ស៊ុយអែតព្រមានពិចារណាឡើងវិញ ពីទំនាក់ទំនងជាមួយកម្ពុជា បើរំលាយ CNRP
ព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា បានបង្កការព្រួយបារម្ភខ្លាំងក្លា សម្រាប់បណ្ដាប្រទេសជាច្រើន ក្នុងសហភាពអ៊ឹរ៉ុប ដែលជាលំហរទីផ្សារនាំចេញ ធំជាងគេ របស់កម្ពុជា។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី បានបង្ហាញជំហររបស់ផងខ្លួនរួចហើយ។ ប៉ុន្តែនៅថ្ងៃនេះ ប្រទេសស៊ុយអែតបានបញ្ចេញសម្លេងខ្លាំងៗបន្ថែមទៀត តាមរយៈមន្ត្រីការទូតរបស់របស់ខ្លួន ថានឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាជារដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សកាន់អំណាច។
អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) អគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេសស៊ុយអ៊ែត បានលើកឡើងពីជំហរខាងលើនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងនិវេសនដ្ឋាន [...]