ឆ្នាំថ្មី! ពលរដ្ឋរងគ្រោះនៅបឹងកក់រអ៊ូថា គ្មានដំណោះស្រាយថ្មី!
ពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ដែលបានរងគ្រោះ នឹងការបណ្ដេញចេញ បានថ្លែងលើកឡើង ពីការត្អូញត្អែររបស់ពួកគេថា មកដល់ពេល ក្រោយចូលឆ្នាំថ្មីនេះហើយ តែពួកគាត់នៅតែរង់ចាំ ការដោះស្រាយ របស់សាលារាជធានីភ្នំពេញ ដែលមិនទាន់ដាច់ស្រេចនោះ ដដែល។
រស់នៅក្នុងខ្ទម លើតំបន់អភិវឌ្ឍន៍បឹងកក់ ដែលមានទំហំប្រមាណ ៩០ ហិកតា និងមកដល់សព្វថ្ងៃ នៅសល់តែវាលខ្សាច់ គ្មានអ្វីទាំងអស់នោះ លោក ឃិន ចន្ថា បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ថា គ្រួសារលោកមានកូន៤នាក់ កំពុងរស់នៅលើដី ដែលត្រូវបានក្រុម ស៊ូកាគូ ចាក់បំពេញ និងកំពុងរង់ចាំសំណងសមរម្យ ពីសាលារាជធានីភ្នំពេញ។ ប៉ុន្តែមួយលើក ជាពីរលើក សាលារាជធានី នៅតែបន្តនិយាយ ទាំងមិនច្បាស់លាស់ និយាយបាតដៃខ្នងដៃ ម្តងថាឲ្យ៣ប្លង់ ម្តងថាមិនឲ្យ។ លោកបានពន្យល់ថា អ្នកទាំង៨គ្រូសារ ដែលហ៊ានទទួលយកដីនោះ ដោយសារតែដី ដែលពួកគាត់នៅពីមុន មានតិចជាងពីរប្លង់ [...]