បាល់ទាត់ពិភពលោក៖ ស្វីសឈ្នះស៊ែរប៊ី ដោយសារកីឡាករមកពីកូសូវ៉ូ
ក្រុមជម្រើសជាតិ ស៊ែរប៊ី ដែលរកបានគ្រាប់បាល់ តាំងពីនាទីទី ៥ ដោយខ្សែប្រយុទ្ធស៊ែរប៊ីអាយុ ២៣ឆ្នាំ កីឡាករ «Mitrovic» នោះ បានគ្រប់គ្រងសាច់បាល់ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង បើទោះជាក្រុមស្វីស បានខិតខំទប់ និងវាយបកត្រឡប់វិញម្ដងម្កាលក៏ដោយ។ ប៉ុន្តែ នៅពេលត្រឡប់ចូល មកវគ្គពាក់កណ្ដាលម៉ោងទីពីរវិញ ស្ថានភាពដាក់ក្រឡាទាត់ របស់ក្រុមស្វីស បានផ្លាស់ប្ដូរ ហើយលទ្ធផលនៃការប្រកួត ក៏បានផ្លាស់ប្ដូរដែរ។
នៅក្នុងការប្រកួត នាជុំដំបូង ក្រុមទាំងពីរ សុទ្ធតែបានបង្ហាញ ពីកម្លាំងប្រកួតបានល្អដូចគ្នា (ក្រុម ស្វីស បានប្រកួតស្មើក្រុម ប្រេស៊ីល ១-១ ខណៈក្រុម ស៊ែរប៊ី បានប្រកួតឈ្នះក្រុម កូស្ដារីកា ១-០) ដូច្នេះហើយ ការប្រកួតជុំទីពីរនេះ ក្រុមទាំងពីរនៅតែមានការការពារ និងការប្រយុទ្ធ ដែលពោរពេញដោយសក្ដានុពលដដែល និងប្រហាក់ប្រហែលគ្នា។ តែអ្វីដែលខុសគ្នា គឺក្រឡាទាត់ និងសន្ទុះ នៃការវាយលុក។ ចំណុចនេះហើយ ដែលក្រុមស៊ែរប៊ី បានឆ្លៀតឱកាស [...]