ដង្ហែក្បួនទិវាសិទ្ធិមនុស្ស៖ អង្គការសង្គមស៊ីវិលសុំប្ដូរទិសដៅ
ការស្នើរសុំជាបន្ត ទៅកាន់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសំណើរលើកទីមួយ របស់ពួកគេ ដែលសុំដើរដង្ហែជាក្បួន ពីពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅសួនច្បារ មុខវត្តបទុមវត្តីនៅថ្ងៃទី១០ ខែធ្នូខាងមុខ ត្រូវបានសាលារាជធានីបដិសេធ និងប្រាប់ឲ្យប្ដូរទិសដៅ ត្រឹមតែពីមុខស្ថានីយអយស្ម័យាន ទៅកាន់ទីលានប្រជាធិបតេយ្យ ដែលមានចំងាយពីគ្នា ប្រមាណជា១០០ម៉ែត្រប៉ុណ្ណោះ។
តំណាងសម្ព័ន្ធអង្គការសង្គមស៊ីវិល និងជាប្រធានលេខាធិការ គណៈកម្មាធិការ នៃអង្គការសមាគមការពារសិទ្ធិមនុស្ស (CHRAC) លោក សួន ប៊ុនសក្តិ បានឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិល នៅតែរក្សាជំហរ ក្នុងការហែក្បួន តែដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដូចការអះអាងរបស់សាលារាជធានីនោះ សង្គមស៊ីវិលបានសម្រេចផ្លាស់ប្តូរ ការប្រមូលផ្តុំ ទៅខាងមុខមន្ទីររដ្ឋសភាជាតិវិញ ហើយហែរទៅប្រមូលផ្តុំនៅលើទីលានប្រជាធិបតេយ្យវិញ [...]