
ច្រៀងយកពស់វែកមកបង្ហាញឫទ្ធិ ដល់ពេលពស់ចិក... ស្អែកស្លាប់
អ៊ីម៉ា ប៊ូឡេ (Irma Bule) ស្ត្រីអ្នកចម្រៀងអាយុ២៩ឆ្នាំ ជាតិឥណ្ឌូនេស៊ីមួយរូប បានចូលរួមការប្រគុំតន្ត្រីមួយ ដែលរៀបចំឡើង នៅក្រុង «Karawang» ស្ថិតនៅខាងកើតរដ្ឋធានី ចាការតា កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនាងបានច្រៀនចម្រៀងទីពីរ ពស់វែកមួយក្បាល ដែលនាងយកទៅសម្ដែងជាមួយ បានងាកមកចិកកំភួនជើងរបស់នាង។ ប៉ុន្តែស្ត្រីអ្នកចម្រៀងអាជីពរូបនេះ បាននៅបន្តសម្ដែង និងនៅលើឆាក រហូត៤៥នាទីទៀត ទើបបានចូលទៅក្រោយឆាក។
នៅទីនោះ នាង ប៊ូឡេ បាននៅនិយាយលេងជាមួយ នឹងមនុស្សម្នាជុំវិញបានជាច្រើនម៉ាត់ទៀត មុននឹងនាងដួលចុះ។ នាងត្រូវបានដឹក ទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែការសង្គ្រោះជនរងគ្រោះ ដែលបណ្ដាលមកពីពស់ចិក ដែលទុករហូតដល់ជាតិពិស ជ្រាបចូលទៅដល់ប្រព័ន្ធប្រសាទហើយនោះ ពិតជាមិនអាចទៅរួចឡើយ។ នាងបានលាចាកលោក នៅព្រឹកថ្ងៃចន្ទស្អែកឡើង។
ពស់វែកដែលចិក នាង អ៊ីម៉ា ប៊ូឡេ ជាប្រភេទពស់ដែលមានពិសដ៏សាហាវបំផុត។ [...]