ចិន៖ រញ្ជួយដីនៅស៊ីឈ័ន តុល្យភាពឡើងធ្ងន់ ជាង១៦០នាក់ស្លាប់ និងជាង៦ពាន់នាក់របួស
តុល្យភាពចុងក្រោយ បានអោយដឹងថា មនុស្សច្រើនជាង១៦០នាក់ បានបាត់បង់ជីវិត និងប្រមាណជា៦៧០០នាក់ផ្សេងទៀតរងរបួស។ នេះជាការរញ្ជួយដីជាថ្មីទៀត ខណៈខេត្តស៊ីឈ័ននេះ ធ្លាប់បានរងគ្រោះរញ្ជួយព្រះធរណីនេះម្ដងរួចមកហើយ តាំងពី៥ឆ្នាំមុន។
បើទោះជាកម្រិតនៃភាពរញ្ជួយ មានត្រឹមតែ៦,៦រីស្ទើរ តិចជាងការរញ្ជួយដីឆ្នាំ២០០៨ក៏ដោយ តែលើកនេះការខូតខាតមិនសូវជាខុសគ្នាទេ ដោយរាប់ទាំងការបផ្លិចបំផ្លាញអាគារលំនៅដ្ឋាន ការធ្លាក់បាក់ដី ការផ្ដាច់ចរន្ដអគ្គិសនី និងការផ្ដាច់ទូរគមនាគមន៍នោះផង។ អាជ្ញាធរបានបញ្ជាក់ថា អាគារដែលនៅចំកន្លែងរញ្ជួយ ត្រូវបានបំផ្លាញសឹងតែទាំងអស់ បើគិតជាតួលេខមិនតិចជាង ១០ពាន់ខ្នងនោះទេ។
រូបភាពដែលផ្សាយតាមស្ថានីយ៍ទូរទស្សន៍ចិន ទីលានហាលវាល នៅខាងមុខមន្ទីពេទ្យ លូស័ន (Lushan) បានក្លាយជាមជ្ឈមណ្ឌលទទួលជនរងគ្រោះ ដែលបានបញ្ជូនមកទទួលការព្យាបាល។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ដែរថា អ្នកជួយសង្គ្រោះបានដាក់គ្រាប់បែក កម្ទេចផ្ទាំងថ្មដ៏ធំមួយ ដែលបានបាក់ធ្លាក់មកចំកណ្ដាលផ្លូវ បាំងដំណើរការចូលទៅសង្គ្រោះ ភូមិមួយដែលមានឈ្មោះថា ឡុងមិញ (Longmen) និងភូមិដទែទៀតនៅក្នុងតំបន់នោះ។
ការិយាល័យគ្រប់គ្រងការរញ្ជួយដីចិន បានផ្សាយពីការបាត់បង់ជីវិត ថាមានចំនួន១៥៦នាក់ និង៥៥០០នាក់ផ្សេងទៀតរងរបួស។ ការរញ្ជួយដីនេះ បានកើតឡើងប្រមណជាម៉ោង៨ព្រឹកថ្ងៃសៅរ៍ ខណៈដែលប្រជាជននៅក្នុងតំបន់ មានខ្លះកំពុងគេងនៅឡើង និងខ្លះទៀតកំពុងញ៉ាំអាហារពេលព្រឹក។ រូបភាពជាច្រើន ដែលបានបង្ហោះផ្សាយតាមអាំងធើណែត មានទាំងរូបមនុស្សស្លៀកខោអាវក្នុង និងមួយចំនួនទៀតនៅដណ្ដប់ភួយ បានរត់ចេញមកក្រៅ។
នៅយប់ម៉ិញនេះ ខណៈដែលមនុស្សជាច្រើនគ្មានជម្រក ភ្លៀងបានធ្លាក់ចុះមកបន្ថែមទៀត បង្កអោយការជួយសង្គ្រោះ កាន់តែមានការយឺតយ៉ាវ។ ការិយាល័យឧត្តុនិយមចិនបានព្រមានថា អាកាសធាតុបែបនេះ នឹងអាចបន្តទៅទៀតជាច្រើនថ្ងៃ ហើយនឹងអាចធ្វើអោយមានការធ្លាក់បាក់ដីថែមទៀតផង និងគ្រោះថ្នាក់ដទៃទៀត។
បុរសម្នាក់បានរៀបរាប់ប្រាប់អ្នកសារព័តមានថា គាត់ខំប្រឹងធ្វើដំណើរមករកគ្រួសារនៅពេលរញ្ជួយដីនោះ ហើយបានតក់ស្លុតយ៉ាងខ្លាំង ដោយឃើញផ្ទះរបស់គាត់ ត្រូវបានកម្ទេចរាប់ដល់ដី តែមិនបានឃើញសមាជិកណាម្នាក់ នៃគ្រួសាររបស់គាត់សោះ។ ដូនចាស់ម្នាក់ទៀតបានថ្លែងប្រាប់ ពីអារម្មណ៍របស់គាត់ដែរថា វារញ្ជួយខ្លាំង ហាក់ដូចជាភ្នំចេះកម្រើកយ៉ាងដូច្នោះ។
កងទ័ពប្រមាណជា១៧ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ ដើម្បីយុទ្ធនាការការពារ និងជួយសង្គ្រោះ។ ក្រុមអ្នកជួយសង្គ្រោះ បានប្រើប្រដាប់រាវរក និងឆ្កែដើម្បីរកជនរងគ្រោះ ដែលនៅកប់ក្នុងគំនរបាក់បែក។ ទីភ្នាក់ងារព័ត៌មានចិនថ្មី បានរាយការណ៍ថា គេបានទាញមនុស្ស៩១នាក់ ចេញមកបំណែកថ្មបែកបាក់។ ដំណើរការជួយសង្គ្រោះនៅបន្តធ្វើ ហើយតុល្យភាពនៃជនរងគ្រោះ និងភាពខូតខាត នៅតែបន្តកើនឡើង។
សូមរំលឹកថា ក្នុងប្រវត្តិសាស្ត្រ ប្រទេសចិនធ្លាប់រងគ្រោះនឹងគ្រោះរញ្ជួយដី យ៉ាងធ្ងន់ធ្ងរជាងគេ នៅឆ្នាំ១៩៧៦ ក្នុងតំបន់ តង់ស័ន (Tangshan) ផ្នែកឦសាននៃប្រទេស ដែលបានបង្កអោយមានមនុស្សស្លាប់ចំនួន ២៤២ពាន់នាក់ តាមរបាយ-ការណ៍ផ្លូវការ និងរហូតដល់៧០០ពាន់នាក់ បើតាមរបាយការណ៍ដទៃទៀត៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ