រឿងសន្តិសុខវាយអ្នកកាសែតរហូតបាក់ឆ្អឹងថ្គាម ដល់ណាហើយ?
ក្នុងប៉ុន្មានថ្ងៃនេះ តុលាការសាលាដំបូង រាជធានីភ្នំពេញ បានអនុវត្តនីតិវិធីរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព ដោយបានចេញដីការឲ្យចាប់ខ្លួន និងដាក់ឃុំ មនុស្សជាបន្តបន្ទាប់ (យ៉ាងហោច១៤នាក់) ដោយបានចោទមនុស្សទាំងនោះ ថាមានជាប់ពាក់ព័ន្ធ នឹងអំពើហិង្សា ធ្វើទៅលើកងសន្ដិសុខ កាលពីថ្ងៃទី១៥ ខេកក្កដា ឆ្នាំ២០១៤ កន្លងទៅ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។
ដោយឡែក ពាក្យបណ្តឹងមួយ ដែលអ្នកសារព័ត៌មាន នៃវិទ្យុសម្លេងប្រជាធិបតេយ្យ បានប្តឹងក្រុមសន្តិសុខទាំងនោះ ទៅកាន់សាលាដំបូងរាជធានី មកទល់នឹងពេលនេះ នៅមិនទាន់ឃើញខាងតុលាការ មានចំណាត់ការនៅឡើយ។ លោក ឃួន ឌីណា (Dyna Khuon) ដែលប្រកាសខ្លួន ថាជាបុគ្គលិកម្នាក់ (ឬអាចមានឈ្មោះលើបណ្ដាញសង្គម ខុសពីឈ្មោះពិត) ប្រចាំនៅវិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា VOD បានបង្ហាញនូវចម្ងល់របស់ខ្លួន ដោយបានចោទសួរ ទៅកាន់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ [...]