
ភេរវកម្មនៅប៊ែរឡាំង៖ ISIS ទម្លាយវីដេអូស្បថ របស់ជនសង្ស័យ
ទីភ្នាក់ងារ «Amaq» ដែលជាឧបករណ៍ឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានបង្ហោះនៅល្ងាចថ្ងៃសុក្រនេះ បង្ហាញពីជនសង្ស័យជាតិទួនេស៊ី អាយុ២៤ឆ្នាំ ដែលទើបនឹងត្រូវនគរបាលអ៊ីតាលី បាញ់សម្លាប់កាលពីព្រឹកព្រហាម ថ្ងៃដដែលនេះ។
ក្នុងវីដេអូនោះ (ដាក់ជូនខាងក្រោម) ជនសង្ស័យឈ្មោះ អានីស អាមរី (Anis Amri) បានធ្វើការស្បថស្បែ បម្រើប្រមុខដឹកនាំអង្គការភេរវនិយម ឈ្មោះ អាប៊ូ បាក្រ៍ អាល់បាដាឌី (Abou Bakr al-Baghdadi) យ៉ាងស្មោះស្ម័គ្រ និងដោយឥតងាករេ។ ជនសង្ស័យ ដែលពាក់អាវរងារ ឈរថតវីដេអូនេះ នៅលើស្ពានមួយ បានថ្លែងឡើងថា ខ្លួនមានបំណងចង់សងសឹក ឲ្យបណ្ដាជនម៉ូស្លីមទាំងឡាយ ដែលបានរងគ្រោះ ព្រោះការវាយប្រហារ តាមផ្លូវអាកាស ពីសំណាក់ក្រុមសម្ព័ន្ធមិត្ត «ឈើឆ្កាង (និមិត្តសញ្ញារបស់សាសនាគ្រឹស្ទ៍)»។