ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន
យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ រវាង បារ៉ាក់ អូបាម៉ា និង ម៉ាត៍ រ៉ូមណី កំពុងត្រូវបានពង្រឹងរៀងៗខ្លួន
នៅសល់ប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកាំងនឹងឈានមកដល់ ហើយ យុទ្ធនាការឃោសនាកំពុងបន្ដឹងសសៃករដាក់គ្នាទាំងសងខាង ហាក់ដូចជាបាននឹងកំពុងបំបែកទស្សនៈនយោបាយ ទូទៅ ក្នុងស្រទាប់ពលរដ្ឋអាមេរិកាំងអ្នកទៅបោះឆ្នោត។ ក្រោយពីការដើរចេញរបស់គូប្រជែងក្នុងគណបក្សតែមួយ គឺលោក រីគ សាន់តូរូម និងបន្ទាប់ពីត្រូវបាន ជ្រើសរើសជាផ្លូវការដោយគណបក្សរបស់គាត់រួចមក លោក ម៉ាត៍ រ៉ូមណី ត្រូវទទួលបន្ទុក ត្រួសត្រាយដងផ្លូវមួយ ដែលជារូបភាពនយោបាយរបស់ពួកអ្នកសាធារណរដ្ឋ សំរាប់ការបោះឆ្នោតប្រធានាធិបតី ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី៦វិច្ឆិការ ឆ្នាំ២០១២ នាពេលខាងមុខនេះ។