត្ថភាពវ៉ៃចំគោលដៅ មានតិចជាងអ្នកប្រដាល់ឆ្លងដែន ប៊ិក បេល ហើយកីឡាករថៃរូបនោះ ប្រើប្រាស់កែងបានយ៉ាងល្អ ដែលធ្វើឲ្យប៊ុននឿន បែកក្បាល ចិញ្ចើម និងបបូរមាត់ ថែមទៀតផង។
ចំណែកកីឡាករ ហ៊ឹម សារ៉ាន់ របស់សមាគមប្រដាល់ក្រសួងការពារជាតិ ដែលធ្លាប់ជោគជ័យទាំង ៣លើក ក្នុងការប្រកួតអន្តរជាតិនោះ ត្រូវបានអ្នកប្រដាល់ថៃ សាក សាយ៉ាម (Sak Sayam) វ៉ៃឲ្យសន្លប់ នៅពាក់កណ្តាលទឹកទី១។
កណ្តាប់ដៃរបស់កីឡាករវ័យចំណាស់ សាក សាយ៉ាម បានវ៉ៃចូលផ្ទៃមុខ សារ៉ាន់ ពេញៗ ហើយក៏ត្រូវបានអាជ្ញាកណ្តាលរ៉ាប់៨ លើកទី១ ប៉ុន្តែសារ៉ាន់ ងក់ក្បាល់អាចបន្តទៀតបាន។ កណ្តាប់ដៃ សាយ៉ាម ធ្ងន់ៗដដែល បានបន្ថែមទៅលើផ្ទៃមុខសារ៉ាន់ទៀត ធ្វើឲ្យអ្នកប្រដាល់កម្ពុជា សន្លប់ត្រឹមទឹកទី១ តែម្តង។
រីឯគូអន្តរជាតិចុងក្រោយ អ្នកប្រដាល់ចាស់វស្សា ជ័យ កុសល សិស្សគណក្លឹបសិង្ហកីឡា ដែលប្រកួតអន្តរជាតិកន្លងមក ចាញ់ច្រើនជាឈ្នះនោះ ប្រកួតបានត្រឹមស្មើ ជាមួយនឹងអ្នកប្រដាល់ បារាំង វីកតូរៀ (Victory) បន្ទាប់ពីវ៉ៃសង្គ្រប់លើគ្នាទៅវិញទៅមក រហូតដល់ចប់ទឹកទី៥៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ