ផ្ទុះគ្រាប់បែកនៅ ម៉ានីល របួស១៤នាក់ មុនជំនួបកំពូលអាស៊ាន
មនុស្ស១៤នាក់ បានរងរបួស ក្នុងនោះ មាន២នាក់បានរងរបួសធ្ងន់ ពីការបំផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ ក្នុងសង្កាត់ «Quiapo» កណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន នៅវេលាម៉ោង ២៣ យប់ថ្ងៃសុក្រ នៅមុនជំនួបកំពូលអាស៊ាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ (ចាប់ផ្ដើមប្រជុំ នៅព្រឹកថ្ងៃសៅរ៍)។ នេះបើតាមការអះអាងរបស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។
ទីកន្លែងកើតហេតុ ស្ថិតនៅចំងាយប្រមាណ ៥គីឡូម៉ែត្រ ពីអាគារនៃជំនួបកំពូលអាស៊ាន លើកទី៣០ ដែលត្រូវបានរៀបចំធ្វើ នៅឆ្នាំនេះ ក្នុងវេនរបស់ប្រទេសហ្វីលីពីន ដោយមានការចូលរួម ពីប្រមុខរដ្ឋាភិបាលអាស៊ាន ទាំង១០ប្រទេស ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរូបផង។
អាជ្ញាធរនៃប្រទេសហ្វីលីពីន បានច្រានចោល ការជាប់ទាក់ទងពីការបំផ្ទុះគ្រាប់បែកនេះ ទៅនឹងកិច្ចប្រជុំអាស៊ាន ហើយថាកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅចាប់ជនបង្ក។
ចំនួនជនរងរបួស ទាំង១៤នាក់នេះ ត្រូវបានឲ្យដឹងនៅថ្ងៃសៅរ៍ [...]