ទិវា៨មិនា នៅសាកលវិទ្យាល័យស្វាយរៀង និយាយពីការលុបបំបាត់អំពើហិង្សា
ជាមួយនឹងការចូលរួម របស់និស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប្រមាណជាង២០០នាក់ សាកលវិទ្យាល័យស្វាយរៀង បានប្រារព្ធទិវាសិទ្ធនារី អន្តរជាតិ ៨មិនា នៅថ្ងៃទី០៧ ខែមិនាឆ្នាំ២០១៥ ដោយផ្តោតសំខាន់ទៅលើ ការលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ។កម្មវិធី ដែលចាប់ផ្ដើម ពីម៉ោង៩ព្រឹក និងបិទបញ្ជប់នៅម៉ោង១១និង៣០នាទី នេះ ក៏មានការប្រកួតប្រជែង សួរឆ្លើយទាក់ទងនឹងសិទ្ធិស្ត្រី ចូលរួមដោយនិស្សិត១២ក្រុម ដើម្បីទទួលរង្វាន់អនុស្សាវរីយ៍ នៅថ្ងៃដ៏វិសេសវិសាលរបស់ស្ត្រីនេះដែរ។
សាកលវិទ្យាធិការលោក គង់ សារ៉ាវុទ្ធ បានថ្លែងឲ្យដឹង ពីការដឹងគុណ និងភាពវិសេសវិសាល របស់ស្រ្តីក្នុងលោក ដែលមានចំណុច ដែលបុរសមិនអាចធ្វើបាន តែនាងអាចធ្វើបាន។ ក្នុងនោះ លោកបានពន្យល់ណែនាំគរុនិស្សិត ដែលនឹងត្រូវចេញទៅបង្រៀន នៅតាមមូលដ្ឋាន នាថ្ងៃអនាគត ឲ្យផ្តោតទៅលើបញ្ហាស្រ្តី ជាពិសេសឲ្យរូបភាពទាំងនេះ ស្តែងចេញតាមរយៈការអប់រំ។
[...]