
រកឃើញប្រអប់ខ្មៅនៃយន្ដហោះ «EgyptAir» ដែលធ្លាក់ចូលសមុទ្រកាលពីថ្ងៃព្រហស្បត្តិ៍
ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ «EgyptAir» ត្រូវបានគេរកឃើញហើយ។ នេះបើតាមការប្រកាស របស់បណ្ដាញទូរទស្សន៍អាមេរិកាំង «CBS News» ដោយបានយកប្រភព ស្និតនឹងរដ្ឋាភិបាលអេហ្សីពមកបញ្ជាក់។ ប្រភពនោះបានអះអាងថា ទីតាំងរបស់ប្រអប់ខ្មៅ នៅនឹងតំបន់តែមួយ ដែលអ្នករុករកយន្ដហោះ បានរកឃើញបំណែកយន្ដហោះ និងសាកសពមនុស្សអណ្ដែត ឡើងមកលើសមុទ្រ។ កាលពីថ្ងៃសៅរ៍ កងទ័ពអេហ្សីពក៏បានផ្សព្វផ្សាយដែរ ពីរូបថតនៃបំណែកបែកខ្ញែកជាច្រើន និងសាកសពមនុស្ស ដែលទំនងជាអ្នកដំណើរនៅលើយន្ដហោះ។
យន្ដហោះ «AirBus» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលមានជើងហោះហើរលេខ «MS804» បានហោះចេញទីព្រលានយន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃពុធសប្ដាហ៍នេះ វេលាម៉ោង២៣ ហើយត្រូវមកចុះចត នៅព្រលានយន្ដហោះ នៃរដ្ឋធានីគែរ ប្រទេសអេហ្សីព នៅព្រឹកទៀបភ្លឺថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ០៣ និង០៥នាទី (ម៉ោងក្នុងស្រុក)។ [...]