ឥណ្ឌា៖ តំណាងរាស្ត្រធ្វើកូដកម្ម«អត់អាហារ» ប្រឆាំងការបើករង្គសាលប្លេប៊យ
តំណាងរាស្ត្រមួយរូប បានគម្រាមថា នឹង«ឈប់ទទួលទានអាហារ» ប្រសិនណាជា ក្រុមហ៊ុនប្លេប៊យ (Playboy) មកបើករង្គសាលរបសខ្លួន នៅក្នុងប្រទេសឥណ្ឌា។ ការគម្រាមនេះ បានកើតឡើង បើទោះជា សម្លៀកបំពាក់របៀប«ស្ត្រីទន្សាយ» ត្រូវបានប្ដូរមក យកលំនាំតាមសម្លៀកបំពាក់ប្រពៃណីជាតិ ដែលរាងខើចលើក្រោម នោះបន្តិចក៏ដោយ។
សម្លៀកបំពាក់ដែលក្រុមហ៊ុនប្លេប៊យ រៀបចំអោយស្ត្រីអ្នកបម្រើការស្លៀក។
អ្នកតំណាងរាស្ត្រឥណ្ឌារូបនោះ បានគម្រាមថា គាត់នឹងចាប់ផ្ដើមការអត់អាហារ ក្នុងករណីដែលមានការបើកទ្វារង្គសាល នៃក្រុមហ៊ុនប្លេប៊យ នៅហ្គាវ (Goa) ផ្នែកខាងត្បូងនៃប្រទេស។ លោកមៃឃើល ឡូបូ (Michael Lobo) ជាតំណាងរាស្ត្រ មកពីគណបក្សអភិរក្សនិយមហ៊ិនឌូ ហៅកាត់ថា BJP បានជម្ទាស់ នឹងការបើកអោយមាន ការកំសាន្តសប្បាយរបៀបនេះ នៅជាប់តំបន់ឆ្នេរ កង់ដូលីម (Candolim) ដែលជាទីតាំងដំបូងគេមួយ ក្នុងចំណោមទីតាំងទាំង១០ផ្សេងទៀត ដែលក្រុមហ៊ុនត្រៀមបើក នៅទូទាំងប្រទេសឥណ្ឌា។
ទៅអង្គុយ ហើយទទួលទានសណ្ដែកដី
«ខ្ញុំនឹងធ្វើការជម្ទាស់ ដោយកូដកម្មអត់អាហារ ដោយមិនមានកំណត់ថ្ងៃ ប្រើសិនជាក្លិបកំសាន្ដ ត្រូវបានអនុញ្ញាត នៅទីក្រុង ហ្គាវ» នេះជាការប្រកាសរបស់អ្នកតំណាងរាស្ត្រ ដោយលោក បានរំពឹងគិតថា «ប្លេប៊យ នឹងប្រែក្លាយហ្គាវ អោយទៅជាទិសដៅមួយ នៃពេស្យ៉ាកម្ម ហើយនឹងធ្វើអោយមានការព្រួយបារម្ភ ដល់វិស័យទេសចរណ៍»។ បើទោះជាស្រីអ្នកបម្រើសេវា នឹងមានក្រណាត់បិតបាំងខ្លួនខ្លះៗក៏ដោយ ក៏លោកបានវាយតម្លៃថា វាច្បាស់ណាស់ដែល នឹងមិនមាននរណាម្នាក់ ចង់ក្លាយជាសមាជិករបស់ក្លិប ដើម្បីគ្រាន់តែ«អង្គុយ ហើយទទួលទាន សណ្ដែកដី»នោះទេ។ លោកបន្ថែមថា «ពួកគេនឹងធ្វើរឿងនេះ ដើម្បីប្រាក់របស់ពួកគេ ហើយរដ្ឋាភិបាលនឹងមិនអាច ត្រួតពិនិត្យពីអ្វីដែលបានកើតឡើង នៅខាងក្នុងបានទេ»។
ប្លេប៊យ លាយស្តៃយ៍ (PB Lifestyle) ដែលក្រុមហ៊ុនធ្វើខ្លួនដ៏ត្រឹមត្រូវមួយ នៃប្លេប៊យ បានប្រកាសកាលពីខែវិច្ឆិការ ឆ្នាំ២០១២កន្លងទៅ ពីបំណងរបស់ខ្លួន ក្នុងការបើកក្លិបកំសាន្ដ ១២០ក្លិប សណ្ឋាគារ ហាងកាហ្វេ និងហាងលក់ដូរផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល១០ឆ្នាំទៅមុខ។
រដ្ឋមន្ត្រីទេសចរណ៍ លោក ឌីលីប ប៉ារូលើការ (Dilip Parulekar) បាននិយាយថា ការអនុញ្ញាតិអោយបើកក្លិបកំសាន្ដទីមួយ ដែលយកគំរូតាមបែបអាមេរិកាំង កំពុងតែស្ថិតនៅក្រោយការសិក្សានៅឡើយ។ លោកបានធានាថា «អាជ្ញាធរ នឹងមិនអនុញ្ញាតអោយមានជាដាច់ខាត នូវភាពអាណាចារ»។
សំពត់សារីស្ដើងមើលធ្លុះ
ដើម្បីយកចិត្តអាជ្ញាធរ នៅក្នុងប្រទេសមួយ ដែលនិយមការអភិរក្សយ៉ាងខ្លាំងនោះ ប្លេប៊យ បានកាត់សម្លៀកបំពាក់ឈុតថ្មី ជំនួសឈុត «ស្ត្រីទន្សាយ» អោយទៅស្ត្រីអ្នកបម្រើការ នៅក្នុងក្លិប។ ឈុតថ្មីនោះ កាត់ជាលក្ខណៈសំពត់សារី មានជាពីរផ្នែកដោយទុកផ្នែកកណ្ដាលពោះ នៅចំហរ។ ប៉ុន្តែស្ត្រីអ្នកបម្រើការ នឹងនៅតែមានពាក់«ត្រជៀក»ធំទាំងពីរ និងលក្ខណៈសម្គាល់ផ្សេងទៀត ដែលមាននៅរង្គសាលក្នុងប្រទេសអាមេរិក។
លោករដ្ឋមន្ត្រី បានសន្យាថា «បើពួកនាងស្លៀកសំពត់សារីស្ដើង មើលធ្លុះនោះ យើងនឹងប្រាប់ពីការជម្ទាស់របស់យើង។ បើការព្រួយបារម្ភរបស់ លោកមៃឃើល ឡូបូ មានភាពជាក់លាក់មែន រង្គសាលនេះនឹងមិនត្រូវបានអនុញ្ញាតឡើយ។»
សូមបញ្ជាក់ថា ការផ្សព្វផ្សាយ«រូបស្រាត»ទាំងឡាយ រួមមានទាំងទស្សនាវដ្ដីប្លេប៊យផង ត្រូវបានហាមឃាត់នៅឥណ្ឌា ដោយច្បាប់មួយ ដែលបានចាត់ទុក ពីការផ្សព្វផ្សាយទាំងនោះ ថាជា«ការអង្រួនអោយមានអារម្មណ៍ត្រេកត្រអាល»៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ