ហ៊ុន សែន ថាលោកដឹកនាំតាមបែប«រដ្ឋាភិបាលអេឡិចត្រូនិក»
នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអួតអាង នៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមិថុនានេះ ពីរបៀបដឹកនាំប្រទេសរបស់លោក ដែលលោកហៅថា ជារបៀបដឹកនាំ តាមបែប«រដ្ឋាភិបាលអេឡិចត្រូនិក» ហៅតាមភាសាអង់គ្លេស «E-Government»។ បើស្ដាប់មួយភ្លែត ហាក់ដូចជាសម្បើមបន្តិច តែលោក ហ៊ុន សែន គួរពន្យល់ឲ្យគេឯងដឹងផងថា តើ«រដ្ឋាភិបាលអេឡិចត្រូនិក»នេះ មានលក្ខណៈរបៀបម៉េច និងថាតើ វាមានដំណើរការ តាមតែរយៈហ្វេសប៊ុករបស់លោក ឬយ៉ាងណា។
ថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារមួយ នៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល លោក ហ៊ុន សែន បានសំដែងក្ដីសោមនស្សរបស់លោក ជុំវិញទំនាក់ទំនងរវាងលោក និងបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោក។ លោកនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមអះអាងថា៖ «តាំងពីខ្ញុំលេងហ្វេសប៊ុកមក ទទួលសំណូមពរពីគ្រប់ទិស ហើយស្ដាប់បានរឿង រួចហើយពិចារណាយល់ និងដោះស្រាយ»។
[...]