ចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថម្នាក់ ព្រោះ«តមាត់»ជាមួយអភិបាលរងខណ្ឌ
«លំអៀងខ្លាំងណាស់ ឲ្យរៀបតែខាងនេះ ខាងនោះមិនឲ្យរៀបផង» ទាំងនេះជាសម្តី របស់មន្រ្តីកងរាជអវុធហត្ថ លើផ្ទៃប្រទេសម្នាក់ ឈ្មោះ អ៊ឹម សារ៉េត រស់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារសណ្តាប់ធ្នាប់ ខណ្ឌទួលគោក ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៨ និង២០នាទីព្រឹក។ នេះជាហេតុការណ៍ថ្មីមួយទៀត បង្កឲ្យមានការរអៀសចិត្ត ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជារបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក សម្រាប់ក្រសែភ្នែកអាជីវករជាច្រើន នៅក្នុងផ្សារដើមគ។
លោក អ៊ឹម សារ៉េត មន្ត្រីកងរាជអាវុធហត្ថ ដែលជាស្វាមីអាជីវកមួយរូប នៅផ្សារដើមគនោះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី០៥ ខែមិនានេះថា នៅព្រឹកនោះ គេបានចាប់លោកដាក់ឡាន បញ្ជូនទៅខណ្ឌ និងបន្ទាប់មក បានដោះលែងវិញ កាលពីពេលថ្មីៗនេះ។ លោកថា គាត់ជាអ្នកធ្វើការដែរ តែលំអៀងស្តាប់តែម្ខាង យកផលប្រយោជន៍ឲ្យម្ខាង [...]