ជូង ជូងី៖ «យើងនិយាយពីបរិបទជាក់ស្តែង ថាមិនត្រូវ»
លោក ជូង ជូងី មេធាវីការពារក្ដី ឲ្យសកម្មជនរបស់ គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា ហាក់បង្ហាញនូវចម្ងល់ និងភាពគ្មានជំនឿ លើសំណុំរឿងក្ដី ដែលលោកកំពុងកាន់នេះ បើទោះមានភស្តុតាងដោះបន្ទុក យ៉ាងច្រើនក៏ដោយ។ មេធាវីរូបនេះ បានត្រឹមតែនិយាយ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «និយាយពីបរិបទជាក់ស្តែង យើងពិបាកព្យាករណ៍។ (...) យើងនិយាយពីបរិបទជាក់ស្តែង ថាមិនត្រូវ។»
កាលពីរសៀលថ្ងៃទី១៩ ខែឧសភានេះ ក្នុងចំណោមកូនក្តី របស់លោក ចំនួនប្រាំនាក់ មានតែពីនាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការ ធ្វើការសាកសួរ។ ឯបីនាក់ផ្សេងទៀត រួមទាំបលោក មាជ សុវណ្ណរ៉ា ផង ត្រូវបានលើកពេល សវនាការទៅថ្ងៃទី២៦ ខែឧសភាវិញ។ នេះបើតាមការអះអាង របស់លោកមេធាវី នៅខាងមុខសាលាដំបូង រាជធានីភ្នំពេញ។ ប៉ុន្តែបើតាមការគ្រោង របស់សាលាដំបូងរាជធានីភ្នំពេញ សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១១ នាក់ ត្រូវបានកោះហៅ នៅក្នុងថ្ងៃតែមួយ ដើម្បីធ្វើការសាកសួរបន្ថែម [...]