អតីតអ្នកច្បាប់ថា បណ្ដឹងរឿង«ក៥»ប្រឆាំង ហ៊ុន សែន-ហេង សំរិន មិនអាចធ្វើបាន
បណ្ដឹងរបៀបនេះ អាចធ្វើទៅបាន លុះត្រាមានការព្រមព្រៀង រវាងអង្គការសហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលខ្មែរមួយ ដែលមិនមែន ជារដ្ឋាភិបាលដឹកនាំដោយរដ្ឋាភិបាល លោក ហ៊ុន សែន (ដូចទៅនឹងករណីសាលាក្ដីវិសាមញ្ញ ដែលកំពុងកាត់ទោស មេដឹកនាំខ្មែរក្រហម សព្វថ្ងៃ)។ គេមិនអាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «ក៥» នេះ ចូលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ តាមភាសាអង់គ្លេស «ICC» ឬភាសាបារាំង «CPI») បានទេ ដោយហេតុថា សាលាក្ដីអន្តរជាតិមួយនេះ គ្មានយុត្ថាធិការ ដើម្បីចាត់ការទៅលើសំនុំរឿង ដែលបានកើតឡើង មុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ (ថ្ងៃដែលអនុសញ្ញាក្រុង រ៉ូម ទាក់ទងនឹងការបង្កើតសាលាក្ដីនេះ បានចូលជាធរមាន) នោះឡើយ។
ខាងលើនេះ ជាសេចក្ដីសង្ខេបមួយ ពីការលើកឡើងរបស់អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែលសព្វថ្ងៃកំពុងរស់នៅ ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសបារាំង។ [...]