នាយករដ្ឋមន្ត្រីអូស្ត្រាលីរំលឹក ហ៊ុន សែន ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
បន្ទាប់ពីជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរសៀលថ្ងៃទី១៦ ខែមីនារួច សមភាគីអូស្ត្រាលី លោក ម៉ាលកូម ធើនប៊ូល (Malcolm Turnbull) បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកបានយកឱកាសនៃកិច្ចប្រជុំនោះ ដើម្បីសំដែងអំពីក្ដីកង្វល់របស់លោក ពីលទ្ធិប្រជាធិបតេយ្យ និងពីរបាយការណ៍ស្ដីពីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។
លោក ធើនប៊ូល ត្រូវបានសារព័ត៌មាន ក្នុងប្រទេសអូស្ត្រាលីដកស្រង់សំដី យកមកសរសេរ ក្រោយជំនួបជាមួយលោក ហ៊ុន សែន ថា៖ «យើងចាប់ដៃជាមួយអាស៊ាន ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់។ យើងគោរពគំរូ នៃកិច្ចព្រមព្រៀង ដែលឈរលើមូលដ្ឋានគ្រឹះមួយ ហើយយើងនឹងជជែកគ្នា អំពីបញ្ហា ដែលកើតមានទាំងអស់។»។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានលើកឡើង ពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតជាតិ នៅកម្ពុជានាពេលខាងមុខ ដោយមិនបានភ្លេចគូសបញ្ជាក់ ពីចំណងទាក់ទងផ្នែកពាណិជ្ជកម្ម [...]